ប្រធានាធិបតីចិនលោក ស៊ី ជីនភីង និងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងជួបគ្នាទ្វេភាគីតាមប្រព័ន្ធវីដេអូជាលើកដំបូងនៅថ្ងៃអង្គារនេះ បើគិតតាមម៉ោងនៅប្រទេសចិន ឬនៅល្ងាចថ្ងៃចន្ទ បើគិតតាមម៉ោងសហរដ្ឋអាមេរិក។
តាមពិតទៅប្រធានាធិបតីនៃមហាអំណាចទាំង ២ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទ ២ លើកមកហើយ ដោយលើកទី១ នៅខែកុម្ភៈ និងលើកទី២ នៅខែកញ្ញា។ ជាមួយគ្នានេះដែរគេក៏សង្កេតវត្តមានមេដឹកនាំទាំង ២ នៅកញ្ចក់ទូរទស្សន៍កិច្ចប្រជុំពហុភាគីនានាដែរដូចជាក្នុងកិច្ចប្រជុំនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)ជាដើម។
លោក ស៊ី ធ្លាប់តែមានកាលវិភាគទៅទស្សនកិច្ចនៅក្រៅប្រទេសញឹកញាប់ កាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ តែបន្ទាប់ពីកូវីដផ្ទុះមកលោកខានចេញពីស្រុកចិនជាង ២ ឆ្នាំមកហើយ។ ចំណែកឯលោក ចូ បៃដិន វិញតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមកលោកបានហោះហើរទៅកាន់អឺរ៉ុបហាក់បីដូចជាញឹកញាប់ក្នុងគោលបំណងរឹតចំណងស្មារតីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
ដើមឡើយ ថ្នាក់ដឹកនាំត្រូវបានគេរំពឹងទុកថា អាចនឹងជួបគ្នាដោយផ្ទាល់ក្នុងកិច្ចប្រជុំក្រៅឆាកនៃកិច្ចប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ដែលហៅកាត់ថា G-20 ដែលធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ឬកិច្ចប្រជុំប្រែប្រួលអាកាសធាតុ COP26 ដែលធ្វើឡើងនៅស្កុតឡេនកាលពីដើមខែវិច្ឆិកា នេះជាដើម។ យ៉ាងណាមិញ ការសម្របសម្រួលចុងក្រោយ មេដឹកនាំទាំង ២ បានត្រឹមតែជួបគ្នាតាមប្រព័ន្ធវីដេអូដដែល។
កិច្ចប្រជុំរវាងមេដឹកនាំទាំង ២ ត្រូវបានប្រកាសជាផ្លូវការក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក និងចិនបានទូរស័ព្ទជួបគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
នៅពេលនោះដែរទាំងខាងអាមេរិក និងខាងចិនបានឱ្យតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបានចុះផ្សាយថា៖ «កិច្ចប្រជុំនេះ [ប្រជុំរវាងលោក បៃដិន និងលោក ស៊ី] ជាឱកាសមួយសម្រាប់មេដឹកនាំទាំង ២ ពិភាក្សាអំពីវិធីសាស្ត្រក្នុងការគ្រប់គ្រងការប្រកួតប្រជែងរវាងអាមេរិក និងចិន ខណៈពេលដែលស្វែងរកវិស័យណាមួយ ដែលប្រទេសទាំង ២ មានផលប្រយោជន៍រួម»។
ចំណែកឯខាងចិនវិញយល់ថា ពិភពលោកនឹងតាមដានទៅលើកិច្ចប្រជុំនេះហើយជំនួបរវាងថ្នាក់ដឹកនាំទាំង ២ មិនត្រឹមតែផ្ដល់ប្រយោជន៍ទៅកាន់អាមេរិក និងចិនទេ តែថែមទាំងជាវិភាគទានមួយសម្រាប់ទំនាក់ទំនងអន្តរជាតិទៀតផង។
យោងតាមសារព័ត៌មាននៃភាគីទាំងសងខាង បានកត់សម្គាល់ថា ប្រធានបទដែលប្រធានាធិបតីទាំង ២ នឹងលើកយកមកពិភាក្សាមានចាប់តាំងពីបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំង ២រហូតដល់បញ្ហាភូមិសាស្ត្រនយោបាយដូចជារឿងសមុទ្រចិនខាងត្បូង។ បញ្ហាតៃវ៉ាន់ក៏នឹងលើកមកនិយាយផងដែរ។
ទោះបីជាក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការ បរទេសនៃប្រទេសទាំង ២ និយាយពាក្យល្អៗប្រកបជាមួយសុទិដ្ឋិនិយម ក៏មន្ត្រីរដ្ឋការ និងអ្នកជំនាញមកពីប្រទេសទាំង ២ មិនសូវសង្ឃឹមថា កិច្ចប្រជុំនេះ នឹងផ្ដល់ជាផ្លែផ្កានោះទេ។
មន្ត្រីជាន់ខ្ពស់ ១ រូប នៃរដ្ឋការលោក ចូ បៃដិន បានលើកឡើងក្នុងលក្ខខណ្ឌអនាមិកថា៖ «កិច្ចប្រជុំនេះមិនមែនប្រជុំ ដើម្បីសម្រេចលទ្ធផលអ្វីឱ្យពិតប្រាកដនោះទេ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC របស់អាមេរិក។
«ប្រជុំនេះ ជាការកំណត់លក្ខខណ្ឌក្នុងការប្រកួតប្រជែង [រវាងចិន និងអាមេរិក] ប្រកបដោយប្រសិទ្ធភាពដែលយើង [សំដៅលើអាមេរិក] អាចមានគោលជំហរក្នុងការការពារគុណតម្លៃ និងផលប្រយោជន៍របស់យើងនិងសម្ព័ន្ធមិត្តរបស់យើង ក៏ដូចជាដៃគូនានា»។ នេះបើតាមការបន្ថែមរបស់មន្ត្រីរូបនោះ ហើយលោកក៏បន្តថា ប្រសិនបើលក្ខខណ្ឌទាំងនេះអាចកំណត់បាន នោះអាមេរិក និងចិនអាចរក្សាស្ថានភាពបច្ចុប្បន្ន ដែលមានការប្រកួតប្រជែងនឹងគ្នា។
ចំណែកឯសារព័ត៌មាន Global Times ដែលជាសារព័ត៌មានជាភាសាអង់គ្លេស ក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្តចិនបានចុះផ្សាយថា បញ្ហាតៃវ៉ាន់នឹងជារបៀបវារៈកំពូលនៃជំនួបរវាងលោក ស៊ី និងលោក បៃដិន។
ជាមួយគ្នានេះដែរ អ្នកវិភាគនៅក្នុងសារព័ត៌មាននេះក៏យល់ដូចខាងអាមេរិកដែរថា កិច្ចប្រជុំនេះនឹងមិនផ្ដល់ជាលទ្ធផលដុំកំភួន ឬក៏មានកុងសង់ស៊ីសត្រង់ចំណុចណាមួយទេ តែជំនួបនេះជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ នាពេលអនាគត៕
ហ៊ីម រដ្ឋា