សម្រាប់​បេក្ខជន​នៃ​ក្រុម​អភិជន​និយម​របស់​គណបក្ស​សាធារណរដ្ឋ​អាមេរិក លោក​ ដេ​វី ម៉ាក់​ខូ​មិច គឺ​ហាក់ដូច​ជាមាន​ប្រវត្តិរូប​ល្អឥតខ្ចោះ​។ លោក​គឺជា​អតីត​និស្សិត​យោធា​នៅ​សាលា West Point លោក​គឺជា​អតីត​ទ័ព​ពិសេស Ranger ដែលមាន​សញ្ញាបត្រ​បណ្ឌិត​ពីសា​កល​​វិទ្យាល័យ Princeton លោក​ចំណាយពេល​ជាច្រើន​ឆ្នាំ​បម្រើការ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ ច​ច ដា​បែ​ល​យូ ប៊ូ​ស ហើយ​ថ្មីៗ​នេះ​លោក គឺ​នាយក​​ប្រតិបត្តិ​នៃ Bridgewater Associates ដែលជា​មូលនិធិ​វិនិយោគឯកជន​ធំជាងគេ​ក្នុង​ពិភពលោក​។​

​ប៉ុន្តែ​កាលពី​ខែ​មុន​លោក ​ម៉ាក់​ខូ​មិច បានប្រកាស​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania ដោយ​ប្រកាន់យក​ជំហរ​យ៉ាង​ជិត​​ស្និទ្ធ​ជាមួយ​អតីត​ប្រធានាធិបតី​លោក ​ដូ​ណា​ល់ ត្រាំ​។​

​លោក ​ត្រាំ មិនបាន​ចូលរួម​កម្មវិធី​នេះ​ដោយផ្ទាល់​ទេ​ ប៉ុន្តែ​អតីតមន្ត្រី​ដែល​ស្មោះ​ត្រង់​ជាច្រើន​ដូចជា​អតីត​អ្នកនាំពាក្យ​សេត​​វិមាន​លោកស្រី​ សា​រ៉ា ហ៊ូ​កាប៊ី សាន់​ឌ័​រ ​បាន​តម្រង់​ជួរ​នៅលើ​ឆាក​កម្មវិធី​ ដើម្បី​បង្ហាញថា​លោក​ ម៉ាក់​ខូ​មិច​ បានទទួល​ការគាំទ្រ​របស់​ពួកគេ​ និង​ការគាំទ្រ​របស់លោក ​ត្រាំ​។​


​នៅ​ថ្ងៃ​ដដែល​បេក្ខជន​មួយទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​លោក ​ម៉ី​ម៉េ​ត​ អហ្ស ដែលជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង និង​ជា​ពិធីករ​នៃ​កម្មវិធី «Dr. Oz» ក៏បាន​ប្រកាស​ប្រជែង​ឈរឈ្មោះ​អាសនៈ​ព្រឹទ្ធ​សភា​នេះ​ផងដែរ​។ កម្មវិធី​ប្រកាស​បេ​ក្ខ​ភាព​របស់លោក​ អហ្ស ក៏មាន​ការចូលរួម​ពី​មន្ត្រី​របស់លោក​ ត្រាំ ​ជាច្រើន​ផងដែរ​ ដូចជា​អតីត​ក្រសួង​ថាមពល​គឺ​លោក ​រិ​ក ភី​រី ក៏ដូចជា​ប្រភព​ថវិកា​យុទ្ធនាការ​បោះឆ្នោត​ធំៗ​របស់លោក​ ត្រាំ​ ផងដែរ​ ដូចជា​សេដ្ឋី​ប្រេង​លោក​ ហា​រ៉ូ​ល ហាំ​។​

​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​គណ​​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Pennsylvania ខែក្រោយ​ត្រូវបាន​គេ​រំពឹងថា ​ជា​ចំណុច​របត់​ដ៏​ធំ​មួយ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ចុងឆ្នាំ​នេះ​។ ក្នុង​ឆ្នាំ ​២០២០ លោក ​ចូ បៃ​ដិ​ន បាន​យកឈ្នះ​លើ​លោក​ ត្រាំ​ នៅ​រដ្ឋ​នេះ ប៉ុន្តែ​ដោយ​គម្លាត​សំឡេង​ដ៏​តូច​ប៉ុណ្ណោះ​។ នៅក្នុង​ព្រឹទ្ធសភា​បច្ចុប្បន្ន​សំឡេង​គឺ​បែងចែក​ស្មើគ្នា ៥០-៥០ រវាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​អាច​កាន់កាប់​ការគ្រប់គ្រង​បាន​ដោយសារ​មាន​អនុ​ប្រធានាធិបតី​ដែល​ក៏​ដើរតួ​ជា​ប្រធានព្រឹទ្ធសភា ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​។ ការជ្រើសរើស​បេ​ក្ខ​ជន​គណបក្ស​សាធារណរដ្ឋ គឺ​នឹង​សម្រេច​មាគ៌ា​ថា តើ​គណបក្ស​សាធារណរដ្ឋ​អាច​ដណ្ដើម​ការគ្រប់គ្រង​សភា​ជាន់ខ្ពស់​នេះ​បាន​ឬទេ​?


