​មេដឹកនាំ​ជាន់ខ្ពស់​តា​លី​បង់​ លោក Haibatullah Akhunzada អំពាវនាវ​ដល់​សហគម​ន៍ អន្តរជាតិ​ឱ្យទទួល​ស្គាល់​ការ​​គ្រប់គ្រង​របស់​អ៊ិ​ស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​សារ​មួយ​នៅមុន​ពិធីបុណ្យ​ Eid ដោយ​មិនបាន​ដោះស្រាយ​ប​បញ្ហា​ការអប់រំ​របស់​ក្មេងស្រី​ឡើយ​។

​រដ្ឋាភិបាល​ដឹកនាំ​ដោយ​តា​លី​បង់ មិនទាន់​ទទួលស្គាល់​ដោយ​ប្រទេស​ណាមួយ​នៅឡើយ ចាប់តាំងពី​ខ្លួន​វិលត្រឡប់​មកកាន់​អំណាច​វិញ កាលពី​ខែសីហា​ ឆ្នាំ ​២០២១ រយៈពេល​ ២០ ​ឆ្នាំ ក្រោយពី​ខ្លួន ត្រូវបាន​ផ្តួលរំលំ​ដោយ​ការឈ្លានពាន​ដឹកនាំ​ដោយ​អាមេរិក​។​

​លោក​ Akhunzada បាន​និយាយ​នៅក្នុង​សារ​ជា​លាយ​​លក្ខណ៍​អក្សរ​មួយ នៅមុន​ពិធីបុណ្យ​ Eid al-Fitr ដែល​ប្រារព្ធ​នៅ​ចុងបញ្ចប់​នៃ​បុណ្យ​អ៊ិ​ស្លាម​រ៉ា​ម៉ា​ដន​ថា​៖ «​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​តួនាទី​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​។


​យោងតាម​តម្រូវការ​នេះ​ពិភពលោក​គួរតែ​ទទួលស្គាល់​ការគ្រប់គ្រង​របស់​អ៊ិ​ស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។

​លោក​ Akhunzada បាន​និយាយថា ពិភពលោក​ក្លាយ​ជា​ «​ភូមិតូច​» ​មួយ​ហើយ​ទំនាក់​​ទំនង​ការទូត​ល្អប្រសើរ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​នេះ​»​។​


​នៅក្នុង​ខែមករា នាយក​​រដ្ឋមន្ត្រី​ស្តីទី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក ​Hasan Akhund ​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យទទួល​ស្គាល់​ការ​គ្រប់គ្រង​របស់​អ៊ិ​ស្លាម​ជា​ផ្លូវការ ​ខណៈ​ក្រុម​តា​លី​បង់​កំពុង​ប្រឹង​​ប្រែង​ ដើម្បី​បញ្ចប់​ភាព​ឯកោ​ផ្នែក​ការទូត​។

​ក្រុម​តា​លី​បង់បាន​សន្យា​គោរព​សិទ្ធិ​ស្ត្រី និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ​១ ​ថ្ងៃ ក្រោយពី​ខ្លួន​វិលត្រឡប់​មកកាន់​អំ​ណា​ច​ក្រោយពី​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច​របស់លោក​ប្រធានាធិបតី​Ashraf Ghani បាន​ដួលរលំ​។​

​ប៉ុន្តែ​ក្រុម​នេះ ​បាន​ប្រឈម​នឹង​ការរិះគន់​ ជុំវិញ​ការណែនាំ​ជាថ្មី​ពី​ការគ្រប់គ្រង​យ៉ាង​ហ្មត់​ចត់ ដែល​មិនឱ្យ​ស្ត្រី​ចូលរួម​ជីវិត​សាធារណៈ ហើយ​ក្រុម​​នេះ​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស​។​

​លោក​ Akhunzada មិនបាន​លើកឡើង​ពី​តម្រូវការ​អន្តរជាតិ ក្នុងនោះ​មានការ​បើក​សាលា​អនុវិទ្យាល័យ​សម្រាប់​ក្មេងស្រី​។ ជំនួស​មកវិញ លោក​បាន​និយាយថា ការទទួល​​ស្គាល់​គួរតែ​កើតឡើង​មុន ដើម្បីឱ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​របស់​យើង​ជា​ផ្លូវការ និង​ក្នុង​ស្តង់ដា និង​គោលការណ៍​ការទូត​។

​អាមេរិក​រួមជាមួយ​នឹង​ប្រទេសលោកខាងលិច​បាន​បង្ក​ក ទ្រព្យសម្បត្តិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់ពាន់​លាន​ដុល្លារ និង​កាត់​បន្ថយ​ជំនួយបាន​បណ្តាលឱ្យ​សេដ្ឋកិច្ច​ពឹង​លើ​ជំនួយ​ស្ទើរតែ​ដួលរលំ​ទាំងស្រុង​។ ជាង​ ៩០ ភាគរយ​នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀងអាហារ​។

