ក្រុម​សកម្មជន និង​អ្នកវិភាគ​និ​យាយ​ថា ការអំពាវនាវ​ឱ្យមាន​អំពើហិង្សា​ប្រឆាំងនឹង​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​ពី​សំណាក់​ក្រុម​ជ្រុលនិយម​នៃ​សាសនិក​ហិណ្ឌូ​នៅក្នុង​ប្រទេស​ឥណ្ឌា កាន់តែ​រីក​ខ្លាំង​ទៅៗ ខណៈដែល​អ្នកនយោបាយ​ធំៗ​នៅ​ស្ងៀម​មិន​អើពើ​។​

​កាលពី​ពាក់កណ្ដាល​ខែមករា អាជ្ញាធរ​ឥណ្ឌា​ចាប់ខ្លួន​សង្ឃ​​ហិណ្ឌូ ​១ ​អង្គ គឺ Yati Narsinghanand Giri ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​អំពើហិង្សា​សាសនា​លើ​ពួក​មូស្លីម ដែលជា​ក្រុម​កាន់សាសនា​ភាគតិច​ក្នុង​ប្រ​ទេស​។ ​ចំណាត់ការ​នេះ​ធ្វើឡើង បន្ទាប់ពី​សង្ឃ​អង្គ​នេះ និង​មេ​ដឹក​​នាំ​សាសនា​ផ្សេងទៀត អំពាវនាវ​ឱ្យ​អ្នកដើរ​តាម​ដែលជា​សាសនិក​ហិណ្ឌូ​ដូចគ្នា កាន់​អាវុធ ហើយ​សម្លាប់​ពួក​មូស្លីម​ឱ្យ​រង្គាល​កាលពី​ចុងឆ្នាំ​មុន​។

ប៉ុន្តែ​ក្រោយ​ការអំពាវនាវ​ដែល​ពោរពេញ​ដោយ​ការ​ស្អប់​ផ្ទុះ​ការចែក​​ចាយ​លើ​បណ្ដាញ​សង្គម លោក​​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូ​ឌី ​(Narendra Modi) ​និង​មេដឹកនាំ​កំពូល​របស់លោក​បានរ​ក្សា​ភាព​ស្ងៀមស្ងាត់ លើកលែងតែ​មន្ត្រី​ម្នាក់​ប៉ុណ្ណោះ ​ដែល​ព្រមាន​ថា ​«​ញុះញង់​ប្រជាជន​ឱ្យ​ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក ​គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ជាតិ​»​ ប៉ុន្តែ​មិន​បញ្ជាក់​ក្រុម​ណា​ជាក់លាក់​នោះទេ​។​


​លោក ​Rohinton Fali Nariman ចៅក្រម​តុលាការ​កំពូល​ឥណ្ឌា​ដែល​ទើប​ចូលនិវត្តន៍​ថ្មីៗ​នេះ និយាយ​នៅក្នុង​បាឋកថា​ជា​សាធារណៈ​ថា​៖ «​មានការ​បណ្ដុះ​ពាក្យ​ស្អប់ខ្ពើម​អំពាវនាវ​ឱ្យមាន​អំពើ​ប្រល័យពូជសាសន៍​នៃ​ក្រុម​ទាំងមូល ប៉ុន្តែ​យើង​ឃើញ​មានការ​​ស្ទាក់ស្ទើរ​របស់​អាជ្ញាធ​រ​ក្នុងការ​​ឃាត់​មនុស្ស​ទាំងនេះ​»​។ លោក​បន្តថា​៖ «​ជា​អកុសល​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​នៃ​គណបក្ស​កាន់​អំ​​ណា​ច​មិន​ត្រឹមតែ​នៅ​ស្ងៀម​ចំពោះ​ពាក្យសម្តី​ស្អប់ខ្ពើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្ទើរតែ​គាំទ្រ​វា​ទៀតផង​»​។​

​ថ្លែង​ការពារ​លោក​ Narsinghanand​ មេធាវី​របស់​សង្ឃ​អង្គ​នេះ គឺ​លោក ​Uttam Singh Chauhan និយាយថា សុន្ទរកថា​របស់លោក​ Narsinghanand​ ប្រហែល​ជាការ​ប្រតិកម្ម​ទៅនឹង​ការ​អត្ថា​ធិ​ប្បាយ​ប្រឆាំងនឹង​ហិណ្ឌូ​របស់​សាសនិក​មូស្លីម​។​


​ភាសា​ស្អប់ខ្ពើម កំពុង​បង្ក​ភាព​​តានតឹង​ក្នុង​សហគមន៍​របស់​ឥណ្ឌា នៅពេលដែល​របៀបវារៈ​របស់​សង្ឃ​ហិណ្ឌូ ធ្វើឱ្យមាន​ក្រុម​អ្នក​​ដើរ​តាម​ជ្រុលនិយម​ដែល​ធ្វើការ​កាត់ទោស​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ កាន់តែ​ពុះកញ្ជ្រោល​ឡើង​។

