ប្រធានាធិបតី​តួកគី ដែល​ជា​​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា មាន​ព្រំដែន​ជាប់​ប្រទេស​ក្រិក បាន​ព្រមាន​ប្រទេស​ជិត​ខាង​ខ្លួន​កុំឱ្យ​បន្ត​ធ្វើ​សកម្មភាព​យោធា​នានា​លើ​កោះ ក្នុង​សមុទ្រ​ Aegean បើ​មិន​ដូច្នេះ​ទេ «ពួក​គេ​នឹង​ជួប​វិប្បដិសារី» ខណៈ​ប្រមុខរដ្ឋ​ក្រិក អំពាវនាវ​ឱ្យ​ប្រជាជន​ខ្លួន​សាមគ្គី​គ្នា​។

លោក រ៉េសិប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) នៅ​ក្នុង​សារ​ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ធ្វីតធើរ​បន្ត​បន្ទាប់ ជា​ភាសា​ក្រិក ដែល​មាន​​ខ្លឹមសារ​ថា៖ «ជា​ថ្មី​ម្តង​ទៀត យើង​ព្រមាន​ក្រិក​ឱ្យ​ប្រុងប្រយ័ត្ន ដោយ​នៅ​ឱ្យ​ឆ្ងាយ​ពី​ក្តី​សុបិន វោហារ​ស័ព្ទ និង​សកម្មភាព ដែល​នឹង​នាំ​ទៅ​រក​លទ្ធផល​ដ៏​គួរ​ឱ្យ «សោកស្តាយ» ដូច​ដែល​កើត​ឡើង កាល​ពី ១ ​សតវត្សរ៍​មុន​»។ នេះ​បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន Middle East Monitor។

ទីភ្នាក់ងារ​ព័ត៌មាន​​​តួកគី aa.com បាន​ផ្សាយ កាល​ពី​ចុង​ខែ​ឧសភា​ ដោយ​ចោទ​ប្រកាន់​ក្រិក​ថា បន្ត​ធ្វើ​សកម្មភាព​យោធា​នៅ​តាម​បណ្តា​កោះ​នានា នៅ​ភាគ​ខាង​កើត​សមុទ្រ ដែល​រំលោភ​ទាំង​សន្ធិ​សញ្ញា Lausanne នៃ​ប្រទេស​ស្វ៊ីស ឆ្នាំ​ ១៩២៣ និង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៤៧។


លទ្ធផល​ប្រកប​ដោយ​វិប្បដិសារី ដែល​ប្រធានាធិតី​រូប​នេះ បាន​លើក​ឡើង​ សំដៅ​លើ​ជ័យជម្នះ​របស់​ប្រទេស​តួកគី លើ​ការ​ឈ្លានពាន​ទឹកដី​របស់​ខ្លួន ដោយ​ក្រិក និង​សម្ព័ន្ធមិត្ត​អ្នក​ចក្រពត្តិ​និយម​លោក​ខាង​លិច​របស់​ពួក​គេ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​ចក្រភព​អូតូម៉ង់ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី១​។

លោក អេរដូហ្គែន បាន​រិះគន់​ការ​ប្រើប្រាស់​ចំពោះ​សហភាព​អឺរ៉ុប (EU) និង​សម្ព័ន្ធភាព​ណាតូ​របស់​ទីក្រុង​អាថែន ដែល​ក្រោយ​មក​ទីក្រុង​អង់ការ៉ា បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ​ដែរ ក្នុង​ការ​គាំទ្រ​ក្រិក​ចំពោះ​ជម្លោះ ក្នុង​តំបន់​របស់​ពួក​គេ ដោយ​និយាយ​ថា រដ្ឋាភិបាល​ក្រិក​គួរ​តែ​ចរចា​បញ្ហា​ទាំងឡាយ​ជា​ទ្វេភាគី​។


លោក​បាន​និយាយ​ថា៖ «ការ​ប៉ុនប៉ង​ប្រើប្រាស់​ណា​តូ​ធ្វើ​ជា​ឧបករណ៍ និង​ប្រទេស​ទី៣ ដែល​នាំ​ឱ្យ​ពួក​គេ​ជាប់​ពាក់ព័ន្ធ ក្នុង​ភាព​ខុស​ច្បាប់​នៃ​សមយុទ្ធ​យោធា​ផ្សេងៗ នៅ​លើ​កោះ​ដោយ​លក្ខខណ្ឌ​គ្មាន​យោធា គឺ​គ្រាន់តែ​ជា​ការ​ប៉ុនប៉ង ដែល​នឹង​បញ្ចប់​ទៅ​ប្រកប​ដោយ​មហន្តរាយ​ប៉ុណ្ណោះ»។

លោក អេរដូហ្គែន ក៏​បាន​ចោទ​រដ្ឋាភិបាល​ក្រិក​ពី​បទ​រំលោភ​លើ​តម្លៃ និង​ច្បាប់​របស់​សហភាព​អឺរ៉ុប ដោយ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ជន​មូស្លីម​របស់​ខ្លួន ដោយ​បញ្ជាក់​ថា «​ទោះបី​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ក៏​ដោយ ក្រិក​នៅ​តែ​បន្ត​កៀប​សង្កត់​ជនជាតិ​ភាគ​តិច​តួកគី ដែល​រស់នៅ​លើ​កោះ Western Thrace, Rhodes និង Kos ដោយ​មិន​អើពើ​នឹង​តម្លៃ​នៃ​សហភាព សិទ្ធិ​មនុស្ស​ទូទាំង​ពិភព​លោក និង​កិច្ច​ព្រមព្រៀង​អន្តរជាតិ​នោះ​ឡើយ»។

ប្រឈម​នឹង​ការ​ព្រមាន​នេះ នាយក​រដ្ឋមន្ត្រី​ក្រិក​ លោក Kyriakos Mitsotakis បន្ទាប់​មក​បាន​អំពាវនាវ​ឱ្យ​មាន​ឯកភាពជាតិ​ ដោយ​ឆ្ពោះ​ទៅ​រក​អ្នក​ជិត​ខាង «​ដែល​​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​» ដោយ​និយាយ​អំពី​លោក អេរដូហ្គែន ថា «គាត់​កាន់​តែ​ឯកោ គាត់​កាន់​តែ​ខឹង​»។ នេះ​បើ​យោង​តាម Middle East Monitor។

រហូត​មក​ដល់​ពេល​នេះ ក្រុង​អាថែន​ បាន​បដិសេធ​មិន​ព្រម​ធ្វើ​ឱ្យ​គ្មាន​យោធា​លើ​កោះ​នានា ក្នុង​សមុទ្រ Aegean នោះ​ទេ ដោយ​ទទូច​ថា ខ្លួន​កំពុង​ការពារ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​នេះ​ក្តី ទីក្រុង​អង់ការ៉ា បាន​លើក​ឡើង​ពី​សន្ធិសញ្ញា និង​ច្បាប់​អន្តរ​ជាតិ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ហាញ​ថា ទង្វើ​របស់​ក្រិក គឺ​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន​៕

វីដេអូ៖