ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ កំពុង​តែ​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​បង្កើត​ច្រក​របៀង​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង ​២ ​លេច​ចេញ​ជា​រូប​រាង​នា​ពេល​ឆាប់ៗ​ខាង​មុខស្រប​ពេល​ស្ថានភាព​ជំងឺ​កូវីដ ១៩ ​នៅ​ក្នុង​ប្រទេស​ទាំង​ ២ នេះ ​ហាក់​បី​ដូច​ជា​នៅ​ថេរ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​​ប្រទេស​ទាំង ​២ ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​កាល​ពី​ថ្ងៃ​ចន្ទ។


លោក Saifuddin Abdullah រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ រយៈពេល ៤ ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៧ មក។

លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​​ បាន​លើកឡើង​ថា ដោយសារ​តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ការ​កើន​ឡើង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩ ទើប​ការ​បង្កើត​ច្រក​របៀង​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ ២ ​សម្រាប់​ធុរជនមានភាព​សំខាន់​​ចាំបាច់​ណាស់។


បន្ថែម​ពី​លើ​នេះ​ទៀត កិច្ចព្រមព្រៀង​រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​នឹង​ជួយ​បំពេញ​បន្ថែម​ដល់​ក្របខ័ណ្ឌ​នៃ​ការ​រៀបចំ​ច្រក​របៀង​ធ្វើ​ដំណើរ​របស់​អាស៊ាន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោកស្រី។


លោក Abdullah បាន​បញ្ជាក់​ថា ច្រក​របៀង​ធ្វើ​ដំណើរ​នេះ​អាច​នឹង​ធ្វើ​ឡើង​ជា​ដំណាក់កាល​ៗដោយ​ដំណាក់កាល​ដំបូងៗ​ធ្វើ​ឡើង​សម្រាប់​ការ​ធ្វើ​ដំណើរ​ចាំ​បាច់​នានា​ដូច​ជាដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ជា​ដើម។ បន្ត​មក​ទៀត​ការ​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​នឹង​ធ្វើ​ឡើង​បន្តិច​ម្ដងៗ​ពី​បើក​ឱ្យ​ដើរ​នៅ​ចំណុច​កំណត់​ណា​មួយរហូត​ដល់​ការ​បើក​ទាំង​ស្រុង​សម្រាប់​វិស័យ​ផ្សេងៗ​ទៀត​ដូច​ជាវិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍ជាដើម។


លើស​ពី​នេះ​ទៀត ប្រទេស​ទាំង ​២ ​ក៏​កំពុង​តែ​ត្រៀម​ក្នុង​ការ​ទទួល​ស្គាល់​បណ្ណ​ចាក់​វ៉ាក់សាំង​របស់គ្នា​ទៅ​វិញ​ទៅ​មក​ទៀតផង​៕

ហ៊ីម រដ្ឋា