ស្ត្រី​ប៉ាគីស្ថាន​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​កក៏​ព្រោះ​តែ​នាង​បាន​បង្ហោះ​សារ​ប្រមាថ​សាសនាអ៊ិ​ស្លាម និង​បង្ហោះ​រូប​ត្លុក​របស់​ទេវទូត​មហាម៉ាត់​ នៅ​លើ​បណ្ដាញ​សង្គម Whatsapp។នេះ​បើ​តាម​ការ​លើកឡើង​របស់​តុលាការ​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។


បើ​យោង​តាម​ការ​សង្ខេប​រឿង​ក្ដី​របស់​តុលាការ​អ្នកនាង Aneeqa Ateeq ដែល​មាន​វ័យ ២៦ ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២០ ដោយ​សារ​តែ​ការ​បង្ហោះ «សារ​ប្រមាថ» នៅ​លើ​បណ្ដាញ​ Whatsapp របស់​នាង។

តុលាការ​ទីក្រុង Rawalpindi ដែល​ស្ថិត​ជាប់​នឹង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ ​បាន​សម្រេច​ឱ្យ​នាង​ជាប់​ទោស ២០ ឆ្នាំ​ ហើយ​ក្រោយ​មក​ក៏​កាត់​ទោស​ប្រហារ​ជីវិតដោយ​ការ​ព្យួរ​ក។


តាម​ពិត​ទៅ​អ្នក​ដែល​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​នាង​ គឺ​ជាបុរស​ជនជាតិ​ប៉ាគីស្ថាន​ហើយ​ជា​មនុស្ស​ស្គាល់​គ្នា​តាម​រយៈ​ការ​លេង​ហ្គេម​អនឡាញតាំង​ពី​ឆ្នាំ ២០១៩។ អ្នក​ទាំង​ ២ ​បាន​ទាក់ទង​គ្នា​នៅ​តាម​បណ្ដាញ Whatsapp។


បុរស​ម្នាក់​នោះ​ក្រោយ​មក​ក៏​បាន​ចោទ​ប្រកាន់​នាង​ថា​បាន​ផ្ញើ​សារ​ប្រមាថនិង​រូបត្លុក​មហាម៉ាត់​មក​កាន់​ខ្លួនហើយ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​នាងដើម្បី​ចែក​រំលែក​សារ​នេះ​ទៅ​កាន់​គណនី​ផ្សេងៗ​ទៀត។


យ៉ាងណាក៏ដោយនៅ​ក្នុង​តុលាការ​អ្នកនាង Aneeqa Ateeq ដែល​ជា​សាសនិក​អ៊ិ​ស្លាម​​ ១ ​រូប​ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ហើយ​បាន​ប្រាប់​តុលាការ​ថាដើម​បណ្ដឹង​របស់​នាង​បាន​អូស​នាង​ឱ្យ​និយាយ​រឿង​សាសនាហើយ​ប្រមូល​ភ័ស្តុតាង​នានាដើម្បី «សងសឹក» នាងក្រោយ​ពេល​ដែល​នាង​បដិសេធ​មិន​រាក់ទាក់​ជាមួយ​បុរស​ម្នាក់​នោះ។

ប៉ាគីស្ថាន​ជា​រដ្ឋ​កាន់​សាសនា​អ៊ិស្លាមហើយ​រឿង​ក្ដី​នៃ​ការ​ប្រមាថ​សាសនា​ជា​រឿង​ដ៏​រសើប​មួយ​ដោយ​តុលាការ​ច្រើន​តែ​កាត់​ទោស​ស្ងាត់ៗហើយ​កាត់​ទោស​ឱ្យ​ប្រហារ​ជីវិត។ ទោះ​ជា​កាត់​ទោស​ដល់​ថ្នាក់​ហ្នឹង​មែនតែ​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ពិរុទ្ធជន​ច្រើន​តែ​ទទួល​ទោស​នៅ​ពន្ធនាគារហើយ​មិន​ត្រូវ​បាន​សម្លាប់​នោះ​ទេ៕

ហ៊ីម រដ្ឋា