កាលពី​យប់​ថ្ងៃ​ចន្ទ ទី ​២១ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​សម័យប្រជុំ​អាសន្ន បន្ទាប់ពី​ប្រទេស​រុស្ស៊ី​ ប្រកាស​ទទួលស្គាល់​ឯករាជភាព​តំបន់ ផ្ដាច់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ហើយ​ដាក់ពង្រាយ​ទ័ព​ចូលក្នុង​ទឹកដី​ទាំងនោះ​។​

​លោកស្រី ​រ៉ូ​ស្មែ​រី ឌី​ខា​ឡូ អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​នយោបាយ និង​ការកសាង​សន្តិភាពបាន​ប្រាប់​ក្រុមប្រឹក្សា​ថា​៖ «​ហានិភ័យ​នៃ​ជម្លោះ​ដ៏​ធំ​គឺ​ពិតប្រាកដ ហើយ​ចាំបាច់​ត្រូវ​ទប់ស្កាត់​»​។ លោកស្រី​និយាយថា លោក​អគ្គលេខាធិការ អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស បាន​សង្កត់ធ្ងន់ថា​ការសម្រេចចិត្ត​របស់​រុស្ស៊ី​គឺជា​ការ «​រំលោភ​លើ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​» ដែល​អាច​បង្ក​ផលប៉ះពាល់​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​សមាជិក​ភាគច្រើន​នៃ​ក្រុមប្រឹក្សា​សន្តិសុខបាន​ថ្កោលទោស​សកម្មភាព​របស់​ប្រទេស​រុ​ស្សុី​ថា បាន​រំលោភ​បូរណភាព​ទឹកដី​ប្រទេស​អ៊ុយ​​ក្រែ​ន​។ គួរឱ្យកត់សម្គាល់​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា មិនបាន​ថ្កោលទោស​ភាគី​ណាមួយ​ទេ ហើយ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​ឱ្យ​រក្សា​ភាព​ស្ងប់ ចៀសវាង​សកម្មភាព​បង្កើន​ភាព​តានតឹង និង​បន្ត​ស្វែងរក​មធ្យោបាយ​ការទូត​។​


​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហ​ប្រ​ជា​ជាតិ​លោក​វ៉ា​ស៊ី​លី នេ​បេន​ហ្សី​យា និយាយថា ប្រទេស​របស់លោក​ធ្វើការ​សម្រេចចិត្ត​បែបនេះ​ គឺ​ដើម្បី​ការពារ​ប្រជាជន​ក្នុង​តំបន់​ផ្ដាច់ខ្លួន​ពី​ការវាយប្រហារ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​និយាយថា​៖ «​មុខងារ​រក្សា​សន្តិភាព​ក្នុង​ទឹកដី​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធរុស្ស៊ី​»​។​

​លោក​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​មិនបាន​បំពេញ​កាតព្វកិច្ច​កសាង​សន្តិភាព​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១៥ ហើយ​បាន​ជំរុញ​ឱ្យ​សម​ភាគី​លោកខាងលិច​ឱ្យ «​ភ្ញាក់ឡើង ដាក់​អារម្មណ៍​របស់​ពួកគេ​ដោយឡែក ហើយ​កុំ​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ពិបាក​»​។​


​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី​ លីន​ដា ថូ​មា​៉​ស​គ្រី​ន​ហ្វៀ​ល ចាត់ទុក​ការដាក់​ពង្រាយ «​ទ័ព​រក្សា​សន្តិសុខ​របស់​រុស្ស៊ី​» គឺ​មិន​សម​ហេតុ​សម​ផល ហើយ​បាន​និយាយ​សកម្មភាព​ទាំងនេះ​នឹង​បង្ក​ផលប៉ះពាល់​នៅ​ជុំវិញ​ពិភពលោក​៕