
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ រូបថត AFP
ក្នុងការគំរាមទៅកាន់លោកខាងលិចកាលពីថ្ងៃពុធ ទី ២៧ មេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្ដេជ្ញាធ្វើការសងសឹកលឿនដូច «ផ្លេកបន្ទោរ» លើប្រទេសណាដែល «ជ្រៀតជ្រែក» ចូលក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកនិយាយថា៖ «ប្រសិនបើនរណាម្នាក់ផ្សងព្រេង ដើម្បីធ្វើអន្តរាគមន៍ពីខាងក្រៅ ហើយបង្កការគំរាមកំហែងមិនទទួលយកបាន ដែលមានធម្មជាតិយុទ្ធសាស្ត្រ ទៅលើរុស្ស៊ី ពួកគេគួរតែដឹងថា ការវាយប្រហារសងសឹកនឹងប្រព្រឹត្តទៅដោយល្បឿនរន្ទះ»។
«យើងមានឧបករណ៍ទាំងអស់ដើម្បីធ្វើរឿងនេះ។ ប្រភេទឧបករណ៍ដែលគ្មាននរណាម្នាក់អាចអួតឥឡូវនេះ» លោក ពូទីន បាននិយាយបែបនេះ ដោយហាក់ដូចជា សម្តីទៅមីស៊ីលលឿនជាងសំឡេង ដែលរុស្ស៊ីប្រើប្រាស់នៅអ៊ុយក្រែន កាលពីខែមុន។
លោកបន្ថែមទៀតថា៖«យើងនឹងមិនអួត យើងនឹងប្រើពួកវាប្រសិនចាំបាច់។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹង»។
ប្រទេសជាសមាជិកណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតបានសន្យាបន្តការគាំទ្រអ៊ុយក្រែន នៅពេលដែលរុស្ស៊ីបង្កើនការវាយលុករបស់ខ្លួននៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។
នៅសប្ដាហ៍នេះ រុស្ស៊ីបានបង្កឱ្យកំហឹងអន្តរជាតិ បន្ទាប់ពីពួកគេនិយាយថា ការគាំទ្ររបស់លោកខាងលិចចំពោះក្រុងកៀវ ក្នុងអំឡុងពេលការលុកលុយរបស់ខ្លួន អាចនឹងឈានដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
ក្រុងម៉ូស្គូ បានការពារ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនម្ដងហើយម្ដងទៀតក្នុងប្រទេសអ៊ុយក្រែនថា ជាការ «បំបាត់លទ្ធិណាហ្សីនិយម» នៅប្រទេសនេះ ជាការអះអាងអ៊ុយក្រែន និងលោកខាងលិចច្រានចោល៕
វីដេអូ៖