ខណៈពេលដែល​ប្រជាជន​ចិន​ចូល​​រួម​អបអរសាទរ​ការ​ឈ្នះ​មេដាយមាស​ចំនួន​ ៩ ​របស់​ក្រុម​កីឡាករ​ចិន​នៅ​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង សមាជិក​ទាំង​ ៧ ​រូប ​នៃ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន កំពុង​ពិចារណា​គ្រប់​​ជ្រុងជ្រោយ​ពី​ស្ថានភាព​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ទីក្រុង​ប៉េកាំង​អាចឆ្លើយតប​។​

​ក្រុមមន្ត្រី​កំពូលៗ​ចិន​ទាំងនេះ​យល់​​ដឹង​ពី​របៀប​ដែល​បញ្ហា​នេះ អាច​ប៉ះ​​ពាល់​ដល់​ប្រទេស​ខ្លួន ប្រសិនបើ​ដើរ​ផ្លូវខុស ស្រប​ពេលដែល ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) នៅតែ​បន្ត​ភាពមិន​ចុះ​ញ៉ម​ក្រោម​គំនាប​ទណ្ឌកម្ម​លោកខាងលិច ហើយ​បន្ត​វាយលុក​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​កម្ដៅ​នៃ​សង្គ្រាម​កាន់តែ​ក្ដៅ​ទៅៗ​។

​ចិន​ស្ដីបន្ទោស​សហរដ្ឋអាមេរិក ចំពោះ​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន ហើយ​ធ្វើតាម​ការដឹកនាំ​របស់​រុស្ស៊ី​ក្នុង​ការហៅ​សង្គ្រាម​ថា ​ជា «​ប្រតិបត្តិការ​យោធា​ពិសេស​» ជំនួស​ឱ្យ​ការ​ហៅថា «​ការឈ្លានពាន​» ដូច​លោកខាងលិច​។​


​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ប្រាប់​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​ កាលពី​ថ្ងៃទី ​២៥ ខែកុម្ភៈថា ចិន​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការគោរព និង​ការពារ​អធិបតេយ្យភាព និង​បូ​រណ​ភាព​ទឹកដី​នៃ​ប្រទេស​ទាំងអស់ រួមទាំង​អ៊ុយ​ក្រែ​ន ហើយ​ថា រុស្ស៊ី និង​អ៊ុយ​ក្រែ​ន គួរ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការសន្ទនា​។​

​ងាក​មក​នយោបាយ​ក្នុងស្រុក​វិញ ទោះបី​មន្ត្រី​កំពូលៗ​ចិន​ទាំង ៧ រូប ​ហាក់ដូច​ជាមាន​ភាពស្ងប់ស្ងាត់​លើ​បញ្ហា​នេះ ប្រភព​ចិន ​១ ​រូប​និយាយប្រាប់​កាសែត Nikkei Asia ជា​អនាមិក​ថា​៖ «​ការដឹកនាំ​ជា​សមូហ​ភាព​អាច​នឹង​ត្រឡប់មកវិញ​ ដោយ​​សារ​តែ​បញ្ហា​អ៊ុយ​ក្រែ​ន​»​។


​ចាប់តាំងពី​ក្លាយជា​មេដឹកនាំ​កំពូល​របស់​ចិន​ក្នុង​ឆ្នាំ ២០១២ លោក ស៊ី ជីន​ភីង (Xi Jinping) បាន​រុះរើ​ប្រព័ន្ធ​ដឹកនាំ​ជា​សមូហភាព​ដែល​ដាក់ឱ្យ​ដំណើរការ​ដោយ​អតីត​មេដឹកនាំ​លោក Deng Xiaoping ដើម្បី​ការពារ​មិនឱ្យ​មានការ​គ្រប់គ្រង​ដោយ​មនុស្ស​តែ​ម្នាក់​ដូច​ក្នុងសម័យ​កាល​ លោក ម៉ៅ សេទុង (Mao Zedong)​។​

​វា​មាន​សុវត្ថិភាព​ក្នុងការ​សន្មត​ថា ភាព​ចម្រុះ​នៃ​មតិ​នៅតែមាន​ក្នុងចំណោម​មេដឹកនាំ​កំពូល​របស់​ចិន​ ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ វា​ទំនងជា​ថា សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍​មួយចំនួន​កំពុង​ចោទ​សួរថា តើ​ល្អ​ឬ​យ៉ាងណា​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ចុះចូល​ជាមួយ​លោក Putin នាពេលនេះ​។​

