កាល​ពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​អេស្ប៉ាញ​បាន​ប្រកាស​ថា​ពួកគេ​បាន​រក​ឃើញ​មេរោគ​ចារកម្ម​ Pagasus នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉េដ្រូ សានឆេស និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោកស្រី​ម៉ាហ្គារីតា រ៉ូប៊ឺល​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ទំនាក់​ទំនង​សភា​អេស្ប៉ាញ​លោក​ហ្វីលីក បូឡាណូស ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ​ទូរស័ព្ទ​ដៃ​របស់​លោក​សានឆេស​បាន​ឆ្លង​មេរោគ​កាល​ពី​ខែ​ឧសភា ២០២១ ហើយ​យ៉ាង​ហោច​មាន​ការ​បែក​ធ្លាយ​ទិន្នន័យ​មួយ​បាន​កើត​ឡើង​។ លោក​មិន​បាន​បញ្ជាក់​ថា​តើ​នរណា​ជា​អ្នក​លួច​ឃ្លាំមើល​លោក​នាយករដ្ឋមន្ត្រី​ ឬ​ថា​ការ​ឃ្លាំមើល​នេះ​គឺ​ធ្វើ​ចេញ​ពី​ទឹកដី​បរទេស ឬ​នៅ​ក្នុង​ទឹកដី​អេស្ប៉ាញ​។

លោក​បូឡាណូស​និយាយ​ថា​៖ «អន្តរាគមន៍​នេះ​គឺ​ខុស​ច្បាប់ និង​ពី​ខាង​ក្រៅ​។ ខាងក្រៅ​ មាន​ន័យ​ថា​វា​ត្រូវ​បាន​អនុវត្ត​ដោយ​ស្ថាប័ន​ក្រៅ​ផ្លូវ​ការ​ និង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋ»​។ លោក​បន្ថែម​ទៀតថា ​រឿង​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រសួង​យុត្តិធម៌​។


ការ​ប្រកាស​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សិទ្ធិ​​ឌីជីថល​កាណាដា​ Citizen Lab បាន​និយាយ​ថា​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ឃ្លាំមើល​មនុស្ស​យ៉ាង​ហោច​ណាស់​ ៦០ នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ចលនា​ផ្ដាច់​ខ្លួន​នៃ​តំបន់​កាតាឡាន​ ដោយ​ប្រើ​ប្រាស់​មេរោគ​ Pegasus ដដែល ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល​ NSO Group។

ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​គាំទ្រ​ឯករាជ្យ​ភាព​កាតាឡាន​ ​ ERC ប្រកាស​ថា​ពួកគេ​នឹង​ដក​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល​សំឡេង​ភាគ​តិច​ រហូត​ដល់​ពេល​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​ស្ដារ​ទំនុក​ចិត្ត​ឡើង​វិញ​។


ទីភ្នាក់ងារ​ការពារ​សិទ្ធិ​ឯកជន​ភាព​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប EDPS បាន​ជំរុញ​ឱ្យ​មាន​ការ​ហាមឃាត់​ការ​ប្រើប្រាស់​មេរោគ​ Pegasus ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​អតិថិជន​របស់​ NSO បាន​ធ្វើ​ការ​រំលោភ​បំពាន​លើ​សកម្មជន​សិទ្ធ​មនុស្ស អ្នក​សារព័ត៌មាន​ និង​អ្នក​នយោបាយ​៕