​ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រី​ការ​បរ​​ទេស​ចិន​បានលើកឡើង​កាលពី​ថ្ងៃ​សុក្រ​ថា តៃវ៉ាន់​មិនមាន​សិទ្ធិ​អ្វីមួយ​នៅក្នុង​ច្បាប់​អន្តរជាតិ​ឡើយ ព្រោះ​ខ្លួន​នៅតែ​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​។​

​ថ្លែង​ពី​ទីក្រុង​រ៉ូម ​អំឡុង​ពេលដែល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​ ២០ ឬ​ហៅ​កាត់​ថា G-20 លោក​ វ៉ាង បាន​និយាយថា​៖ «​មាន​ប្រទេស​ចិន ​តែមួយ​ប៉ុណ្ណោះ​លើ​ពិភពលោក​។ រដ្ឋា​ភិ​បាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​ ១​ គត់ ដែល​តំណាងឱ្យ​ចិន​ទាំង​មូល ហើយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ចិន​»​។​

​សមាជិក​នៃ​ការិយាល័យ​ន​យោ​​បាយ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​រូបនេះ ​បាន​សង្កត់ធ្ងន់ថា ប្រជាជន ​១,៤ ​ពាន់​លាន​នាក់​របស់​ចិន ​កំពុងតែ​ខិតខំ​ជំ​រុញឱ្យ​ចិនដីគោក និង​កោះ​តៃវ៉ាន់​រួបរួមគ្នា​ឡើងវិញ​។​


«​តៃវ៉ាន់​គ្មាន​អនាគត​នោះឡើយ​ ប្រសិនបើ​មិន​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​។ ក្រៅពី​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន តៃវ៉ាន់​មិនមាន​សិទ្ធិ​អ្វី​នៅក្នុង​ច្បាប់​អន្តរជាតិ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​បន្ត​របស់លោក​ វ៉ាង​។​

​ការលើកឡើង​ដូច្នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក អាន​តូ​នី ប្លី​ន​កែន (Anthony Blinken) គូសបញ្ជាក់​ពី​គោល​​ជំហរ​របស់​អាមេរិក​ក្នុងការ​ចង់ឃើញ​ឱ្យ​តៃវ៉ាន់ «​ចូលរួម​ដោយមាន​ន័យ​» នៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​។​


​លោក​បាន​លើកឡើងថា​៖ «​ការ​ចូលរួម​ដ៏​មានន័យ​របស់​តៃវ៉ាន់​នៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​មិនមែនជា​រឿង​នយោបាយ​នោះទេ តែ​ជា​រឿង​ជាក់ស្ដែង​មួយ​»​។ លោក​បាន​បន្ថែមថា «​ការរារាំង​មិនឱ្យ​តៃវ៉ាន់​ចូលរួម​ធ្វើឱ្យ​ខូចការ​សំខាន់ៗ​របស់​អង្គការសហប្រជាជាតិ និង​អង្គភាព​ចំណុះ​របស់ខ្លួន​»​។​

​សហរដ្ឋអាមេរិក​លើក​ទឹកចិត្ត​ឱ្យ​សមាជិក​អង្គការ​កំពូល​ពិភព​​លោក​មួយ​នេះ​ចូលរួម​ជាមួយ​ខ្លួន ដើម្បី​គាំទ្រ​ការចូលរួម​ដោយមាន​ន័យ​របស់​តៃវ៉ាន់​នៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ​និង​សហគមន៍​អន្តរជាតិ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ​ប្លី​ន​កែន​។​

​លោក​បាន​សង្កត់ធ្ងន់ថា រាល់​ការចូលរួម​នៅ​ឆាក​អន្តរជាតិ​របស់​តៃវ៉ាន់​ត្រូវតែ​ស្របតាម «​គោល​​នយោបាយ ចិន​តែ​ ១»​ របស់​អាមេរិក​ដែល​តម្រង់ទិស​ដោយ​ច្បាប់​ស្ដីពី​ទំនាក់ទំនង​តៃវ៉ាន់​សេចក្ដីថ្លែងការណ៍​រួម​ចំនួន ​៣ និង​ការធានា​ចំនួន ​៦ ​ចំណុច​»​។​

