ហុងគ្រីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនត្រៀមធ្វើការទូទាត់ជាប្រាក់រូប្លិ៍សម្រាប់ការនាំចូលឧស្ម័នធម្មជាតិ (ហ្គាស) ពីរុស្ស៊ីតាមការទាមទាររបស់ក្រុងម៉ូស្គូ ផ្ទុយទៅនឹងជំហររួមរបស់សហភាពអឺរ៉ុបដែលប្រឆាំងនឹងការចង់បាននេះ។
លោកនាយករដ្ឋមន្ត្រី Viktor Orban ដែលទើបជាប់ឆ្នោតអាណត្តិទី៤ កាលពីសប្ដាហ៍មុននេះបាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ហុងគ្រីនឹងចំណាយលើការនាំចូលហ្គាសជាប្រាក់រូប្លិ៍ តាមការស្នើរបស់រុស្ស៊ី។
ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ព្រមានអឺរ៉ុបពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ហ្គាស ប្រសិនបើមិនទូទាត់ការចំណាយជាប្រាក់រូប្លិ៍ ដែលជាការសងសឹកមួយរបស់ក្រុងម៉ូស្គូ ទៅនឹងទណ្ឌកម្មរបស់បស្ចិមលោកដែលខ្លួនហៅថាអមិត្ត។
ការត្រៀមលក្ខណៈរបស់ហុងគ្រីតាមសម្ដីរបស់លោក Orban ខុសពីជំហររបស់គណៈកម្មការអឺរ៉ុបដែលនិយាយថា អ្នកដែលមានកិច្ចសន្យាទូទាត់ជាប្រាក់អឺរ៉ូ ឬដុល្លារ គួរតែប្រកាន់ខ្ជាប់តាមកិច្ចសន្យា ហើយជំទាស់ទៅនឹងការទាមទាររបស់រុស្ស៊ី ទោះបីជិតដល់កំណត់ត្រូវទូទាត់ក្ដី។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto និយាយថា អាជ្ញាធរសហភាពអឺរ៉ុប «គ្មានតួនាទី» ក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់ហ្គាសរបស់ខ្លួនជាមួយរុស្ស៊ី ដែលផ្អែកលើកិច្ចសន្យាទ្វេភាគីរវាងក្រុមហ៊ុនរដ្ឋហុងគ្រី MVM និងក្រុមហ៊ុនរុស្ស៊ី Gazprom នោះឡើយ។
ហុងគ្រី គឺជាប្រទេសមួយក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលច្រានចោលទណ្ឌកម្មលើការនាំចូលថាមពលប្រឆាំងនឹងទីក្រុងម៉ូស្គូ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន ខណៈលោក Orban ដែលស្និទ្ធនឹងរុស្ស៊ី សន្យាការពារសន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័នសម្រាប់ប្រទេសរបស់ខ្លួន។
ប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើថាមពលប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ីនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេលវែងថ្មីកាលពីឆ្នាំមុន ដែលក្រុមហ៊ុន Gazprom នឹងត្រូវដឹកជញ្ជូនឧស្ម័ន ៤,៥ ប៊ីលានម៉ែត្រគុបជារៀងរាល់ឆ្នាំតាមការរំពឹងទុក៕
ហួន ឌីណា
វីដេអូ៖