ក្រុម​មន្ត្រី​ឥណ្ឌា​និយាយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អាជ្ញាធរ​ក្នុង​រដ្ឋ​អ៊ុតតា​ប្រាដេស​​ បាន​រុះរើ​ផ្ទះ​របស់​ប្រជាជន​ជាច្រើន​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ​​ជាប់​ពាក់ព័ន្ធ​ក្នុង​កុបកម្ម ​កាល​ពី​សប្តាហ៍​មុន​ ដែល​រៀបចំ​ឡើង​ប្រឆាំង​តវ៉ា​នឹង​ការ​ប្រមាថ​មើល​ងាយ​ព្យាការី​ម៉ូហាម៉ាត ​ក្នុង​សាសនា​អ៊ិស្លាម​ ពី​​ឥស្សរជន​​គណបក្ស​​កាន់​​អំណាច។

មូស្លីម​ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា​ទូទាំង​ប្រទេស​ឥណ្ឌា ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ​ជំទាស់​នឹង​​ការ​អត្ថាធិប្បាយ​ប្រឆាំង​អ៊ិស្លាម​ ពី​សមាជិក​ ២ ​នាក់​នៃ​គណបក្ស​កាន់​អំណាច​ជាតិ​និយម​ហិណ្ឌូ ​Bharatiya Janata (BJP) ​របស់​លោក​នាយករដ្ឋមន្ត្រី ​ណារិនដ្រា​ ម៉ូឌី​។​ ការ​ប៉ះ​ទង្គិច​គ្នា​ផ្ទុះ​ឡើង​​ រវាង​អ្នក​កាន់​សាសនា​អ៊ិស្លាម ​និង​ហិណ្ឌូ​ ​និង​ប៉ូលិស ​នៅ​តំបន់​ជាច្រើន​​​ ដោយ​ប៉ូលិស​​រដ្ឋ​អ៊ុតតា​ប្រាដេស​​ចាប់​ខ្លួន​មនុស្ស​ជាង​ ៣០០ ​នាក់​ ក្នុង​ភាព​ចលាចល​នេះ​។​

ក្រុម​មន្ត្រីនិ​យាយ​ថា​ នៅ​តំបន់​កាស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ ប៉ូលិស​ចាប់​ខ្លួន​យុវជន​ម្នាក់​ពី​បទ​បង្ហោះ​វីដេអូ​គំរាម​កាត់​ក្បាល​អតីត​អ្នក​នាំពាក្យ​របស់​គណបក្ស​កាន់​អំណាច​ ដែល​​​និយាយ​ពាក្យ​ប្រមាថ​មួយ​ចំនួន​។​


សហគមន៍​មូស្លីម ដែល​ជា​ក្រុម​ភាគតិច​របស់​ឥណ្ឌា​ មើល​ឃើញ​ថា​ ការ​អត្ថាធិប្បាយ​ពី​មន្រ្តី​បក្ស​កាន់​អំណាច​ ជា​ឧទាហរណ៍​ចុង​ក្រោយ​បង្អស់​នៃ​សម្ពាធ​ និង​ការ​អាម៉ាស់​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ BJP ​លើ​បញ្ហា​ជា​ច្រើន ចាប់​តាំង​ពី​សេរីភាព​នៃ​ការ​ថ្វាយ​បង្គំ​សាសនា​ រហូត​ដល់​ការ​ពាក់​កន្សែង​រុំ​ក្បាល​ហ៊ីចាប​។​

គណបក្ស​ BJP ​បាន​ព្យួរ​ការងារ​អ្នក​នាំពាក្យ​របស់​ខ្លួន ​លោកស្រី​ Nupur Sharma ​និង​បណ្តេញ​មេដឹក​នាំ​ម្នាក់​ទៀត​ គឺ​លោក​ Naveen Kumar Jindal ​សម្រាប់​ការ​អត្ថាធិប្បាយ​ដែល​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ខាង​សាសនា​។​ ប៉ូលិស​បាន​ប្តឹង​អ្នក​ទាំង​ ២​ ហើយ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ការ​អត្ថាធិប្បាយ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​​ទស្សនៈ​របស់​ខ្លួន​ទេ​។​ ប៉ុន្តែ​ក្រុម​មូស្លីម​ទាមទារ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ ​ខណៈ​ក្រុម​ហិណ្ឌូ​ជ្រុល​និយម​មួយ​ចំនួន​ ចាត់​ទុក​អ្នក​ទាំង​ ២ ​ថា ​ជា​អ្នក​នយោបាយ​ក្លាហាន​ និង​ជាតិ​និយម​។


ទាក់ទង​នឹង​ភាព​ចលាចល​ អ្នក​នាំពាក្យ​រដ្ឋ​របស់​បក្ស​ BJP ​និយាយ​ថា​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ អភិបាល​រដ្ឋ​អ៊ុតតាប្រាដេស ​​លោក​ Yogi Adityanath ​បញ្ជា​ឱ្យ​មន្ត្រី​រុះរើ​គ្រឹះស្ថាន​ និង​ផ្ទះ​ខុស​ច្បាប់​​របស់​ប្រជាជន ដែល​រង​ការ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​កុបកម្ម​នៅ​ក្នុង​រដ្ឋ​ កាល​ពី​សប្តាហ៍​មុន​។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លើក​ឡើង​​ថា រដ្ឋាភិបាល​របស់​លោក​ Adityanath ​កំពុង​តែ​បន្ត​ប្រើ​វិធីសាស្ត្រ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ដើម្បី​បំបិទ​មាត់​បាតុករ​។​ រហូត​ទល់​ពេល​នេះ​ លោក​ ម៉ូឌី ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ ជុំវិញ​ភាព​ចលាចល​ក្នុង​សហគមន៍​នេះ​។​

នៅ​ភាគ​ខាង​កើត​រដ្ឋ​បេង​​ហ្គាល់​ខាង​លិច​ អាជ្ញាធរ​​អនុវត្ត​ច្បាប់​គ្រា​អាសន្ន​ ដែល​ហាម​មាន​ការ​ជួបជុំ​ជា​សាធារណៈ​​រហូត​ដល់​ថ្ងៃទី ១៦ ​ខែ​មិថុនា​។​

អភិបាល​​រដ្ឋ​ពី​បក្ស​ BJP បាន​ចោទ​ប្រកាន់​ប្រទេស​ជិត​ខាង​បង់ក្លាដែស​ ពី​បទ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ​នេះ។ សប្តាហ៍​មុន​ បណ្តា​ប្រទេស​ដូចជា​កាតា​ អារ៉ាប៊ី​សាអ៊ូឌីត​ អេមីរ៉ាតអារ៉ាប់​រួម​ អូម៉ង់​ អ៊ីរ៉ង់​ បាន​ធ្វើ​ការ​តវ៉ា​ការទូត ​ដើម្បី​ទាមទារ​ការ​សុំទោស​ពី​រដ្ឋាភិបាល​​របស់​លោក​ ម៉ូឌី៕

ហួន ឌីណា

វីដេអូ៖