សហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខ្លាំងជាងអ្វីដែលខ្លួនធ្លាប់ដាក់ក្នុងឆ្នាំ ២០១៤ ប្រឆាំងនឹងរុស្ស៊ី ដោយសង្ឃឹមថា អាវុធគ្មានផ្សែងនេះ នឹងរារាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែលត្រូវបានរាយការណ៍ថា កំពុងប្រមូលផ្តុំកងទ័ពជាង ១ សែននាក់នៅតាមព្រំដែនពីការឈ្លានពានអ៊ុយក្រែន។
ប៉ុន្តែអ្នកវិភាគថា សហភាពអឺរ៉ុបប្រឈមមុខនឹងឧបសគ្គយ៉ាងខ្លាំងនៅពេលអនុវត្តទណ្ឌកម្ម ដោយសូម្បីតែពេលចាប់ផ្ដើម ប្លុកនេះក៏ត្រូវការឯកភាពពីរដ្ឋសមាជិកទាំងចំនួន ២៧ ដែលភាគច្រើនមានទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅជាមួយរុស្ស៊ីសិន។ ម្យ៉ាងទៀត ប្លុកនេះក៏រងការចោទប្រកាន់ថា មានភាពរអាក់រអួលនៅពេលនិយាយពីការអនុវត្តកម្មវិធីដាក់ទណ្ឌកម្មឱ្យបានឆាប់រហ័សដោយមានទណ្ឌកម្មលើបេឡារុសជាគំរូ។
អ្នកជំនាញមួយចំនួននិយាយថា ការពឹងពាក់គ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរុស្ស៊ី និងសហភាពអឺរ៉ុប ធ្វើឱ្យប្លុកនេះមានការលំបាកក្នុងការធ្វើបាបសេដ្ឋកិច្ចរុស្ស៊ី ដោយគ្មានការឈឺចាប់ខ្លួនឯង។
អ្នកស្រី Anastasiya Shapochkina សាស្ត្រាចារ្យភូមិសាស្ត្រនយោបាយនៅវិទ្យាស្ថាន Sciences Po និយាយថា៖ «សហភាពអឺរ៉ុបនឹងធ្វើឱ្យខ្លួនឯងឈឺចាប់ដោយសារការដាក់ទណ្ឌកម្មលើរុស្ស៊ីពីព្រោះ ក្រុមហ៊ុនអឺរ៉ុបដូចជាក្រុមហ៊ុនសាំង Total ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារប្រើប្រាស់ Engie ក្រុមហ៊ុននុយក្លេអ៊ែរ Areva និងក្រុមហ៊ុនចំណីអាហារ Dan one ជាដើមនោះ បានវិនិយោគយ៉ាងច្រើន នៅក្នុងប្រទេសរុស្ស៊ី អស់ជាច្រើនទសវត្សរ៍មកហើយ ហើយពួកគេនឹងរងទុក្ខប្រសិនបើទំនាក់ទំនងត្រូវបានកាត់ផ្តាច់»។
យ៉ាងណាមិញ ក្រុមមន្ត្រីសហភាពអឺរ៉ុបនិយាយថា ខ្លួនមានសុទិដ្ឋិនិយមដោយថា ក្រុមរដ្ឋាភិបាលរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកផលវិបាកដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុថាមពល និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ខ្លួនលើរុស្ស៊ី។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនិយាយប្រាប់កាសែត Financial Times កាលពីសប្ដាហ៍មុនថា៖ «យើងទាំងអស់គ្នាសង្ឃឹមថា ទំនាក់ទំនងការទូតនឹងទទួលបានជោគជ័យ។ ប៉ុន្តែយើងក៏ដឹងផងដែរថា យើងត្រៀមខ្លួនរួចរាល់នៅពេលដែលត្រូវប្រើកញ្ចប់ទណ្ឌកម្មដ៏រឹងមាំនេះហើយ»។
លោក Edward Fishman មន្ត្រីសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មីបាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ដែលលោកខាងលិចរក្សាការរួបរួមរបស់ខ្លួនក្នុងការប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី ហើយនោះមានន័យថា គ្រប់សមាជិកនៃសហភាពអឺរ៉ុបត្រូវឈរលើគោលដៅរួមមួយ»។
លោកបន្តថា៖ «ឥឡូវនេះ រាល់សញ្ញាទាំងអស់ពីមេដឹកនាំអាមេរិក និងអឺរ៉ុប ចង្អុលទៅកម្រិតនៃការឯកភាពគ្នាគួរឱ្យកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម»។
ទន្ទឹមជាមួយគ្នានោះ អ្នករិះគន់និយាយថា គំរូមួយនៃទណ្ឌកម្មដែលប្លុកអឺរ៉ុបធ្លាប់ដាក់លើរដ្ឋាភិបាលបេឡារុស គឺបង្កប់នូវភាពទន់ខ្សោយ និងដែនកំណត់ជាច្រើនរបស់ក្របខ័ណ្ឌសហភាពអឺរ៉ុប។ ទណ្ឌកម្មផ្សេងៗទៅលើបេឡារុសរួមទាំងលើវិស័យហិរញ្ញវត្ថុត្រូវបានព្រមព្រៀងគ្នាជិត ១ ឆ្នាំ បន្ទាប់ពីលោកប្រធានាធិបតី Alexander Lukashenko ចាប់ផ្តើមបង្ក្រាបក្រុមប្រឆាំង។
