លោក​ ចូ បៃ​ដិ​ន បាន​និយាយថា នៅមាន «​កន្លែង​ច្រើន​សម្រាប់​ការទូត​» ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន ដោយ​ការលើកឡើង​បែបនេះ​ជំរុញ​ក្ដី​​សង្ឃឹមថា នៅមាន​ពេលវេលា​សម្រាប់​កិច្ចពិភាក្សា ដែល​នឹង​នាំឱ្យ​រុ​ស្សុី​ដក​​ថយ​ទាហាន​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។​

​ក្នុងការ​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​អង្គារ ទី ​១៥ កុម្ភៈ ពី​សេត​វិមាន លោក ​បៃ​ដិ​ន ​បាន​និយាយថា រុស្ស៊ីបាន​ប្រមូលផ្ដុំ​ទាហាន​ប្រមាណ ១៥០ ០០០ ​នាក់ ​នៅ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​នៅតែ​ឈរជើង «​នៅ​កន្លែង​បង្ក​ការគំរាមកំហែង​» ដោយ​ការវាយប្រហារ​នៅតែ​អាច​កើតឡើង​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ​លោក ​បៃ​ដិ​ន ​បានចៀ​ងវាង​ការប្រើប្រាស់​ល្បះ «​ការវាយប្រហារ​នឹង​កើតឡើង​ឆាប់ៗ​នេះ​» ដូចដែល​មន្ត្រី​អាមេរិក​ដទៃទៀត​បាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​លោក បៃ​ដិ​ន បាន​និយាយថា «​យើង​គួរតែ​ផ្ដល់ឱកាស​គ្រប់បែប​​យ៉ាង​ ដើម្បីឱ្យ​មធ្យោបាយ​ការទូត​ជោគជ័យ​» ហើយ​ខ្ញុំ​ជឿថា មាន​វិធី​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​កង្វល់​សុវត្ថិភាព​រៀងៗ​ខ្លួន​»​។​


​លោក​និយាយថា សហរដ្ឋអាមេរិក​នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​ រុស្ស៊ីកំពុង​ដក​ទាហាន​ទៅ​មូលដ្ឋាន​ពួកគេ​វិញ ដូចដែល​ក្រុង​មូ​៉​ស្គូ​បានប្រកាស​កាលពី​ដើមខែ​នោះ​។​

​ការ​ថ្លែង​សុន្ទរកថា​របស់លោក​ បៃ​ដិ​ន ធ្វើឡើង​នៅ​ការបញ្ចប់​នៃ​ថ្ងៃមួយ​ដែល​ពោរពេញ​ទៅដោយ​សកម្មភាព​ការទូត​ដ៏​មមាញឹក​ ដើម្បី​កាត់​​បន្ថយ​ភាព​តានតឹង​ដែល​អាច​ឈានដល់​ការផ្ទុះ​សង្គ្រាម​។​


​បន្ទាប់ពី​ជំនួប​ពិភាក្សា​ជា​ ៣​ ម៉ោង​ ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក​ អូ​ឡា​ហ្វ សូល ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន បានធ្វើការ​ប្រកាសថា ក្រុង​មូ​៉​ស្គូ​នឹង​ចាប់ផ្ដើម​ដក​ទាហាន​មួយចំនួន​ចេញពី​តំបន់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ដើម្បី​បើក «​កិច្ចសន្ទនា​» ជាមួយ​លោកខាងលិច ខណៈពេលដែល​សម្ពាធ​យោធា​សឹង​​តែ​នៅ​ដដែល​។​

​លោក ពូ​ទីន និយាយថា លោក​យល់ព្រម​ធ្វើការ​ពិភាក្សា​លើ​ការ​​គ្រប់គ្រង​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម និង​វិធាន​ការពង្រឹង​ការទុកចិត្ត​ជាមួយ​អាមេរិក និង​ណា​តូ ប្រសិនបើ​ពួកគេ​យល់ព្រម​ដោះស្រាយ​ការ​​ព្រួយបារម្ភ​សន្តិសុខ​របស់​រុស្ស៊ី​៕

វីដេអូ៖