តុលាការ​ក្រុង​ម៉ូស្គូ​ កាល​ពី​ថ្ងៃ​អង្គារ​ កាត់​ទោស​មេដឹកនាំ​​ប្រឆាំង​​រុស្ស៊ី​​​លោក​ Alexey Navalny ​ពី​បទ​បោកប្រាស់​ និង​មើល​ងាយ​តុលាការ​ ឱ្យ​ជាប់​ពន្ធនាគារ​ ៩ ​ឆ្នាំ​បន្ថែម​ទៀត​ ដែល​អ្នក​រិះ​គន់​លោក ​ប្រធានាធិបតី ​វ្ល៉ាឌីមៀ​ ពូទីន​ មើល​ឃើញ​ថា​ ធ្វើ​ឡើង​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ក្រោម​ហេតុ​ផល​នយោបាយ​។​ ​

រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក​ Navalny ​ពី​បទ​បោក​ប្រាស់​ប្រាក់​ដែល​លោក​ និង​មូលនិធិ​របស់​លោក​រៃអង្គាស​ឡើង​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ហើយ​​ប្រមាថ​ចៅក្រម​ក្នុង​អំឡុង​ពេល​សវនាការ​មុន​។​ ប៉ុន្តែ​លោក​ Navalny ​​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​ថា​ជា​ការ​ចោទ​ប្រកាន់​នយោបាយ​។​

តុលាការ​​ក៏​បាន​​សម្រេច​​ផង​ដែរ​​​ថា​ ​លោក​ Navalny ​ត្រូវ​​ផ្លាស់​​ចេញ​ពី​​ជំរំ​​ពន្ធនាគារ​​ក្បែរ​​ទីក្រុង​​ម៉ូស្គូ​ ​ទៅ​កាន់​​ពន្ធនាគារ​​សុវត្ថិភាព​​ខ្ពស់​ ដែល​​ទំនង​ជា​​នៅ​​ឆ្ងាយ​​​ពី​​ទី​ក្រុង​​ម៉ូស្គូ​​​។​ ក្រុម​​របស់​​លោក​និយាយ​ថា​ ការ​សម្រេច​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​ពិបាក​​​​ក្នុង​​ការ​​ចូល​ពិនិត្យ​សុខទុក្ខ​របស់​លោក​។​


អ្នក​នាំ​ពាក្យ​លោក​ Navalny ​លោក​ Kira Yarmysh ​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖​ «​ដោយ​គ្មាន​ការ​ការពារ​សាធារណៈ​ Alexey ​នឹង​ប្រឈម​មុខ​នឹង​អ្នក​ដែល​​ព្យាយាម​សម្លាប់​លោក​ ហើយ​គ្មាន​អ្វី​នឹង​រារាំង​ពួក​គេ​ពី​ការ​ព្យាយាម​ម្តង​ទៀត​ទេ​។​ហេតុ​ដូច្នេះ​ហើយ​ ឥឡូវ​នេះ​យើង​កំពុង​និយាយ​មិន​ត្រឹម​តែ​អំពី​សេរីភាព​របស់​លោក ​Alexey ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អំពី​ជីវិត​របស់​លោក​ផង​ដែរ​»​។​ គេ​មិន​ច្បាស់​ភ្លាម​ៗ​ទេ​ថា​តើ​លោក​ Navalny ​​នឹង​ជាប់​​ទោស​ថ្មី​ក្នុង​ពេល​ដំណាល​គ្នា​ជាមួយ​ការ​កាត់​ទោស​ដែល​មាន​ស្រាប់​របស់​លោក​ ឬ​ទាល់​តែ​ទោស​ចាស់​បញ្ចប់​។​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ «​ការ​កាត់​ទោស​ក្រោម​ហេតុផល​នយោបាយ​»​។​ ក្រសួង​នេះ និយាយ​ថា​៖​ «​ការ​ជាប់​ពន្ធនាគារ​​​នេះ​គឺ​ជា​ការ​បន្ត​​កា​រ​វាយ​ប្រហារ​ដ៏​យូរ​ឆ្នាំរ​បស់​វិមាន​ក្រឹមឡាំង​មក​លើ​លោក​ Navalny ​និង​លើ​ចលនា​របស់​លោក​ដើម្បី​តម្លាភាព​ និង​គណនេយ្យភាព​របស់​រដ្ឋាភិបាល​»​។​​


លោក​ Navalny ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មករា​ ឆ្នាំ ​២០២១ ​ភ្លាម​ៗ​នៅ​ពេល​លោក​ត្រឡប់​មក​ពី​ប្រទេស​អាល្លឺម៉ង់​ ជា​កន្លែង​ដែល​លោក​សម្រាក​ព្យាបាល​ពី​ការ​បំពុល​ថ្នាំ​ដែល​លោក​ចោទ​​វិមាន​ក្រឹម​ឡាំង​រយៈ​ពេល​ ៥ ​ខែ​។​ ភ្លាម​ៗ​​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ តុលាការ​​កាត់​ទោស​លោក​ឱ្យ​ជាប់​គុក​ ២ ​ឆ្នាំ​កន្លះ​​ ជុំ​​វិញ​ការ​បំពាន​លើ​ការ​ដោះលែង​ ដែល​ផ្តើម​ចេញ​ពី​ការ​កាត់​ទោស​ដែល​ត្រូវ​ព្យួរ​​​ឆ្នាំ​ ២០១៤ ​នៅ​ក្នុង​សំណុំ​រឿង​ក្លែង​បន្លំ​។​ ​

បន្ទាប់​ពី​ការ​ជាប់​ពន្ធនាគារ​របស់​ Navalny ​អាជ្ញាធរ​បាន​បញ្ចេញ​ការ​បង្ក្រាប​យ៉ាង​ធំ​លើ​សហការី​ និង​អ្នក​គាំទ្រ​របស់​លោក​ ទាំង​ដាក់​​មូលនិធិ​ផ្សេង​ៗ​របស់​លោក​ឱ្យ​នៅ​ក្រៅ​ច្បាប់​ ថា​ជា​ក្រុម​ជ្រុល​និយម។​ ​កាល​ពី​ខែ​មុន​ មន្ត្រី​រុស្ស៊ី​បាន​បន្ថែម​លោក​ Navalny ​និង​សហការី​របស់​លោក​មួយ​ចំនួន​ទៅ​ក្នុង​បញ្ជី​រដ្ឋ​នៃ​ក្រុម​ជ្រុល​និយម​ និង​ភេរវករ​៕

ហួន​ ឌីណា​