កាល​ខែមីនា នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​ស្កុ​ត ម៉ូ​រី​សុន (Scott Morrison) បាន​អួតថា យុទ្ធនាការ​ការទូត​វ៉ា​ក់​សាំង​កូ​វីដ ​១៩ របស់​រដ្ឋាភិបាល​លោកនៅ​បណ្ដា​ប្រទេស​សមុទ្រ​ប៉ាស៊ីហ្វិក បាន​រារាំង «​ការ​លុកលុយ​» របស់​ចិន​ចូលក្នុង​តំបន់​នេះ​។ ប្រមាណ ២​ សប្ដាហ៍ ​បន្ទាប់ពី​ការលើកឡើង​បែបនេះ កោះ​សូ​ឡូ​ម៉ុង​បានប្រកាសថា ខ្លួន​កំពុង​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​ក្រុង​ប៉េកាំង​។​

​កិច្ចព្រមព្រៀង​របស់​កោះ​សូ​ឡូ​ម៉ុង​ជាមួយ​ប្រទេស​ចិន បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ សម្រាប់​លោក​ ម៉ូ​រី​សុន ខណៈពេលដែល​លោក​ប្រឈម​នឹង​ការ​បោះឆ្នោត នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។ ខណៈ​មានការ​បារម្ភ​ថា កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាតឱ្យ​ចិន​បង្កើត​វត្តមាន​កងទ័ពជើងទឹក​នៅ​ទីនោះ លោក​ ម៉ូ​រី​សុន ​បាន​បើក​ខ្លួន​ឱ្យ​រង​ការរិះគន់​ពី​គូប្រជែង នៅពេលដែល​លោក​អះអាងថា លោក​បាន​រារាំង ​«​ការ​លុកលុយ​»​។​

​ដោយ​មិន​គិតថា លទ្ធផល​ការបោះ​​ឆ្នោត​អូស្ត្រាលី នឹង​ទៅជា​យ៉ាងណា ភាពចម្រូងចម្រាស​នេះ បានផ្ដល់​ការ​ភ្ញាក់រឭក​ទៅកាន់​មហាអំណាច​ប៉ាស៊ីហ្វិក​នេះ ឱ្យ​ពិនិត្យមើល​ឡើងវិញ​អំពី​របៀប ដែល​ពួកគេ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់​។​


​អ្នកវិភាគ​ជាច្រើន​និយាយថា គោល​​នយោបាយ​បោះ​ជំនួយ ហើយ​មិន​ធ្វើ​អ្វី​ច្រើន​ក្រៅពីនេះ​របស់​ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​អាមេរិក គឺ​មិន​ទំនង​​ជា​គ្រប់គ្រាន់ ដើម្បី​បន្ត​រក្សា​បណ្ដា​កោះ​ក្រីក្រ​ទាំងនេះ​ឱ្យនៅ​ក្រោម​ឥទ្ធិពល​របស់​ពួកគេ​ទៀត​ទេ ខណៈ​ប្រទេស​ចិន​ ផ្ដល់​ជម្រើស​ទាក់ទាញ​ជាង​នេះ​។​

​ទំនាក់ទំនង​របស់​ចិន​ជាមួយ​បណ្ដា​កោះ​ប៉ាស៊ីហ្វិក គឺ​ខុសពី​ទំនាក់ទំនង​របស់​អូស្ត្រាលី ត្រង់ចំណុច​ថា ចិន​មិន​ផ្ដោតលើ​ការផ្ដល់​ជំនួយ​តែមួយ​ទេ ប៉ុន្តែ​ក៏បាន​ផ្ដោតលើ​ការកសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ផងដែរ​។​


​គេ​សង្កេតឃើញថា ពាណិជ្ជកម្ម​រវាង​ចិន និង​កោះ​តំបន់​ប៉ាស៊ីហ្វិក កើនឡើង​លើស​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ​ ២០១៣ មក ដោយ​មានតែ​ករណី​លើកលែងតែ ១​ គត់ គឺ​កោះ​​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​។​

