ភ្លាមៗបន្ទាប់ពីបានជាប់ឆ្នោតជាសមាជិកសភាប្រជុំកោះ សាឡូម៉ូន កាលពីឆ្នាំ ២០១៩ អ្នកនយោបាយបក្សប្រឆាំងលោក ភីធ័រ គីនីឡូរីជូនញ័រ អះអាងថាលោកបានទទួលសំណើដ៏មិនប្រក្រតីមួយ។
លោកនិយាយថា មានមនុស្សមករកលោកហើយស្នើឱ្យលោកចេញ «មតិវិជ្ជមានមួយចំនួនអំពីប្រទេសចិន ជាថ្នូរនឹងដី ១ ដុំ» ប៉ុន្តែលោកបានបដិសេធមិនបញ្ចេញអត្តសញ្ញាណអ្នកដែលមកសួរលោកអំពីរឿងនេះ។
លោក គីនីឡូរី បានលើកឡើងថាហេតុផលពីក្រោយសំណើនេះ នឹងអាចមើលឃើញនាពេលឆាប់ៗនេះ។ មិនយូរប៉ុន្មាននាយករដ្ឋមន្ត្រី ៤ អាណត្តិរបស់កោះ សាឡូម៉ូនម៉ាណាសេ សូហ្កាវ៉ា បានផ្លាស់ប្ដូរការទទួលស្គាល់ជាផ្លូវការពីកោះតៃវ៉ាន់ ទៅចិនដីគោកវិញ ដោយកាត់ផ្ដាច់ទំនាក់ទំនង ៣៦ ឆ្នាំរវាងកោះទាំង ២។
ប្រជុំកោះ សាឡូម៉ូន គឺចំណោមប្រទេសតូច ប៉ុន្តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលត្រូវបានជាប់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយចិន-តៃវ៉ាន់ជុំវិញចំនួននៃការទទួលស្គាល់ជាផ្លូវការ។
ខណៈពេលដែលការប្រកួតប្រជែងដដែលនេះកំពុងកើតឡើងនៅក្នុងតំបន់ផ្សេងទៀតដោយថ្មីៗនេះ ប្រទេសនីការ៉ាហ្គាបានផ្លាស់ប្ដូរមកទទួលស្គាល់ចិនដីគោកវិញការប្រកួតប្រជែងនៅតំបន់ប៉ាស៊ីហ្វិកឥឡូវនេះបានលាយឡំច្របល់ជាមួយជម្លោះផ្ទៃក្នុងមានស្រាប់នៅក្នុងប្រទេសទាំងនេះ ធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំង ហើយក្នុងករណីខ្លះបានឈានដល់ការប្រើអំពើហិង្សា។
នៅប្រជុំកោះ សាឡូម៉ូន ប្រទេសអូស្ត្រាលី និងប្រទេសជិតខាងដទៃទៀតបានបញ្ជូនទាហានទៅជួយរក្សាសណ្ដាប់ធ្នាប់បន្ទាប់មនុស្ស ៣ នាក់ត្រូវបានសម្លាប់ក្នុងកុបកម្ម និងការបង្កអគ្គិភ័យដោយចេតនាកាលពីខែមុន។ ភាពចលាចលបានកើតឡើង បន្ទាប់ពីមានបាតុកម្មដឹកនាំដោយលោក ដានីយ៉ែល ស៊ូដានី អភិបាលនៃកោះមានប្រជាជនច្រើនជាងគេរបស់ សូឡាម៉ូន គឺកោះ ម៉ាលីតា។
លោក ស៊ូដានី បានលើកឡើងថា លោកបានធ្វើបាតុកម្មដើម្បីប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការទទួលស្គាល់ចិនដីគោក ប៉ុន្តែអ្នកវិភាគមួយចំនួនបានគិតថាបាតុកម្មនេះមានឫសគល់នៅក្នុងជម្លោះរវាងជនជាតិនីមួយនៃប្រជុំកោះសាឡូម៉ូន និងការមិនពេញចិត្តចំពោះស្ថានភាពសេដ្ឋកិច្ច។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ការផ្លាស់ប្ដូរទាំងស្រុងក្នុងការតម្រង់ទិសយុទ្ធសាស្ត្ររបស់ប្រទេសសាឡូម៉ូនត្រូវបានមើលឃើញយ៉ាងច្បាស់។ ខណៈពេលដែលអូស្ត្រាលី បញ្ជាក់ថា ភាគច្រើននៃកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅក្នុងប្រទេសនឹងត្រូវដកចេញ ប្រទេសចិនបានប្រកាសផ្ដល់ការគាំទ្រដល់ការរក្សាសណ្ដាប់ធ្នាប់។ លោក ជូវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ក្រុមប្រឹក្សាប៉ូលិស និងឧបករណ៍បច្ចេកទេសកំពុងធ្វើដំណើរទៅប្រទេសនេះ។