​សញ្ញា​បែបនេះ​មួយ បានបង្ហាញ​ខ្លួន ក្នុងការ​អត្ថាធិប្បាយរ​ប​ស់ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​លោក Zhang Jun ក្នុងអំឡុងពេល​សម័យ​ប្រជុំ​បន្ទាន់​នៃ​មហាសន្និបាត ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ លោក Zhang ប្រាប់​អង្គប្រជុំ​នាពេលនោះ​ថា​៖ «​ស្ថានការណ៍​បាន​វិ​វត្ត​ដល់​ចំណុច​មួយ​ដែល​ចិន​មិន​ចង់ឃើញ​។ វា​មិនមែនជា​ប្រយោជន៍​របស់​ភាគី​ណាមួយ​ទេ​»​។​

​លោក Katsuji Nakazawa អ្នក​​និពន្ធ​វិចារណកថា​ នៃ​កាសែត​ជប៉ុន Nikkei Asia សរសេរ​ក្នុង​អត្ថបទ​វិភាគ​របស់លោក​ថា ការលើកឡើង​របស់លោក Zhang មាន​ភាពខុស​​ប្លែក​ខ្លះ​ពី​អ្វីដែល​រដ្ឋាភិបាល​ចិន​ប្រកាន់​ជំហរ ហើយ​លោក​ទំនងជា​ឆ្លុះបញ្ចាំង​ពី​ការជំទាស់​ក្នុង​ក្រុម​មេដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនីស្ត​ចិន​។

​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ចិន​ក៏​មិន​ងាករេ​ក្នុង​ការគាំទ្រ​លោក Putin ស្របពេល​ដែលថា ខ្លួន​ប្រកាស​គោរព​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នោះ​មិនមែន​មានន័យថា សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍​ទាំង​ ៧​ រូប ស្ថិតក្នុង​ការជាប់គាំង​នោះទេ​។

​អ្នកស្រី Zsuzsa Anna Ferenczy អ្នកជំនាញ​ខាង​ទំនាក់​​ទំនង​សហភាព​អឺរ៉ុប​-​ចិន និយាយថា​៖ «​ទីក្រុង​ប៉េកាំង​ ធ្វើឱ្យមាន​តុល្យភាព​ជំហរ​របស់ខ្លួន ប៉ុន្តែ​មិនដែល​បាត់បង់​ការមើលឃើញ​ពី​ផលប្រយោជន៍ និង​គោលការណ៍​របស់ខ្លួន​ក្នុង​ដំណើរការ​នោះឡើយ​»​។

​លោក Nakazawa និយាយថា បញ្ហា​ធំ​បំផុត​គឺ​ការពង្រឹង​ភាពជា​ដៃគូ​រវាង​ចិន​-​រុស្ស៊ី ឱ្យស្រប​តាម​ជំហរ​របស់លោក​ស៊ី​។​លោក ស៊ី ចូលចិត្ត​ការធ្វើ​សេចក្តីសម្រេចចិត្ត​ពី​ថ្នាក់លើ​ទៅ​ក្រោម ក្នុងនាម «​ភាពជា​អ្នកដឹកនាំ​ដែលមាន​លក្ខណៈ​ជា​មជ្ឈិម និង​ឯកភាព​»​។ ប្រសិនបើ​គណៈ​ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍​បោះឆ្នោត​បោះបង់​គោលនយោបាយ​ដែល​លោក​ធ្វើការ​​តស៊ូ​មតិ​នោះ វា​នឹង​ធ្វើឱ្យ​លោក​ចាញ់​នយោបាយ​ជា​ចាំបាច់​។​

​លោក Nakazawa និយាយទៀតថា ការធ្លាក់ចុះ​នៃ​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​អាចធ្វើ​ឱ្យអំណាច​របស់លោក ស៊ី កាន់តែ​យ៉ាប់​​យ៉ឺ​ន ដោយ​បើកផ្លូវ​សម្រាប់​ការផ្លាស់​ប្តូរ​គោលនយោបាយ​ផ្សេងទៀត​នៅក្នុង​សេដ្ឋកិច្ច និង​បញ្ហាសំខាន់ៗ​ផ្សេង​​ទៀត​។ ប្រសិនបើ​សេណារីយោ បែបនេះ​កើតឡើង វា​នឹង​ជះឥទ្ធិពល​ដល់​សមរភូមិ​នយោបាយ​ក្នុងស្រុក​ក្នុង​សមាជជាតិ​ បន្ទាប់​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​៕

​ហួន ឌី​ណា

វីដេអូ៖