តូក្យូ: ទីភ្នាក់ងារអវកាសជាតិជប៉ុននឹងធ្វើការជាមួយក្រុមហ៊ុន និងស្ថាប័នជប៉ុនជិត៣០ ដើម្បីបង្កើតរ៉ុក្កែតដែលអាចប្រើឡើងវិញបានជាមួយនឹងគោលដៅកាត់បន្ថយការចំណាយលើការបាញ់បង្ហោះឱ្យតិចជាង ១ ភាគ ៤ នៃកម្រិតបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei កាលពីថ្ងៃអាទិត្យ។
ក្រុមហ៊ុនវិស្វកម្ម Mitsubishi Heavy Industries និងក្រុមហ៊ុនដឹកជញ្ជូន ANA Holdings ត្រូវបានបញ្ចូលនៅក្នុងគម្រោងនៃទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ដោយមានគោលបំណងសម្រាប់ការបាញ់បង្ហោះរ៉ុក្កែតដែលអាចប្រើឡើងវិញបាននៅឆ្នាំ២០៣០។ ការផ្លាស់ប្តូរនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនការប្រកួតប្រជែងតម្លៃដល់កម្រិត SpaceX ដែលដំណើរការដោយក្រុមហ៊ុន Tesla របស់លោក Elon Musk។
គ្រាប់រ៉ុក្កែតសំខាន់ៗរបស់ជប៉ុនដូចជា H-IIA និង Epsilon មិនមិនរចនាឡើង ដើម្បីប្រើប្រាស់វិញបន្ទាប់ពីការបាញ់បង្ហោះនោះទេ។ ប្រសិនបើផ្នែកមួយនៃគ្រាប់រ៉ុក្កែត អាចប្រើឡើងវិញបាន ការចំណាយលើការបាញ់បង្ហោះធ្លាក់ចុះយ៉ាងខ្លាំង ហើយការបញ្ជាទិញសម្រាប់ការបាញ់បង្ហោះផ្កាយរណបពីក្រៅប្រទេសត្រូវបានគេរំពឹងថានឹងកើនឡើង។
ក្រុមហ៊ុន Space X កំពុងនាំមុខគេក្នុងការផលិតរ៉ុក្កែតដែលអាចប្រើឡើងវិញបាន។ ការបាញ់បង្ហោះរ៉ុក្កែតដោយក្រុមហ៊ុនត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ៥២,៩ លានដុល្លារ (៦ ប៊ីលានយេន) បើធៀបនឹងតម្លៃ ៨៨,២ លានដុល្លារ (១០ ប៊ីលានយ៉េន) នៃរ៉ុក្កែត H-IIA។ គិតត្រឹមឆ្នាំ ២០១៨ ក្រុមហ៊ុន Space X មានចំណែកប្រហែល ៦០ ភាគរយនៃទីផ្សារបង្ហោះផ្កាយរណបពាណិជ្ជកម្មពិភពលោក។
ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុនដែលគ្រប់គ្រង JAXA និយាយថា រ៉ុក្កែតដែលអាចប្រើឡើងវិញបានសម្រាប់បាញ់បង្ហោះផ្កាយរណបមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធជំនាន់ក្រោយ។
ទីភ្នាក់ងារបច្ចេកវិទ្យាជប៉ុន JAXA រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចសន្យាស្រាវជ្រាវរួមគ្នាជាមួយក្រុមហ៊ុន និងអង្គការប្រហែល៣០។ ក្រុមហ៊ុនMitsubishi Heavy Industries សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនNYK Line នឹងពិនិត្យមើលវិធីសាស្រ្តទាញយកមកវិញដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងកប៉ាល់។
ជាមួយគ្នានោះ ក្រុងហ៊ុន ANA នឹងធ្វើការស្រាវជ្រាវដែលអនុវត្តចំណេះដឹងរបស់ខ្លួនក្នុងប្រតិបត្តិការ និងថែទាំយន្តហោះ។ ក្រុមហ៊ុនសាជីវកម្ម NIPPI និងក្រុមហ៊ុនអវកាស GH Craft ដែលជាបុត្រសម្ព័ន្ធរបស់ក្រុងហ៊ុនគីមី Teijin នឹងអភិវឌ្ឍប្រព័ន្ធប្រអប់លេខសម្រាប់ការចុះចត។