មន្ត្រីសហភាពអឺរ៉ុបម្នាក់និយាយជាអនាមិកប្រាប់កាសែត Financial Times ថា៖ «វាមិនងាយស្រួលទេ សម្រាប់គណៈកម្មាការនៅពេលដែលពួកគេមានរដ្ឋជាសមាជិកមើលពីអំរែករបស់ខ្លួនពេលនិយាយពីការដាក់ទណ្ឌកម្ម។ វាធ្វើឱ្យយឺតយ៉ាវ និងធ្វើឱ្យលទ្ធផលធ្លាក់ចុះ។ លទ្ធផលមិនមែនជាភាគបែងរួមខ្ពស់បំផុតទេ ប៉ុន្តែជាកម្រិតទាបបំផុតនៃអ្វីដែលរដ្ឋសមាជិក អាចធ្វើបាន»។
គណៈកម្មការប្លុកការពារការដាក់ទណ្ឌកម្មជាច្រើនជុំលើបេឡារុស ដោយទទូចថាវាអាចឡើង ឬចុះក្រោមអាស្រ័យលើអាកប្បកិរិយារបស់រដ្ឋាភិបាលក្រុងមីនស្ក៍។ ប៉ុន្តែមានសំណួរស្រដៀងគ្នានេះ ជុំវិញប្រសិទ្ធភាពនៃទណ្ឌកម្មឆ្នាំ ២០១៤ របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបលើរុស្ស៊ី។
ការដាក់ទណ្ឌកម្មនាពេលនោះរួមមានការរឹតបន្តឹងលើក្រុមហ៊ុន និងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាវិធានការទាក់ទងនឹងវិស័យការពារជាតិ ថាមពល និងហិរញ្ញវត្ថុ។ ប៉ុន្តែខណៈដែលអ្នកការទូតលោកខាងលិចមួយចំនួនជឿថា ទណ្ឌកម្មនោះធ្វើឱ្យលោក Putin មិនពង្រីកខ្លួននៅតំបន់ Donbas របស់អ៊ុយក្រែនដែលក្រុមផ្ដាច់ខ្លួនរឹបអូស វានៅតែបរាជ័យក្នុងការបង្ខំរុស្ស៊ីចេញពីតំបន់គ្រីមា ដែលរុស្ស៊ីរាប់ចូលថា ជាទឹកដីខ្លួន។
ម្យ៉ាងវិញទៀត ទណ្ឌកម្មឆ្នាំ ២០១៤ ក៏មិនសូវជាមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី។យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងឆ្នាំ ២០១៩ កំណើនប្រចាំឆ្នាំរបស់រុស្ស៊ីពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ធ្លាក់ចុះតិចជាងការរំពឹងទុកមុនចំនួន ០,២ ភាគរយប៉ុណ្ណោះ។
ទោះបីយ៉ាងណា ក្រុមមន្ត្រីសហភាពអឺរ៉ុបនិយាយថា ភាពខុសគ្នាដ៏សំខាន់រវាងផែនការទណ្ឌកម្មបច្ចុប្បន្ន និងឆ្នាំ ២០១៤ គឺការងារលម្អិតរវាងសម្ព័ន្ធមិត្តដែលធ្វើទាន់ពេល និងសកម្ម ដោយសង្ឃឹមថា វានឹងរារាំងលោក Putin ពីការធ្វើសកម្មភាពអរិភាពនៅអ៊ុយក្រែន។
ការពិភាក្សាបែបស៊ីជម្រៅ មួយរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជុំវិញការដាក់ទណ្ឌកម្មលើរុស្ស៊ី ឥឡូវនេះបានដំណើរការអស់រយៈពេល ៣ ខែមកហើយ។ អ្នកបង្កើតគោលនយោបាយទាំងសងខាងសង្កត់ធ្ងន់ថា គោលដៅ គឺមិនមែនដើម្បីរកទណ្ឌកម្មដូចគ្នាប្រឆាំងនឹងរុស្ស៊ីនោះទេ ប៉ុន្តែដើម្បីបង្កើតវិធីសាស្ត្រសម្របសម្រួល ផ្ទុយទៅនឹងព្រឹត្តិការណ៍ដ៏ច្របូកច្របល់របស់រដ្ឋបាល Trump ដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាលុយមីញ៉ូមយក្ស Rusal ក្នុង ២០១៨ ដោយមិនពិគ្រោះជាមួយសម្ព័ន្ធមិត្ត។
កញ្ចប់ទណ្ឌកម្មថ្មីនឹងគ្របដណ្តប់លើថាមពល ធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ និងឥស្សរជននយោបាយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Putin ដោយក្រុមលោកខាងលិចមានឆន្ទៈធ្វើឱ្យធនាគាររុស្ស៊ីរងផលប៉ះពាល់ធ្ងន់ធ្ងរជាងកាលពីឆ្នាំ ២០១៤។ អ្នកការទូតលោកខាងលិចនិយាយថា ក្រុមហ៊ុន Sberbank ក្រុមហ៊ុន VTB ក្រុមហ៊ុន Gazprombank ក្រុមហ៊ុន Alfa-Bank និងមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីទាំងអស់ កំពុងស្ថិតនៅក្រោមការពិចារណាចំពោះការដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុធំបំផុតរបស់រុស្ស៊ីនាពេលនេះ៕
ហួន ឌីណា
វីដេអូ៖