លោកនិយាយថា៖ «ពួកគេនឹងទៅដល់ក្នុងពេលឆាប់ៗនេះដើម្បីដើរតួនាទីស្ថាបនាក្នុងការពង្រឹងសមត្ថភាពប៉ូលិសមូលដ្ឋាន»។
ប្រទេសជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកចំនួន ១០ បានទទួលស្គាល់ចិនដីគោក ហើយត្រឹមតែ ៤ ប៉ុណ្ណោះទទួលស្គាល់កោះតៃវ៉ាន់។ ទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងទាំង ២ បានផ្តល់រង្វាន់ដូចជាការបង្កើនជំនួយដល់ប្រទេសទាំងនេះ ជាថ្នូរភក្ដីភាពការទូត។
ភាពតានតឹងនេះ ក៏បានធ្វើឱ្យការប្រជែងគ្នាកាន់តែខ្លាំងរវាងចិន និងអាមេរិកដែលគាំទ្រតៃវ៉ាន់។ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានបង្កើនចំណាប់អារម្មណ៍របស់ប្រទេសចិននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដែលប្រទេសជាកោះតូចៗនៅតំបន់នេះរួមគ្នាគ្រប់គ្រងរហូតទៅដល់ ២៨ ភាគរយនៃដែនទឹកអធិបតេយ្យភាពក្នុងពិភពលោក ដែលរួមមានផ្លូវពាណិជ្ជកម្មដ៏សំខាន់ជាច្រើន។ កោះនៅតំបន់នេះក៏ជាសមរភូមិដ៏សំខាន់មួយក្នុងសង្គ្រាមលោកលើកទី ២។
ប្រទេសចិនបានបង្កើនជំនួយនៅក្នុងតំបន់នេះ ដែលឈានដល់ ១៤៥ លានដុល្លារកាលពីឆ្នាំ ២០១៨។ សហរដ្ឋអាមេរិកមានការព្រួយបារម្ភថាក្រុងប៉េកាំងអាចសាងសង់កំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅតំបន់នេះ សម្រាប់គោលបំណងយោធា។
យ៉ាងណាមិញ ខណៈពេលដែលនិន្នាការប្រឆាំងចិនបានកើនឡើងនៅក្នុងប្រជុំកោះ សាឡូម៉ូន ប្រជុំកោះនេះមានប្រវត្តិសាស្ត្រជម្លោះជនជាតិបង្កឡើងកាន់តែលំបាកដោយសារកង្វះការងារ។ បាតុករកាលពីខែមុនបានបង្ហាញកំហឹងចំពោះការពង្រីករបស់ចិនទៅក្នុងវិស័យកាប់ឈើ និងជីករ៉ែ និងបានធ្វើការវាយប្រហារជាពិសេសទៅលើអាជីវកម្មរបស់ជនជាតិចិន។
ប្រភពការទូតបានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រីសូហ្កាវ៉ា ត្រូវបានបង្ខំឱ្យផ្លាស់ប្ដូរការទទួលស្គាល់ពីតៃវ៉ាន់ទៅចិនដីគោក តាមការទាមទាររបស់សមាជិកសភាសាឡូម៉ូន ១ ក្រុម ជាថ្នូរនឹងទទួលការគាំទ្រពីពួកគេ។ គេមិនដឹងថាហេតុអ្វីបានជាសមាជិកសភា ១ ក្រុមនេះចង់ផ្លាស់ប្ដូរការទទួលស្គាល់ ប៉ុន្តែគេអាចក្រឡេកមើលប្រទេសដទៃទៀតដែលបានផ្លាស់ប្ដូរការទទួល ហើយទទួលបានការវិនិយោគជាច្រើនពីប្រទេសចិន៕