​ក្នុងករណី​កោះ​សូ​ឡូ​ម៉ុង ប្រទេស​ចិន ​ទទួលយក ៦៤,៤​ ភាគរយ នៃ​ការនាំ​​ចេញ​របស់​កោះ​នេះ ហើយ​ ៣៤,៤​ ភាគ​​រយ នៃ​ការ​នាំចូល​នៃ​កោះ​នេះ គឺ​មកពី​ប្រទេស​ចិន​។ អូស្ត្រាលីបានទទួល​​យក ១,០៥ ​ភាគរយ នៃ​ការនាំចេញ​ប៉ុណ្ណោះ ហើយ​នាំចេញ​ទៅវិញ​ត្រឹមតែ ១៣,៥ ភាគរយ​ប៉ុណ្ណោះ​។ ការនាំចេញ​ភាគច្រើន​របស់​កោះ​នេះ គឺ​ឈើ ត្រី រ៉ែ​អាលុយមីញ៉ូម និង​ប្រេងដូង​។​

​ប្រទេស​ចិន ​ក៏បាន​ដណ្ដើម​តំណែង​របស់​អូស្ត្រាលី​ជា​អ្នកផ្ដល់ជំនួយ ក្នុង​តំបន់​ធំជាងគេ​។ ជំនួយ​ចម្បង​របស់​ចិន គឺ​ការផ្ដល់ប្រាក់​កម្ចីសម្បទាន សម្រាប់​ការអភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​។ ការផ្ដល់ប្រាក់​កម្ចី​ធំៗ​ទាំងនេះ ក៏​ជា​មធ្យោបាយ​បើកផ្លូវ សម្រាប់​សហ​​គ្រាស​ចិន​ធំៗ ធ្វើការ​វិនិយោគនៅ​បណ្ដា​កោះ​ទាំងនេះ​។​

​លើសពីនេះ ក្រុង​ប៉េកាំង​ ក៏​ពូកែ​ក្នុង​ការដាំដុះ​ទំនាក់ទំនង តាម​មធ្យោបាយ​ដទៃទៀត ដូចជា​ការធ្វើ​ទស្សនកិច្ច ដោយ​មេដឹកនាំ​ជាន់ខ្ពស់ ការធ្វើ​ពិធី​រួមគ្នា​ដ៏​ឱឡារិក និង​ការកោតសរសើរ ឬ​ផ្ដល់​ការគោរព​ទៅកាន់​មេដឹកនាំ​នៃ​កោះ​ទាំងនេះ​។​

​សម្រាប់​អូស្ត្រាលី ពួកគេ​គិតថា មធ្យោបាយ​តែ ១ ​គត់ ដែល​នៅសល់ ដើម្បី​ឈ្នះ​ចិន ក្នុង​សង្គ្រាម​ឥទ្ធិពល​នេះ គឺ​ការការពារ​បណ្ដា​កោះ​ក្រីក្រ​ទាំងនេះ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩​។​

​នៅ​ចុងឆ្នាំ ​២០២០ ក្រុង​កង់​បេ​រ៉ា បាន​ប្ដេជ្ញា​ចំណាយ​ប្រាក់ ៥០០ ​លាន​ដុល្លារ​អូស្ត្រាលី (​ប្រមាណ $៣៥០ ​លាន​) ទៅលើ​ជំនួយ​វ៉ាក់សាំង សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក​។ តែ​ស្របពេល​ជាមួយគ្នានេះ ក្រុង​ប៉េកាំង​ ប្រកាស​ចែកចាយ​វ៉ាក់សាំង​របស់ខ្លួន ដើម្បី​ជួយ​ដល់ «​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង និង​តម្លៃ​សមរម្យ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ រួមទាំង​ប្រទេស​កោះ​ប៉ា​ស៊ី​​ហ្វិ​ក​ផងដែរ​»​។​

​ចិន​បាន​បំពេញ​ការសន្យា​របស់ខ្លួន​បាន​លឿន​ជាង និង​ច្រើនជាង​ប្រទេស​អូស្ត្រាលី ដែល​ធ្វើឱ្យមាន​ការប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន​យ៉ាង​លើសលប់ នៅ​បណ្ដា​ប្រទេស​ទាំងនោះ​។ ស្របពេល​ជាមួយគ្នានេះដែរ ប្រទេស​ចិន ​បានផ្ដល់​ប្រាក់កម្ចី​យ៉ាង​ទូលំទូលាយ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ប្រទេស​ទាំងនេះ ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ​កូ​វីដ ​១៩៕

វីដេអូ៖