កាល​ពី​ថ្ងៃ​ចន្ទ​ រដ្ឋមន្រ្តី​ការបរទេស​ចិន ​លោក​ វ៉ាង ​យី​ (Wang Yi) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​ហ្វ៊ីជី ដោយ​ជួប​ប្រជុំ​ជាមួយ​នឹង​សមភាគី​មក​ពី​កោះ​ចំនួន ១០ ​ផ្សេង​ទៀត ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដូច​គ្នា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​ទូត​ចិន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​លោក​ខាង​លិច​ ជុំវិញ​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង ​ក្នុង​តំបន់​។​

កាល​ពី​សប្ដាហ៍​មុន​ មុន​ជំនួប​នេះ​ធ្វើ​ឡើង​កិច្ច​ព្រមព្រៀង​មួយ​ ​ដែល​គ្រប​ដណ្តប់​អ្វី​ៗ​គ្រប់​យ៉ាង​ រាប់​ចាប់​ពី​​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​តំបន់​ រហូត​ដល់​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ និង​កូវីដ ១៩ ត្រូវ​បាន​បែកធ្លាយ​​​។​​ កិច្ច​ព្រមព្រៀង​នោះ​ បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​របស់​ចិន​សម្រាប់​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​បណ្ដា​កោះ​នៅ​ប៉ាស៊ីហ្វិក​ ជា​ពិសេស​លើ​បញ្ហា​សន្តិសុខ​ ដោយ​ចិន​ស្នើ​ថា ខ្លួន​នឹង​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ប៉ូលិស​ សន្តិសុខ​តាម​អ៊ីនធឺណិត​​ ផែនទី​សមុទ្រ​ដ៏​រសើប​ និង​ការ​ទទួល​បាន​ធនធាន​ធម្មជាតិ​កាន់​តែ​ច្រើន​។

ប៉ុន្តែ​ក្រោយ​បញ្ចប់​កិច្ច​​ប្រជុំ​កាសែត ​The Guardian ​បាន​ចុះ​ផ្សាយ​​ថា បណ្ដា​ប្រទេស​ប៉ាស៊ីហ្វិក ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ ​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​​ដ៏​ធំ​ទូលំទូលាយ​​មួយ​នេះ​​​។ ​តែ​លោក ​វ៉ាង ​បាន​​ជំរុញ​​​ឱ្យ​ប្រទេស​​តំបន់​​ប៉ាស៊ីហ្វិក​ដដែល ​​កុំ​​​ឱ្យ​ «ខ្វល់ខ្វាយ​​ខ្លាំង​​ពេក​​​» ​អំពី​​គោល​​បំណង​ចិន​ ទោះបី​កិច្ច​ប្រជុំ​បញ្ចប់​ទៅ​បែប​​នេះ​ក្ដី​។​


វត្តមាន​របស់​ចិន​នាពេល​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​តែ​កើន​ឡើង​យ៉ាង​លឿន​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​ ដោយ​​បង្ក​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ដល់​បណ្ដា​លោក​ខាង​លិច​ ដែល​បារម្ភ​នឹង​លទ្ធភាព​បង្កើត​មូលដ្ឋាន​ទ័ព​ណា​មួយ​លើ​កោះ​ក្នុង​តំបន់​ ជា​ពិសេស​បន្ទាប់​ពី​មានកិច្ច​ព្រមព្រៀង​មិន​បញ្ចេញ​ព័ត៌មាន​​លម្អិត​មួយ​រវាង​រដ្ឋាភិបាល​ចិន​ និង​កោះ​សូឡូម៉ុង​​បាន​ធ្វើ​ឡើង​ កាល​ពី​ខែ​មេសា​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ វ៉ាង កាល​ពី​ថ្ងៃ​ចន្ទ​ កាន់​តែ​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ល្បឿន​នៃ​ចាប់​យក​កិច្ច​សហប្រតិបត្តិការ​​របស់​ចិន​ក្នុង​តំបន់​ដែល​សហរដ្ឋ​អាមេរិក​ គឺ​ជា​គូ​​ប្រកួតប្រជែង​។​ លោក ​វ៉ាង ​និយាយ​ថា​ មាន​ការ​ចោទ​សួរ​ពី​ហេតុផល​​នៃ​ភាព​សកម្ម​​របស់​ចិន​ក្នុង​តំបន់​ ហើយ​​ចម្លើយ​នោះ ​គឺ​​ចិន​ក៏​គាំទ្រ​ប្រទេស​​កំពុង​​អភិវឌ្ឍន៍​ផ្សេង​ទៀត ​នៅ​អាហ្វ្រិក អាស៊ី ​និង​បណ្ដា​ប្រទេស​​នៅ​សមុទ្រ​ការ៉ាអ៊ីប​ផង​ដែរ។


