យុវជន​ចិន​ជំនាន់​ក្រោយ​សហស្ស​វត្សរ៍ កំពុង​តែមាន​ភាពជឿជាក់​លើសលប់​ដោយ​គិតថា ប្រទេស​ចិន ​ជា​ប្រទេស​ល្អ​ជាងគេ​លើ​លោក​ហើយ​មើលឃើញ​ប្រទេស​លោកខាងលិច​ជា​ «​បិសាច​»​។ ​នេះ​ជាការ​​លើកឡើង​របស់លោក Yan Xuetong ដែលជា​បញ្ញវន្ត​ចិន​ដ៏​ល្បីឈ្មោះ​ខាង​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​។​


​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ស៊ី​ង​ហ័​រ (Tsinghua) ជា​គ្រឹះស្ថានសិក្សា​លំដាប់​កំពូល​មួយ​នៅ​ស្រុក​ចិន បានលើកឡើង​ដូច្នេះ​ក្នុង​សិក្ខា​សាលា​មួយ​ពាក់ព័ន្ធ​នឹង​ការ​​អប់រំ​លើ​វិទ្យាសាស្ត្រ​ន​យោបាយ​និង​ទំនាក់ទំនង​អន្តរ​ជាតិ​ដែល​ប្រព្រឹត្តទៅ​កាលពី​ខែមករា កន្លងទៅ​។​

​លោក​បានបង្ហាញ​ពី​ការ​​សង្កេត​របស់លោក​ថា​៖ «​សិស្ស​និស្សិត​ដែល​កើត​ក្រោយ​សហស្ស​​វត្សរ៍​ច្រើនតែ​មានគំនិត​គិតថា ចិន​មាន​ឧត្ដមភាព​ជាងគេ​និង​ជឿជាក់​ខ្លាំងជាងគេ​ហើយ​ហាក់ដូចជា មើលស្រាល​ប្រ​ទេស​ផ្សេងទៀត​»​។​


«​ពួកគេ​មើលទៅ​កិច្ចការ​អន្តរជាតិ​ជាមួយនឹង​ផ្នត់គំនិត​ថា ចិន​ងាយស្រួល​ក្នុងការ​សម្រេចបាន​គោលដៅ​គោល​នយោបាយ​ការបរទេស​របស់ខ្លួន​។ ពួកគេ​គិតថា ចិន​ជា​ប្រទេស​យុត្តិធម៌ និង​មាន​ភាព​ស្លូតត្រង់​គ្មាន​កំហុស ​ខណៈ​ប្រទេស​ដទៃទៀត​ជាពិសេស​ប្រទេស​លោកខាងលិច​ជា​បិសាច ហើយ​ដូច្នេះ​បង្ក​ជា​គំនិត​ស្អប់​គុំកួន​ប្រឆាំងនឹង​លោកខាងលិច​»​។ នេះ​បើតាម​ការបន្ថែម​របស់​លោក​។​


​ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ស៊ី​ង​ហ័​រ​រូបនេះ បាន​បន្តថា ផ្នត់គំនិត​ជាតិនិយម​របស់​និស្សិតៗ​កើត​ក្រោយ​ឆ្នាំ ​២០០០ ​នេះ គឺ​នាំអាទិ៍​ឡើង​ដោយ​អ្នក​អត្ថាធិប្បាយ​សំ​​ខាន់ៗ​នៅតាម​បណ្ដាញ​អ៊ី​នធឺ​ណិ​ត ដែល​ពួកគេ​ទាំង​នោះបាន​ជះឥទ្ធិពល​ជាមួយនឹង​ទ្រឹស្ដី​ទុច្ចរិត​និង​ព័ត៌មាន​ក្លែង​ក្លាយ​មួយចំនួន​។​


​ជាមួយគ្នានេះដែរ លោក​ក៏បាន​ផ្ដល់យោបល់​ទៅកាន់គ្រូឧទ្ទេស និង​សាស្ត្រាចារ្យ​នៅក្នុង​សាកលវិទ្យាល័យ​របស់លោក​ថា គួរតែ​បង្ហាត់បង្ហាញកុំឱ្យ​សិស្ស​និស្សិត មាន​ភាព​​ជឿជាក់​ជ្រុល​ពេក​ទៅលើ​ប្រទេសរបស់​ខ្លួនឯង​។​