​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​នេះ​​ ក៏​នឹង​ការ​ក្លាយជា​ការសាកល្បង​ឥទ្ធិពល​របស់លោក​ ត្រាំ​ នៅក្នុង​បក្ស​សាធារណរដ្ឋ នៅពេលដែល​បេក្ខជន​បក្ស​នេះ​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំងប្រទេស​ក្រាប​លំឱនកាយ​ ដើម្បី​ធានា​ការគាំទ្រ​ពី​អតីត​ប្រ​ធា​​នា​ធិបតី​រូបនេះ​។​

​លោក​​ ម៉ាក់​ខូ​មិច និង​លោក ​អហ្ស គឺជា​បុគ្គល​វណ្ណៈ​អភិជន ហើយ​ទើបតែ​ឈរ​​ឈ្មោះ​បោះ ឆ្នោត​លើកដំបូង​ប៉ុណ្ណោះ​។ ពួកគេ​បាន​ប្រកាន់ខ្ជាប់​នូវ​មនោគមន៍វិជ្ជា​របស់លោក​ ត្រាំ ហើយ​ត្រូវបាន​គេ​រំពឹងថា​ ជា​បេក្ខជន​នាំមុខគេ​ក្នុងចំណោម​បេ​ក្ខ​​ជន​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ មិនមែន​គ្រប់គ្នា​សុទ្ធតែ​ជឿជាក់​លើ​អន្តរាគមន៍​របស់លោក ​ត្រាំ និង​អ្នកគាំទ្រ​របស់លោក ជាពិសេស​ដោយសារ​បញ្ហា​ផ្លូវច្បាប់​ជាច្រើន​ដែល​លោក​ ត្រាំ និង​សម្ព័ន្ធ​កំពុង​ប្រ​ឈមមុខ ខណៈពេលដែល​មួយចំណែក​ធំ​នៃ​ប្រជាជន​នៅ​បន្ត​មិន​ពេញចិត្ត​ចំពោះ​អតីត​ប្រធានាធិបតី​រូបនេះ​។​

​អ្នកវិភាគ​មួយចំនួន​និយាយថា បេក្ខជន​ទាំង ​២ ​នេះ គឺ​ឈរឈ្មោះ​ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​កំពុង​ធ្វើ​ពុត​ជា​អ្នកគាំទ្រ​លោក​ ត្រាំ​។ គេ​ក៏​និយាយថា យុទ្ធសាស្ត្រ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មិនសូវ​ល្អ ដោយសារ​នៅ​រដ្ឋ Pennsylvania លោក​ ត្រាំ បាន​ចាញ់​សំឡេងឆ្នោត​របស់លោក ​បៃ​ដិ​ន កាលពី​ឆ្នាំ​ ២០២០​។​

​ប៉ុន្តែ​អ្នក​និយាយថា យុទ្ធសាស្ត្រ​នេះ គឺ​ចាំបាច់​យ៉ាងហោចណាស់​នៅក្នុង​ករណី​ដែលមាន​គូប្រជែង​ច្រើន​នៅក្នុង​គណបក្ស​របស់ខ្លួន​។ បើតាម​សម័យ​បោះ​​ឆ្នោត​មុនៗ មានតែ​សមាជិក​ស្មោះត្រង់​ខ្លាំង​ប៉ុណ្ណោះ ដែល​ចូលរួម​ក្នុង​ការបោះ​​ឆ្នោត​ជ្រើសរើស​បេក្ខជន​បក្ស​។​

​បើទោះបីជា​លោក​ ត្រាំ យល់ព្រម​គាំទ្រ​បេក្ខជន​ជាង ១០០ នាក់​មកដល់ពេលនេះ គឺ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា លោក​ត្រាំ​នឹងមិន​ចូលធ្វើ​អន្តរាគមន៍​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania បន្ទាប់ពី​បេក្ខជន​នៅ​រដ្ឋ​នេះ​ដែល​លោក​ប្រកាស​គាំទ្រ​កាលពី​ឆ្នាំមុន​បាន​បរា​ជ័យ​ក្នុងការ​បោះឆ្នោត​។​

​ប៉ុន្តែ​លោក ​ត្រាំ ដែល​ល្បីឈ្មោះ​ដោយសារ​អាជីព​របស់លោក​នៅលើ​កញ្ចក់​ទូរទស្សន៍​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​នៅពេលដែល​លោក​ប្រកាស​គាំទ្រ​លោក ​អហ្ស ធ្វើឱ្យ​វេជ្ជបណ្ឌិត​លើ​កញ្ចក់​ទូរទស្សន៍​រូបនេះ​មានការ​កើនឡើង​ការគាំទ្រ​ក្នុង​ដំណាក់​ចុងក្រោយ​នៅ​យុទ្ធនាការ​ជ្រើស​​រើស​បេក្ខជន​បក្ស​។​

​ការស្ទង់មតិ​សមាជិក​បក្ស​សាធារណរដ្ឋ មុន​អន្តរាគមន៍​របស់លោក​ ត្រាំ បាន​បង្ហាញថា លោក ​ម៉ា​ខូ​មិច បានទទួល​ការគាំទ្រ ២១,៨ ភាគរយ ខណៈពេលដែល​លោក​ អហ្ស ទទួល​ការគាំទ្រ ១៧,៦ ​ភាគរយ​។ ប៉ុន្តែ​តិចជាង​​១​ ខែ​មុន​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​កើតឡើង សមាជិក​គណបក្ស​សាធារណរដ្ឋ​ជិត​ពាក់កណ្ដាល​បាន​និយាយថា ពួកគេ​នៅ​មិនទាន់​សម្រេច​ថា គាំទ្រ​នរណា​។ នេះ​មានន័យថា អន្តរាគមន៍​របស់លោក​ ត្រាំ ហាក់ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​ដូចពេលមុនៗ​ទេ​៕