​សារ​បុណ្យ​ Eid របស់លោក​ Akhunzada បានកើត​ឡើង ខណៈ​ប្រទេស​នេះ​ត្រូវបាន​រង្គោះរង្គើ​ដោយសារ​ការផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់ ជាការ​វាយប្រហារ​ថ្មី​បំផុត​ដែល​បាន​យក​សហគមន៍​ជនភាគតិច​ Shia Hazara ​ជា​គោលដៅ​ត្រូវបាន​អះអាង​ដោយ​ក្រុម​ IS​។

​មនុស្ស​យ៉ាងតិច​ ៩​ នាក់បាន​ស្លាប់ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងការ​វាយប្រហារ​មួយ​ប្រឆាំង​អ្នក​កាន់សាសនា​មូស្លីម Shia នៅ​ទីក្រុង​ Mazar-i-Sharif​ ភាគ​ខាងជើង​។

​លោក Akhunzada មិនបាន​លើកឡើង​អំពី​ភាពអសន្តិសុខ​ទេ ប៉ុន្តែ​បាន​និយាយថា​ ប្រទេស​នេះ​អាចបង្កើត​កងទ័ព​ជាតិ និង​អ៊ិ​ស្លាម​ដ៏​ខ្លាំងក្លា និង​អង្គការ​ស៊ើប​យកការណ៍​រឹងមាំ​មួយ​។

​ប្រទេស​ជាច្រើន​នៅ​សហគម​ន៍​អន្តរជាតិ​ចង់បាន​ជំនួយ​មនុស្សធម៌ និង​ការទទួល​​ស្គាល់​ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការស្តារ​សិទ្ធិ​របស់​ស្ត្រី​។

​ស្ត្រី​រាប់ម៉ឺន​នាក់ បាន​បាត់បង់​ការងារ​រដ្ឋាភិបាល​របស់​ពួកគេ ក្រោយពី​ក្រុម​តា​លី​បង់​កាន់​កាប់​ហើយ​ពួកគេ​ក៏ត្រូវ​រារាំង​មិនឱ្យ​ចេញពី​ប្រទេស ឬក៏​ធ្វើដំណើរ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​ក៏​មិន​ដែរ បើ​មិន​ដូច្នេះ​ទេ​ត្រូវមាន​សាច់ញាតិ​ភេទ​ប្រុស​ម្នាក់​ទៅជា​មួយ​។

​នៅក្នុង​ខែមីនា ក្រុម​តា​លី​បង់​បាន​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​សកល​ដោយបាន​បិទ​សាលា​អនុ​វិទ្យាល័យ​សម្រាប់​ក្មេងស្រី​ទាំងអស់​ប៉ុន្មាន​ម៉ោង ក្រោយពី​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​ជា​លើកដំបូង​ចាប់តាំងពី​ពួកគេ​ឡើងកាន់​អំណាច​។

​លោក ​Akhunzada បាន​និយាយថា អាជ្ញាធរ​កំពុងបើក​ម​ជ្ឈ​មណ្ឌល​ថ្មីៗ ​និង​សាលា​អ៊ិ​ស្លាម​សម្រាប់​ទាំង​ការអប់រំ​សាសនា និង​បែប​ទំនើប​ឡើងវិញ​។

​លោក​បាន​និយាយថា​៖ «​យើងគោរព និង​ប្តេជ្ញា​ចំពោះ​សិទ្ធិ​ Sharia របស់​បុរស​និង​ស្ត្រី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​...​មិន​ប្រើ​​ប្រាស់​បញ្ហា​មនុស្សធម៌​ និង​ផ្លូវ​អារម្មណ៍​ជា​ឧបករណ៍​សម្រាប់ ការបញ្ចប់​បញ្ហានយោបាយ​នោះទេ​»​។

​មេដឹកនាំ​ជាន់ខ្ពស់​តា​លី​បង់​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​កាន់​ដា​ហារ​ភាគ​ខាង​កើត​រូបនេះ ក៏បាន​និយាយថា រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចំពោះ​សេរីភាព​បញ្ចេញ​មតិយោបល់​អនុលោម​តាម​គុណ​តម្លៃ​អ៊ិ​ស្លាម ទោះបីជា​សារព័ត៌មាន​រាប់រយ​ត្រូវបាន​បិទ​ក្តី ការផ្សព្វផ្សាយ​តន្ត្រី​ជា​សាធារណៈ​ត្រូវបាន​ហាម និង​ខ្សែភាពយន្ត និង​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ស្ត្រី​ត្រូវបាន​គេ​បិទ​មិនឱ្យ​ចាក់ផ្សាយ​។

​លោក​ត្រូវបាន​គេ​ជឿថា​ មានវ័យ​ ៧០ ​ឆ្នាំ គឺជា​មេដឹកនាំ​សាសនា​នៃ​ក្រុម​តា​លី​បង់​ចាប់តាំងពី​ឆ្នាំ​ ២០១៦​។ លោក​បាន​ឡើង​ជំនួស​ Mullah Akh- tar Mansoor ដែល​បាន​ស្លាប់​ក្នុងការ​វាយប្រហា​រដ្រូន​របស់​អាមេរិក​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​៕

វីដេអូ៖