​តាមពិតទៅ​គោលនយោបាយ «​ចិន​តែ​ ១» របស់​អាមេរិក​នៅតែមាន​ភាពស្មុគស្មាញ​ណាស់​ដោយ​សារ​តែ​គោលជំហរ​របស់​ប្រទេស​នេះ ​មាន​ភាព​ផ្លាស់ប្ដូរ​ទៅតាម​កាលៈទេសៈ​។ ជាគោលការណ៍​អាមេរិក​មិន​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​នោះទេ​ ប្រសិនបើ​ផ្អែក​គោលនយោបាយ​នេះ​ តែ​អាមេរិក​មាន​សិទ្ធិ​ការពារ​តៃវ៉ាន់​តាមរយៈ​ការលក់​អាវុធ ហើយ​ក៏មាន​ទំនាក់ទំនង​ផ្នែក​ផ្សេងៗ​ជាមួយគ្នា​លើកលែងតែ​ទទួល​-​ស្គាល់​ជា​រដ្ឋ​មួយ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក វ៉ាង យី បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា សហរដ្ឋ​​អាមេរិក​កំពុងតែ​លេបសម្ដី​របស់ខ្លួន​ហើយ អំឡុង​ពេលដែល​ខ្លួន​បាន​សច្ចា​នៅពេល​បង្កើត​ទំនាក់​ទំនង​ជាមួយ​ចិនប្រជាមានិត​កាលពី​ ៥០ ​ឆ្នាំមុន​។​

«​សកម្មភាព [​របស់​អាមេរិក​] រំលោភ​លើ​ការប្ដេជ្ញាចិត្ត​ន​យោ​បាយ​របស់​ពួកគេ​នៅពេលដែល​ពួកគេ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​»​។ ​នេះ​ជាការ​ចុះផ្សាយ​របស់​ក្រសួងការបរទេស​ចិន​។​

​ប្រភព​ខាងលើ​បាន​បន្តថា អាមេរិកកំពុងតែ​មើលរំលង​ឆន្ទៈ​របស់​ប្រទេស​ភាគច្រើន​ដែល​គាំទ្រ​ដល់​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​លេខ ​២៧៥៨​។ ការមើល​រំលង​នេះ​ជាការ​មើលស្រាល​ដល់​ធម្ម​នុ​ញ្ញ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​។ ​នេះ​បើតាម​ការបន្ថែម​របស់​ខាង​ចិន​។​

​តាមពិតទៅ​តៃវ៉ាន់ ឬ​សា​ធារ​ណ​រដ្ឋ​ចិន​ធ្លាប់​កាន់កាប់​កៅអី​នៅ​ស្ថាប័ន​ពិភពលោក​នេះ​ ចាប់​តាំង​​ពី​អង្គការ​នេះ ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ ​១៩៤៥ រហូតដល់​ឆ្នាំ ​១៩៧១ ​នៅពេលដែល​មហា​​សន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេច​លេខ​ ២៧៥៨ ​ដែលជា​សេចក្ដីសម្រេច​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា «​តំណាង​ស្របច្បាប់​របស់​ចិន​នៅក្នុង​ឆាក​អង្គការ​សហ​ប្រជា​​ជាតិ​» និង​ដកចេញ​នូវ «​តំណាង​របស់លោក​ចៀង​កាយ​ចៀក​» ដែលជា​មេដឹកនាំ​តៃវ៉ាន់​នៅ​កាលនោះ​។​

​សេចក្ដីសម្រេច​នោះ ត្រូវបាន​ចូល​ជា​ធរមាន​ជាមួយនឹង​សំឡេងគាំទ្រ​ ៧៦ មិន​គាំទ្រ ​៣៥ និង​អនុ​​ប្ប​វាទ​ចំនួន ១៧ ​សំឡេង​។ ​ចំ​ណោម​សំឡេងគាំទ្រ​ទាំងនោះ​ក៏មាន​សហរដ្ឋអាមេរិក​ផងដែរ​ខណៈ​នៅពេល​អាមេរិក​កំពុងតែ​ចាប់​​ផ្ដើម​បង្កើត​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ធានី​ប៉េកាំង ស្របពេល​ដែល​ចិន និង​សូ​វៀត​មាន​ភាព​ប្រេះឆា​នឹង​គ្នា​៕

​ហ៊ីម រដ្ឋា​

វីដេអូ៖