​លោក​បាន​លើកឡើងថា​៖ «​យើង​គួរតែ​ជួយ​បង្ហាត់​សិស្សៗ ឱ្យ​ស្គា​ល់ពី​ភាព​ចម្រុះ​នៃ​ពិភព​លោក ហើយ​គួរតែ​បំបាត់​នូវ​ការ​សន្និដ្ឋានថា ពិភពលោក គឺ​បែងចែក​ត្រឹមតែ​ខាងក្នុង​ស្រុក​ចិន និង​ខាងក្រៅ​ស្រុក​ចិន​»​។​

«​យើង​គួរតែ​ពង្រឹង​ការគិតគូរ​ប្រកបដោយ​សម​ហេតុផល និង​គិតគូរ​ឱ្យ​ស៊ីជម្រៅ​ដើម្បី​កាត់បន្ថយ​ការជះឥទ្ធិពល​ពី​សំណាក់​ថ្នាក់ដឹកនាំ​អត្ថា​ធិ​ប្បាយ​មួយចំនួន​»​។ ​នេះ​បើតាម​ការបន្ថែម​របស់​លោក​។​

​សារព័ត៌មាន​ South China Morning Post បាន​ចុះផ្សាយ​ថា និយតករ​ចិន​ភាគច្រើន​មិនសូវ​ជា​អើពើ​នឹង​ការចុះផ្សាយ​មិន​ត្រឹមត្រូវ​នូវ​ព័ត៌មាន​អន្តរជាតិ​ជា​ភាសា​ចិន​នោះទេ​ ទោះបីជា​គេ​ដឹង​ច្បាស់​ថា ​ចិន​តឹង​តែង​ខ្លាំង​អំពី​មាតិកា​នៃ​ការចុះផ្សាយ​ព័ត៌មាន​ជាច្រើន​។​

​តាមពិតទៅ​លោក​ Yan ​ធ្លាប់​យល់ឃើញថា គោ​លន​យោ​បាយ​ការបរទេស ​«​លាក់​ម​ហិ​ច្ឆ​តា​ និង​មិន​បង្ហាញ​ក្រចក​» របស់លោក​ តេង ស៊ា​វ​ភីង ថា​ជាគោលការណ៍​ហួស​សម័យ​ហើយ កាលពី​ជាង​១០​ ឆ្នាំមុន​។ សាស្ត្រាចារ្យ​រូបនេះ​ហើយ​ជា​អ្នកតស៊ូ​មតិ​ឱ្យ​ចិន​មាន​គោល​នយោបាយ​ការបរទេស​តឹង​តែង​នឹង​លោកខាងលិច​។​

​យ៉ាងណាក៏ដោយ លោក​ប្រហែលជា​យល់ឃើញថា ​ស្ថានភាព​នៃ​ផ្នត់គំនិត​យុវជន​ចិន​សព្វថ្ងៃនេះ ហាក់ដូចជា​ជ្រុល​និង​លើស​បន្តិច​ហើយ​ទើបបានជា​លោក​លើកឡើង​យ៉ាង​ដូច្នេះ​។​

​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា រដ្ឋាភិបាល និង​គណបក្ស​កុម្មុយនីស្ត​ហាក់ដូចជា​បើក​ចិត្ត​ទូលាយ​ក្នុងការ​ទទួលយក​ការរិះគន់​បែប​ស្ថាបនាពី​សំណាក់​បុគ្គល​សំខាន់ៗ​មួយចំនួន​។​

​ជាក់ស្ដែង​កាលពី​ខែធ្នូ​កន្លងទៅ អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​លោក ស្វេ ធាន​កាយ (CuiTiankai) បាន​លើកឡើងថា អ្នកការទូត​ចិន​មិនគួរ​ជ្រុលជ្រួស​នឹង​សង្គ្រាម ពាក្យសម្ដី​ទេ​នៅពេល​បក​ស្រាយ​ជំហរ​របស់​ចិន​។​

​សារព័ត៌មាន​ជប៉ុន​នី​កេ បានធ្វើ​ការវិភាគ​ថា ការលើកឡើង​បែបនេះ​ទំនង​ជាមាន​ការបើក​​ភ្លើង​ខៀវ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​ហើយ​៕

​​ហ៊ីម រដ្ឋា​