តែ​ការ​ជួយ​គាំទ្រ​បែប​នេះ​ ក៏​ជា​​ផ្នែក​​មួយ​នៃ​ការ​បង្កើន​អំណាច​​របស់​ខ្លួន​ ហើយ​ក្រុម​អ្នក​វិភាគ​ឃើញ​ថា​ មាន​ហេតុផល​មួយ​ចំនួន​ ដែល​អាច​ឱ្យ​ចិន​​​បន្សាយ​ឥទ្ធិពល​លឿន​​​​លើ​បណ្ដា​កោះ​ប៉ាស៊ីហ្វិក​នា​ពេល​បច្ចុប្បន្ន​។​

ទូទាំង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ផែនការ​របស់​ទីក្រុង​ប៉េកាំង​ កាន់​តែ​មាន​មហិច្ឆតា​ ហើយ​មើល​ឃើញ​កាន់​តែ​ច្បាស់​ និង​មាន​ការ​បែង​ចែក​​កាន់​តែ​ច្រើន​។​ ​ចិន​មិន​គ្រាន់​តែ​​អង្កេត ដើម្បី​ឆក់​យក​ឱកាស​ក្នុង​ប្រជុំ​កោះ ដែល​គេ​ហៅ​ថា ​ជា​តំបន់​យុទ្ធសាស្រ្ត​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ​សម្រាប់​​ជប៉ុន​ប៉ុណ្ណោះ​ទេ​ តែ​ចិន​​​ក៏​កំពុង​ស្វែងរក​ការ​ចង​តំបន់​ដ៏​ធំ​នេះ​ជាមួយ​គ្នា​ក្នុង​កិច្ច​ព្រមព្រៀង​ ដើម្បី​ឱ្យ​ខ្លួន​អាច​ចូល​ក្នុង​ដែនដី​សមុទ្រ​រួម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ ខណៈ​​សន្យា​ថា នឹង​អភិវឌ្ឍ​​​​ជា​ថ្នូរ​តប​ទៅ​វិញ​។

ចំណាប់​អារម្មណ៍​របស់​ចិន​លើ​បណ្ដា​កោះ​ប៉ាស៊ីហ្វិក​ ដែល​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​ឯកសារ​បែក​​ធ្លាយ​ថ្មីៗ​ជា​ច្រើន​ ចាប់​ផ្តើម​ជាមួយ​អចលនទ្រព្យ​តាម​សមុទ្រ​។​ ចាប់​ពី​ប៉ាពូ​អាស៊ី-នូវែលហ្គីណេ រហូត​ដល់​កោះ​ប៉ាលូ​ ​ប្រសិន​បើ​​ចិន​អាច​បន្ថែម​កំពង់ផែ​ អាកាសយានដ្ឋាន​ និង​ច្រកចេញ សម្រាប់​ទំនាក់ទំនង​ផ្កាយ​រណប​ ​វា​អាច​ជួយ​ចិន​ក្នុង​ការ​ស្ទាក់​ចាប់​ទំនាក់ទំនង​ និង​រារាំង​ផ្លូវ​ដឹក​ជញ្ជូន​ជាដើម​។​

ចិន​បាន​បង្ហាញ​រួច​ហើយ​ពី​របៀប​ការ​បង្កើត​ទំនាក់ទំនង​ឱ្យ​មាន​ប្រសិទ្ធភាព​ តាមរយៈ​ការ​ចាប់​​យក​​ ឬ​ជួយ​​អ្នក​នយោបាយ​ ដែល​ដឹកនាំ​ប្រទេស​ក្នុង​វិបត្តិ​ជា​ដើម​។​ ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ​ កោះ​សូឡូម៉ុង​ និង​ចិន​ ​​បាន​​ចុះ​​ហត្ថលេខា​​លើ​​កិច្ច​​ព្រមព្រៀង​​​ថ្មី​​ជា​ច្រើន​​ រួម​​ទាំង​​កិច្ច​​ព្រមព្រៀង​សន្តិសុខ​ដែល​ផ្តល់​ឱ្យ​ចិន​នូវ​អំណាច​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​សន្តិសុខ ដើម្បី​លុប​បំបាត់​ភាព​ចលាចល​ក្នុង​កោះ​ ឬ​ការ​ពារការ​វិនិយោគ​របស់​ចិន​ជាដើម​។​

