កាល​ពី​ថ្ងៃ​អង្គារ​ ទី ​៩ វិច្ឆិកា​ ទីភ្នាក់ងារ​ស៊ើប​អង្កេត​មួយ​របស់​រដ្ឋាភិបាល​អាមេរិកបាន​រាយការណ៍​ថា ​យ៉ាង​ហោច​ណាស់​មាន​​បុគ្គល​ចំនួន​​ ១៣ នាក់ ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ​បាន​បំពាន​ច្បាប់​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​មុខ​ងារ​សាធារណៈ​ចូល​រួម​ក្នុង​យុទ្ធនាការ​នយោបាយ​ ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា ​បាន​បង្កើត «ឧបករណ៍​យុទ្ធនាការ​ដែល​ផ្ដល់​មូលនិធិ​ដោយ​អ្នក​បង់​ពន្ធ» នៅ​ក្នុង​សេតវិមាន​។

ក្នុង​របាយការណ៍​កម្រាស់​​ ៦៥ ទំព័រ ចេញ​ដោយ​ខុទ្ទកាល័យ​រដ្ឋអាជ្ញា​ពិសេស​អាមេរិក​ (OSC) បាន​លើក​ឡើង​ឧទាហរណ៍​​ករណី​មួយ​ចំនួន​ដែល​ទីប្រឹក្សា​របស់​លោក ​ត្រាំ​ ​បាន​ប្រើប្រាស់​អាជ្ញាធរ​របស់​ពួកគេ​ជា​មន្ត្រី​មុខ​ងារ​សាធារណៈ​ ដើម្បី​ជួយ​គាំទ្រ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​ ២០២០ របស់​លោក​។ មន្ត្រី​ទាំង​នេះ​រួមមាន​អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក ​ម៉ៃ ប៉ុមប៉េអូ កូនប្រសា​របស់​លោក ​ត្រាំ​ គឺ​លោក​ យ៉ារេធ ឃូស្នើរ​ និង​ទីប្រឹក្សា​ជាន់​ខ្ពស់​លោក​ស្រី ​ខេលីអេន ខុនវ៉េ​។

របាយការណ៍​នេះ​ បាន​សន្និដ្ឋាន​ថា ​មន្ត្រី​រដ្ឋបាល​លោក​ត្រាំ​មួយ​ចំនួន​នេះ​ បាន​ព្យាយាម​ប្រើប្រាស់​អំណាច​ប្រតិបត្តិ​ដែល​ពួកគេ​មាន​ ដើម្បី​ជួយ​ឱ្យ​លោក​ត្រាំ​ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត​ ហើយ​បាន​ព្យាយាម​កាត់​បន្ថយ​អំណាច​ស៊ើប​អង្កេត​របស់​ OSC​។


ខុទ្ទកាល័យ​រដ្ឋអាជ្ញា​ពិសេស​អាមេរិក OSC លើកឡើង​​ការ​ដាក់​វិន័យ​គឺ​ «មិន​អាច​ទៅ​រួច​» ទេ ដោយ​សារ​មន្ត្រី​រដ្ឋបាល​លោក​ ត្រាំ​ បាន​លាលែង​​ពី​តំណែង​រួច​ទៅ​ហើយ ប៉ុន្តែ​​​និយាយ​ថា ​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ​ គឺ​ដើម្បីបង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​ ហើយ​ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​នៅ​ពេល​អនាគត​។​

យ៉ាង​ណា​មិញ OSC គឺ​ជា​ភ្នាក់​ងារ​អធិការកិច្ច​ឯករាជ្យ​មួយ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភ​ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​សកម្មភាព​នយោបាយ​គ្រោះ​ថ្នាក់ ដែល​ច្បាប់​នេះ​ បាន​ហាមឃាត់​មិន​ឱ្យ​មន្ត្រី​មុខ​ងារ​សាធារណៈ​ទាំង​អស់​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ ដោយមាន​ករណី​​លើកលែង​ចំពោះ​តែ​ប្រធានាធិបតី​ និង​អនុ​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ​។ របាយការណ៍​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ចាប់​ផ្ដើម​បន្ទាប់​ពី​លោក​ត្រាំ​សម្រេច​ចិត្ត​​រៀប​ចំ​មហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ​នៅ​សេតវិមាន​៕