សាកលវិទ្យាល័យ Nagoya នឹងអភិវឌ្ឍថ្មលីចូមអ៊ីយ៉ុងដែលធន់នឹងរំញ័រ។ក្រុមហ៊ុន Canon IT Solutions ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Canon Marketing Japan នឹងប្រើប្រាស់ឧបករណ៍ Mixed Reality ដើម្បីសម្រួលដំណើរការផលិតរបស់ខ្លួន។ វិទ្យាស្ថានបច្ចេកវិទ្យា Chiba នឹងសិក្សាពីម៉ាស៊ីនបូមទឹកតូចៗដែលមានតម្លៃទាប ខណៈពេលដែលវិទ្យាស្ថានបច្ចេកវិទ្យា Kanazawa នឹងសិក្សាពីសមាសធាតុផ្សំ។
ទីភ្នាក់ងារ JAXA និងដៃគូគ្រោងនឹងបង្កើតគំរូដើមនៅឆ្នាំ២០២៦ ហើយធ្វើការសាកល្បងការបាញ់បង្ហោះលើកដំបូងក្នុងរយៈពេល៤ឆ្នាំបន្ទាប់ពីនោះ។ តាមរយៈការបង្កើតបច្ចេកវិទ្យាដែលអាចប្រើឡើងវិញបាន និងបង្កើនចំនួននៃការបើកដំណើរការ ពួកគេសង្ឃឹមថានឹងកាត់បន្ថយការចំណាយដល់ប្រហែល ៤,៥ លានដុល្លារ (៥០០ លានយេន)នៅដើមទសវត្សរ៍ឆ្នាំ ២០៤០។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Northern Sky Research របស់សហរដ្ឋអាមេរិក ផ្កាយរណបជាង ២៤ ៨០០ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងពិភពលោកនៅចន្លោះឆ្នាំ២០២០និង២០៣០។ ទីផ្សារដែលរាប់បញ្ចូលទាំងការផលិត និងការបាញ់បង្ហោះផ្កាយរណប ទំនងជាកើនឡើងប្រហែល៩ភាគរយជារៀងរាល់ឆ្នាំរហូតដល់មានតម្លៃជាង ៥៦៨ ប៊ីលានដុល្លារនៅឆ្នាំ ២០៣០។
កាលពីចុងខែកញ្ញា Honda ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបង្ហាញពីផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍយានដែលអាចប្រើឡើងវិញបានមួយផ្នែកសម្រាប់ផ្កាយរណបតូចៗជាមួយនឹងការបាញ់បង្ហោះសាកល្បងនៅឆ្នាំ ២០៣០។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនេះ ក៏គ្រោងនឹងពង្រីកផលបត្រអាជីវកម្មរបស់ខ្លួនក្នុងការផលិតរថយន្តហោះដែលគេស្គាល់ថា ជាយន្តហោះអគ្គិសនី eVTOLផងដែរ។ តាមការចុះផ្សាយរបស់ Space News ក្រុមហ៊ុនចាប់ផ្ដើមធ្វើការរួចហើយនៅចុងឆ្នាំ ២០១៩ លើតម្រូវការវិស្វកម្មនៃរ៉ុក្កែតដែលអាចប្រើឡើងវិញបាន។
នាយកប្រតិបត្តិក្រុមហ៊ុនHonda លោក Toshihiro Mibe អះអាងថា៖ «បច្ចេកវិទ្យាសម្រាប់ការបាញ់បង្ហោះ និងការគ្រប់គ្រងរ៉ុក្កែត និងការចំណាយទាបគឺស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនផលិតរថយន្តរួចហើយ។យើងនឹងផ្លាស់ប្តូរវិស័យដែលបច្ចេកវិទ្យានេះត្រូវបានអនុវត្ត»។
ទាក់ទងនឹងការផលិតថាមពលលើផ្ទៃព្រះចន្ទ ក្រុមហ៊ុន Honda និងទីភ្នាក់ងារ JAXA កំពុងធ្វើការសិក្សាអំពីលទ្ធភាពរួមគ្នាមួយលើប្រព័ន្ធថាមពលកកើតឡើងវិញនៅក្នុងលំហ ដែលត្រូវរចនាឡើងដើម្បីផ្គត់ផ្គង់អុកស៊ីហ្ស៊ែន អ៊ីដ្រូហ្ស៊ែន និងអគ្គិសនីសម្រាប់យានអវកាសយានិក និងយានរុករករ៉ូវឺរ៕
ហួន ឌីណា