លោក​ខាង​លិច ​ចោទ​ចិន​ថា ​អាច​នឹង​បង្កើត​មូលដ្ឋានទ័ព​​តាមរយៈ​កិច្ច​ព្រមព្រៀង​បិទ​ព័ត៌មាន​ តែ​ត្រូវ​ចិន​ច្រានចោល​ដោយ​​និយាយ​ថា វា​ជា​ការ​បង្ក​ឱ្យ​មាន​អរិភាព​ ព្រោះ​កោះ​ដូច​ជា​សាឡូម៉ុង​ ត្រូវ​ការ​ចិន ដើម្បី​ស្ដារ​ការ​ចលាចល​ក្នុង​ប្រទេស ​និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​។​

សម្រាប់​អ្នក​សង្កេតការណ៍​ជាច្រើន​ ទិដ្ឋភាព​នៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នា​ពេលនេះ​ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​របស់​អាមេរិក​​​។​ ទោះ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ ព្យាយាម​បង្កើន​ហ្គេម​របស់​ខ្លួន​ក្ដី ​ក៏​ពួក​គេ​នៅ​​តែ​ដើរ​​ក្រោយ​ចិន​ឆ្ងាយ​ ដោយ​យល់​ច្រឡំ​សុន្ទរកថា ចំពោះ​ផល​ប៉ះពាល់ ​និង​ផលប្រយោជន៍​សម្រាប់​​ឥទ្ធិពល​។​

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ ការ​សាយ​ភាយ​​ឥទ្ធិពល​លឿន​របស់​ចិន​ គឺ​ដោយសារ​តែ​អវត្តមាន​របស់​អាមេរិក​ក្នុង​តំបន់​ រួម​ទាំង​ភាព​អសកម្ម​លើ​ការ​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ ដែល​បន្សល់​ទុក​ពី​សង្រ្គាម​លោក​ជាដើម​។ អ្នកស្រី​ Anna Powles ​សាស្ត្រាចារ្យ​​ជាន់​ខ្ពស់​ផ្នែក​សិក្សា​សន្តិសុខ​នៅ​សាកលវិទ្យាល័យ Massey ក្នុង​ប្រទេស​នូវែលសេឡង់ ​ប្រាប់​ទៅ​កាសែត​​ញូវយ៉ក​ថាមស៍​​ថា​៖ «​សហរដ្ឋ​អាមេរិក​មិន​សូវ​ជា​មាន​វត្តមាន​​សំខាន់​នៅ​​តំបន់​ប៉ាស៊ីហ្វិក​ប៉ុន្មាន​ទេ​។​ ខ្ញុំ​តែងតែ​ភ្ញាក់​ផ្អើល​ ដែល​ក្រុង​វ៉ាស៊ីនតោន​គិត​ថា ពួក​គេ​មាន​វត្តមាន​ដ៏​សំខាន់​នៅ​ទីនេះ​»។

មន្ត្រី​អាមេរិក​បាន​​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​​ពិត​ជា​មាន​មូលដ្ឋាន​យោធា​ធំ​នៅ​កោះ​ហ្គាម​ ​រួម​នឹង​ទំនាក់ទំនង​ដ៏ស្និទ្ធ​ជាមួយ​​ប្រទេស​ផ្សេង​ទៀត ដូចជា​កោះ​ Marshall ជា​ដើម​។​ កាល​ពី​ខែ​កុម្ភៈ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​​​លោក​ អង់ថូនី ​ប្លីងកែន​​ ​បាន​បំពេញ​ទស្សនកិច្ច​នៅ​កោះ​ហ្វ៊ីជី​ ហើយ​ប្រកាស​​​ថា​ អាមេរិក​នឹង​បើក​ស្ថានទូត​នៅ​កោះ​សូឡូម៉ុង​វិញ និង​ចូល​រួម​បន្ថែម​ទៀត​លើ​បញ្ហា​ ដូចជា​ការ​នេសាទ​ខុស​ច្បាប់​ និង​ការ​ប្រែប្រួល​អាកាសធាតុ។​

ប៉ុន្តែ​ខណៈ​នាយក​រដ្ឋមន្រ្តី​ស្តីទី​របស់​​ហ្វ៊ីជី ​នៅ​ពេល​នោះ​ លោក​ Ayaz Sayed-Khaiyum​ ​ហៅ​​ដំណើរ​ទស្សនកិច្ច​ថា ​ជា​ការ​វិលវិញ​របស់​អាមេរិក​ និង​ការ​ប្តេជ្ញា​ចិត្ត​ខាង​ទស្សនវិជ្ជា​ដ៏​រឹងមាំ​ក្ដី​ ក៏​មាន​សំណួរ​ថា តើ​សកម្មភាព​​បែបនេះ​​គ្រប់គ្រាន់​ ​ឬ​នៅ?