​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អង្គការសិទ្ធិមនុស្ស​ស​កល និង​សកម្មជន​ក្នុងស្រុក ក៏ដូចជា​ប្រធាន​សន្តិសុខ​ចូលនិវត្តន៍​របស់​ប្រទេស​ឥណ្ឌា​ព្រមាន​ថា វោហា​ស័ព្ទ​ហិង្សា​ឈានដល់​កម្រិត​មួយ​ដ៏​គ្រោះ​​ថ្នាក់​។ ខណៈដែល​សារ​សម្អប់​របស់​ក្រុម​ស្តាំនិយម​ហិណ្ឌូ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​លើ​បណ្ដាញ​សង្គម​ហើយ​រដ្ឋាភិបាល​ស្ទាក់ស្ទើរ​ក្នុងការ​​ចាត់វិធានការ​អ្នក​ទាំងនេះ​បារម្ភ​ថា វិវាទ​ក្នុង​តំបន់​អាច​នាំឱ្យ​រីក​​រាលដាល​នៃ​អំពើហិង្សា​ដែល​ពិបាក​នឹង​ទប់ស្កាត់​។​

​កាលពី​ពាក់កណ្ដាល​ខែមករា លោក Gregory Stanton ស្ថាបនិក​នៃ​អង្គការ​ឃ្លាំមើល​ការ​​ប្រល័យពូជសាសន៍​ដែល​ធ្លាប់​ព្រ​មាន​ទុក​មុន​ពី​ការសម្លាប់​រង្គាល​នៅ​រ្វ៉ា​ន់​ដា ដែល​កើតឡើង​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​របស់​សភា​អាមេរិក​ថា ស្ថានភាព​បច្ចុប្បន្ន​ក្នុងប្រទេស​ឥណ្ឌា កំពុងតែ​វិ​វ​ឌ្ឍ​ទៅរក​ការ​ប្រល័យពូជសាសន៍​លើ​ពួក​មូស្លីម​ដែល​នឹង​កើតឡើង​។​

​លោក Stanton និយាយថា មី​យ៉ាន់​ម៉ា​គឺជា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​សារ​ស្អប់ខ្ពើម​លើ​បណ្ដាញ​សង្គម ក្លាយជា​មូល​-​ដ្ឋា​ន​សម្រាប់​អំពើហិង្សា​ហើយ​ភាពខុសគ្នា​នៅក្នុង​ប្រទេស​ឥណ្ឌា​គឺថា វា​នឹងមាន​ក្រុម​ជន​កំណាច​ធ្វើ​សកម្មភាព​ជំនួស​ឱ្យ​ពួកយោធា​។​លោក​និយាយថា​៖ «​អ្នក​ត្រូវតែ​បញ្ឈប់​វា​ឥឡូវនេះ​ព្រោះ​ពេលដែល​វា​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ហ្វូងមនុស្ស ការស្លាប់​ដ៏​សាហាវ​នឹង​កើតឡើង​»​។​

​យ៉ាងណាមិញ​លោក Syed Zafar Islam អ្នកនាំពាក្យ​គណ​​បក្ស​កំពុង​កាន់អំណាច​ Bharatiya Janata Party (BJP) ច្រានចោល​ការលើកឡើង​បែបនេះ​ដោយ​និយាយថា​៖ «​មិន​មានរឿង​បែបនេះ​នោះទេ​»​។ លោក​និយាយ​នៅពេលនោះ​ថា​៖ «​ចំ​ណាប់​អារម្មណ៍​ដែល​ពួកគេ​បាន​បង្កើតឡើង​នោះ​ គឺ​មិន​ត្រឹមត្រូវ​ទេ​។ មាន​ករណី​នៃ​ការវាយលុក​គ្នា​ទៅវិញទៅមក​លើ​ហេតុផល​ដូចជា​ជម្លោះ​ទ្រព្យសម្បត្តិ ឬ​វិវាទ​ផ្សេងៗ​ទៀត​។ រឿង​ទាំងនេះ​មិន​ត្រឹមតែ​កើតឡើង​រវាង​ហិណ្ឌូ និង​មូស្លីម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កើតមាន ក្នុងចំណោម​អ្នក​កាន់សាសនា​ហិណ្ឌូ​ដូចគ្នា​ផងដែរ​»​។​

