កាលពីថ្ងៃចន្ទ ទី ១៦ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា គ្មានការគំរាមកំហែងអ្វីទេ ចំពោះរុស្ស៊ី ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ ប៉ុន្តែព្រមានថា ក្រុងម៉ូស្គូនឹងធ្វើការឆ្លើយតប បើសម្ព័ន្ធភាពយោធាលោកខាងលិចនេះ ធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធានៅសមាជិកថ្មីទាំង ២ នេះ។
លោក ពូទីន បានលើកឡើងម្ដងហើយម្ដងទៀតថា ការពង្រីករបស់អង្គការណាតូមកកាន់ព្រំដែនរុស្ស៊ីក្រោយការដួលរំលំសហភាពសូវៀត គឺជាចំណុចតានតឹងធំបំផុត ដែលបង្កឱ្យមានសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ប៉ុន្តែលោក ពូទីន បានឆ្លើយតបខុសពីធម្មតា ចំពោះការស្នើសុំរបស់ស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលជាសមាជិកអង្គការណាតូ ដែលជាផលវិបាកយុទ្ធសាស្ត្រធំបំផុតនៃការឈ្លានពានរបស់រុស្ស៊ី។
លោក ពូទីន បាននិយាយ នៅក្នុងកិច្ចប្រជុំអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) រួមមានបេឡារុស អាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថានថា៖ «ចំពោះការពង្រីក រុស្ស៊ីមិនមានបញ្ហាជាមួយរដ្ឋទាំងនេះទេ គ្មានទេ។ ដូច្នេះក្នុងន័យនេះមិនមានការគំរាមកំហែងភ្លាមៗចំពោះរុស្ស៊ី ពីការពង្រីកដើម្បីរួមបញ្ចូលប្រទេសទាំងនេះទេ»។
បើទោះជាយ៉ាងនេះក៏ដោយ លោក ពូទីន បាននិយាយថា៖ «ប៉ុន្តែការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ក្នុងទឹកដីនេះពិតជានឹងបង្កឱ្យមានការឆ្លើយតបពីយើង។ វា (ការឆ្លើយតប) គឺជាអ្វីយើងនឹងមើលអ្វី ដែលជាការគំរាមកំហែងបង្កើតឡើងសម្រាប់យើង»៕
វីដេអូ៖