បើ​​ប្រៀបធៀប​​នឹង​​វត្តមាន​​ក្នុង​​តំបន់​ ឥទ្ធិពល​អាមេរិក​ប្រហែល​ជា​មិន​​កើន​ឡើង​​ ដូច​ចិន​នោះ​ទេ​ ខណៈ​អ្នក​វិភាគ​លើក​ឡើង​បញ្ហា​មួយ​ទៀត​ដែល​ថា ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ត្រូវ​ការ​ចិន​​ជួយ​ខ្លួន​ តែ​មិន​ស្វាគមន៍​នឹង​សម័យកាល​នៃ​ការ​ប្រកួត​ប្រជែង​​​​​របស់​មហា​អំណាច​នោះ​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​មើល​ឃើញ​នោះ​គឺ​ថា​ ចិន​អាច​ផ្ដល់​ឱ្យ​ប្រទេស​ទាំង​នោះ​នូវ​អ្វី​ដែល​គេ​ចង់​បាន។

ខណៈ​​អាមេរិក​​បង្ហាញ​នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ ដែល​ខ្លួន​​​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ការ​នេសាទ​ខុស​ច្បាប់ ចិន​កំពុង​មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​តាម​សមុទ្រ និង​មជ្ឈមណ្ឌល​​អនុវត្ត​ច្បាប់​បច្ចេកវិទ្យា​ខ្ពស់ ដែល​មន្ត្រី​អាច​ផ្តល់​ជំនាញ​ និង​ឧបករណ៍​ប្រើប្រាស់​។ លើស​​ពី​នេះ​ ខណៈ​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​អូស្ត្រាលី ​និង​នូវែលសេឡង់​ ផ្តល់​ជំនួយ​មនុស្សធម៌ ដូចជា​ក្រោយ​រលក​យក្ស​ស៊ូណាមិ​នៅ​កោះ​តុងហ្គា​ ​ចិន​កំពុង​ផ្តល់​អាហាររូបករណ៍​រាប់​ពាន់​សម្រាប់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការ​ទូត​ និង​ការ​ឆ្លើយ​តប​គ្រោះមហន្តរាយ​រួម​ជាមួយ​នឹង​ «​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អង្កេត​ឧតុនិយម​»។

កាសែត​រដ្ឋ​ចិន​ China Daily សរសេរ​ក្នុង​អត្ថបទ​​ ១ របស់​ខ្លួន​ស្ដីពី​ការ​​បារម្ភ​របស់​ក្រុង​វ៉ាស៊ីនតោន​ថា សហរដ្ឋអាមេរិក​ខ្វះ​ឆន្ទៈ​នយោបាយ​ និង​ការ​លើក​ទឹក​​ចិត្ត​ផ្នែក​សេដ្ឋកិច្ច​ ដើម្បី​ចូលរួម​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ ខណៈ​​ចិន​ផ្ដល់​កញ្ចប់​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹកសន្ធាប់​តាមរយៈ​គម្រោង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​​ជួយ​បណ្តា​ប្រទេស​ទាំង​នោះ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដែល​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​របស់​ពួក​គេ​។​

ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនភីង ​​ឱ្យ​ដឹង​​​ក្នុង​សារ​​លាយលក្ខណ៍​អក្សរ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាស៊ីហ្វិក នា​ថ្ងៃ​ចន្ទ​ថា​​៖​ «​ប្រទេស​ចិន​ តែង​តែ​រក្សា​ថា​ ប្រទេស​ធំ​ និង​តូច​គឺ​ស្មើ​គ្នា​។ មិន​​​ថា​​ កាលៈទេសៈ​​អន្តរជាតិ​​ប្រែប្រួល​​យ៉ាង​​ណា​​​ទេ​ ចិន​​នឹង​​ក្លាយ​​ជា​​មិត្ត​​ល្អ​​ជា​និច្ច​»​៕

ហួន ឌីណា