មន្រ្តី​ក្នុង​តំបន់​ឥណ្ឌា​បាននិយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់ ​​២៦ នាក់ ត្រូវ​​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ និង​ការ​រអិល​បាក់​ដី​នៅ​រដ្ឋ​ Kerala​ ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​បណ្តាល​ឱ្យ​ទឹក​ទន្លេ​ហូរ​កាត់​ផ្តាច់​ទី​ក្រុង​ និង​ភូមិ​កាល​ពី​ចុង​សប្ដាហ៍​មុន​។​


​មានក្មេង​ ៥ នាក់​ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ ហើយ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​​បន្ថែម​ទៀត​ដោយ​សារ​មនុស្ស​ជា​ច្រើន​កំពុង​បាត់​ខ្លួន​ ខណៈ​ផ្ទះ​ជា​ច្រើន​ខ្នង​ក្នុង​ស្រុក​ Kottayam ដែល​មាន​មនុស្ស​ជាប់​នៅ​ក្នុង​នោះ ត្រូវ​បាន​ទឹក​អូស​នាំ​យក​​ទៅ​បាត់។ ​ស្រុក ​Kottayam ​និង ​Idukki ​គឺ​ជា​ស្រុក ​២ ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​បណ្តាល​ឱ្យ​មាន​ការ​រអិល​បាក់​ដី​​​។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ ហើយ​ជំរំ​ជួយ​សង្គ្រោះ​ចំនួន​ ១៨៤ កន្លែង​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូទាំង​រដ្ឋ​ Kerala ​ដែល​មាន​មនុស្ស​ជាង​ ៨ ០០០​ នាក់ ​កំពុង​ត្រូវ​បាន​ផ្តល់​អាហារ​ ទី​ជម្រក​ និង​សម្លៀក​បំពាក់​។​ រដ្ឋាភិបាល​ឥណ្ឌា​ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អ្នក​ដែល​​បាត់​បង់​ផ្ទះ​សំបែង ​និង​ផលដំ​ណាំ​ផង​ដែរ​។​


កាល​ពី​ថ្ងៃ​ច័ន្ទ​ ទំនប់​វារី​អគ្គិសនី​មួយ​ចំនួន​នៅ​ទូទាំង​រដ្ឋ​ Kerala ​ត្រូវ​បាន​បើក​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​​នៃ​ទឹក​ជោរ​ជន់​។​ ​នៅ​ឆ្នាំ​ ២០១៨ ​មនុស្ស​ជិត​ ៥០០ ​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ Kerala ​នៅ​ពេល​​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​​វាយ​ប្រហារ​រដ្ឋ​​នេះ​។​​ កាល​នោះ​ មាន​ភាព​ចម្រូង​ចម្រាស​ជាច្រើន​ជុំ​វិញ​ការ​ពិត​ដែល​ថា​ ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​បើក​ដោយ​គ្មាន​ការ​ព្រមាន​ដល់​ប្រជាជន​ដែល​រស់​នៅ​តំបន់​ទំនាប​ខាង​ក្រោម​។​


​នាយក​ដ្ឋាន​ឧតុនិយម​ឥណ្ឌា​​និយាយ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ជោក​ជាំ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ​បណ្តាល​មក​ពី​តំបន់​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រ​​អារ៉ាប់​​​ភាគ​អាគ្នេយ៍ ​និង​រដ្ឋ​ Kerala ​ហើយ​ថយ​ចុះ​មក​វិញ​នៅ​ថ្ងៃ​ចន្ទ​។​ ការិយាល័យ​អាកាស​ធាតុ​​និយាយ​ថា ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ​រដ្ឋ​មួយ​ចំនួន​រួម​ទាំង​តំបន់​ហិមាល័យ​នៃ​រដ្ឋ​ Uttarakhand ​និង​រដ្ឋ​ Himachal​ Pradesh ផង​​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ដល់ជោកជាំ​​​ក្នុង​រយៈពេ​ល​ ២​ ទៅ ៣ ​ថ្ងៃ​ខាង​មុខ​នេះ​៕


​ហួន ​​ឌីណា​