​នៅពេល​កាន់តំណែង​ជា​អភិ​បាលរ​ដ្ឋ ​Gujarat លោក ​Modi ​ឃើញ​ផ្ទាល់​ភ្នែក​ពី​របៀប​ដែល​ភាព​តានតឹង​សហគមន៍ ប្រែក្លាយជា​ការបង្ហូរ​ឈាម​។ ក្នុង​ឆ្នាំ ​២០០២ ​រថភ្លើង​មួយ​បាន​ឆេះ និង​សម្លាប់​អ្នកធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ ៥៩ ​នាក់​។ ទោះបីជា​មូលហេតុ​នៃ​ការឆេះ​មាន​ភាពចម្រូងចម្រាស​ក្ដី​កំហឹង​មហា​​ជន​ដែល​ដាក់​គោលដៅ​លើ​ពួក​មូស្លីម​ផ្ទុះឡើង​រហូត​សម្លាប់​មនុស្ស​ជាង​ ១ ០០០ ​នាក់ ដោយ​អ្នកខ្លះ​ត្រូវបាន​គេ​ដុត​ទាំង​រស់​។ អង្គការ​​សិទ្ធិមនុស្ស និង​មេដឹកនាំ​បក្ស​ប្រ​​ឆាំង​ចោទ​លោក Modi ​ថា មើល​​រំលង​ពី​បញ្ហា ប៉ុន្តែ​ត្រូវបាន​លោក​ច្រានចោល​ថា ជាការ​ចោទប្រកាន់​នយោបាយ​។​

​កាលពី​ឆ្នាំ ​២០១៧ លោក​ Modi តែងតាំង​លោក Yogi Adityanath សង្ឃ​ហិណ្ឌូ​ដែល​បង្កើត​ក្រុម​ពួក​មនុស្ស​កាត់ទោស​មនុស្ស​ក្រៅច្បាប់​ដោយ​ប្រើ​ជំនឿ​សាសនា​ឱ្យ​ដឹកនាំ​រដ្ឋ Uttar Pradesh​។ លោក Adityanath ​បាន​បង្កើត​ច្បាប់​ហាមប្រាម​លើ​ការ​​ប្រែចិត្ត​ជឿ​សាសនា​ដោយ​អា​​ពា​ហ៍​ពិពាហ៍​ដូចជា​បុរស​មូស្លីម​ទាញ​ស្ត្រី​ហិណ្ឌូ​ឱ្យ​ប្ដូរ​សាសនា​ក្រោយ​រៀបការ​។ ក្រុម​របស់លោក Adityanath ​បាន​បម្រើការ​ជា​ប៉ូលិស​សីលធម៌ ចាប់​គូ​ស្វាមីភរិយា​អន្តរ​ជំនឿ និង​ដាក់ទណ្ឌកម្ម​ជន​ណា​ដែល​សង្ស័យថា មិន​គោរព​សត្វ​គោ​ជាដើម​។

​លោក Dhirendra K. Jha អ្នកនិពន្ធ​ដែល​សិក្សា​ពី​ការ​ងើបឡើង​នៃ​លទ្ធិ​ជាតិនិយម​ហិណ្ឌូ​និយាយថា លោក​ព្រួយបារម្ភ​ថា បច្ចុប្បន្ននេះ​ពួក​ជ្រុលនិយម​គ្រប់​​គ្រង​នយោបាយ​របស់​ឥណ្ឌា​តាមរបៀប​ដែល​អ្នក​អំពាវនាវ​ឱ្យមាន​អំពើហិង្សា​បែរ​ជាមាន​អារម្មណ៍​ថា​ត្រូវបាន​ការពារ​។ លោក​ Jha និយាយថា​៖ «​លុះត្រាតែ​រឿងនេះ​ត្រូវបាន​ដោះស្រាយ​ប្រភេទ​នៃ​ផលវិបាក​អាច​នឹង​កើតឡើង​ដែល​ខ្ញុំ​មិន​នឹកស្មាន​ដល់ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​ស្រមៃ​ដែរ​»​។​

​យ៉ាងណាមិញ លោក​ Pradeep Jha ដែលជា​អ្នករៀបចំ​ដ៏​សំខាន់​នៃ​ពិធីបុណ្យ​ធម្ម​យាត្រា​ដ៏​ធំ​បំផុត​របស់​ទីក្រុង​ហិណ្ឌូ ​Haridwar និយាយថា លោក​បាន​ចែករំលែក​ទស្សនវិស័យ​នៃ​រដ្ឋ​ហិណ្ឌូ មិនមែន​តាមរយៈ​អំពើហិង្សា​ទេ ប៉ុន្តែ​ដោយ​ការជំរុញឱ្យ​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​ឥណ្ឌា ប្តូរ​ជំនឿ​ត្រឡប់មកវិញ​។​លោក​និយាយថា​៖«​ខ្ញុំ​ជឿថា យើង​ត្រូវតែ​ធ្វើតាម​គោលដៅ​របស់​យើង​ដោយ​ភាព​អត់ធ្មត់​ដោយ​សន្តិភាព​។ បើ​មិន​ដូច្នេះ​ទេ តើ​អ្វី​ជា​ភាពខុសគ្នា​របស់​យើង​ជាមួយ​អ្នកដទៃ​?»៕

​ហួន ឌី​ណា