​រុស្ស៊ី​ដាក់​នាវា​ដឹក​ឧស្ម័ន​ធម្មជាតិ (LNG) ក្នុង​សមុទ្រ​បាល់​ទិ​កនៅ​ជិត​តំបន់ Kaliningrad របស់ខ្លួន ក្នុង​សកម្មភាព​ដ៏​កម្រ​មួយ​ដែល​ធ្វើឱ្យមាន​ការសង្កេត​លើ​រឿងនេះ ខណៈ​ភាព​​តានតឹង​នៅតាម​បណ្ដោយ​ព្រំដែន​ជាប់​អ៊ុយ​ក្រែ​នបាន​កើនឡើង​។

​តំបន់ ​Kaliningrad ដែល​នៅ​ដាច់​​ដោយឡែក​ពី​រុស្ស៊ី​ដីគោក និង​ស្ថិតនៅ​ចន្លោះ​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នី ជាធម្មតា​បង្ហូរ​ចូល​ឧស្ម័ន​ធម្មជាតិ​តាម​បំពង់​បង្ហូរ​ពី​ក្រុមហ៊ុន​ឧស្ម័ន​យក្ស Gazprom​ ដែល​គាំទ្រ​ដោយ​រដ្ឋ​រុស្ស៊ី​។​

​ប៉ុន្តែ​ការតាមដាន​ផ្កាយរណប​បង្ហាញថា នាវា​ដឹក​ប្រេង​ Marshal Vasilevskiy LNG របស់ ​Gazprom ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​ដោយផ្ទាល់​ទៅ​ Kaliningrad បានធ្វើ​ដំណើរ​ទៅកាន់​ឆ្នេរសមុទ្រ​បាល់​ទិ​ក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែលនាំឱ្យ​អ្នកសង្កេតការណ៍​ក្នុង​ឧស្សាហកម្ម​នេះ​សន្មត​ថា វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​បន្ទាន់​របស់​ទីក្រុង​ម៉ូស្គូ​ ក្នុង​ព្រឹត្តិការណ៍​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​


​ក្រុមអ្នកវិភាគ​និយាយថា ពួកគេ​ជឿថា ទីក្រុង​ម៉ូស្គូ​អាច​នឹង​ពង្រឹង​ជម្រើស​ផ្គត់ផ្គង់​ឧស្ម័ន​នៅ​ Kaliningrad ក្នុងករណី​ដែល​ការ​លុកលុយ​របស់​រុស្ស៊ី​ចូលទៅក្នុង​អ៊ុយ​ក្រែ​ន​នាំឱ្យមាន​ការរំខាន​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​តាម​បំពង់​បង្ហូរ ទាំង​តាមរយៈ​ការដាក់ទណ្ឌកម្ម​របស់​លោក​​ខាងលិច ឬ​ការសម្រេចចិត្ត​របស់​រុស្ស៊ី​ក្នុងការ​រឹតបន្តឹង​ការផ្គត់ផ្គង់​ទៅ​អឺរ៉ុប​។​

​ក្រុមហ៊ុន ​Gazprom មិន​ធ្វើ​អត្ថាធិ​ប្បាយ​យ៉ាងណាទេ​ចំពោះ​ករណី​​នេះ​។ Marshal Vasilevskiy គឺជា​ប្រភេទ​នាវា​ផ្ទុក​ឧស្ម័ន​ធម្មជាតិ ដែល​អាច​ភ្ជាប់​ដោយផ្ទាល់​ទៅក្នុង​បណ្តាញ​ឧស្ម័ន​ដោយ​មិនចាំបាច់​មាន​ស្ថានីយ​ផ្ទេរ​ឧស្ម័ន​នោះទេ​។​


​យោងតាម​គេហទំព័រ​ Gazprom បានឱ្យដឹងថា នាវា​ដឹក​ប្រេង គឺជា​ប្រភេទ​តែមួយគត់​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ​២០១៩ ​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​ត្រូវបាន​រចនា​ឡើង​ ដើម្បី​ពង្រឹង «​សន្តិសុខ​ថាមពល​របស់ ​Kaliningrad ដោយ​គិតគូរ​ពី​ការកំណត់​ភូមិសាស្ត្រ​របស់​វា​»​។ ប៉ុន្តែ​កប៉ាល់​ដឹក​ប្រេង​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​តាំងពី​ពេល​នោះមក​សម្រាប់​ការនាំចេញ​ធម្មតា​នៃ​ឧស្ម័ន​ធម្មជាតិ​ជុំវិញ​ពិភពលោក​៕

​ហួន ឌី​ណា