កូនស្រីពៅរបស់លោកថាក់ស៊ីន កា្លយជាជម្រើសនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនៅប្រទេសថៃ

កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងឡើងកូដខ្លាំង ក្នុងការប្រជែងយកតំណែងនាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតលើកក្រោយ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់ការធ្វើរដ្ឋប្រហារជាច្រើនលើក ដើម្បីទម្លាក់លោកថាក់ស៊ីន ក៏ដូចជារដ្ឋាភិបាល ដែលដឹកនាំដោយអ្នកស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរូបនេះកន្លងមក។
ការស្ទង់មតិថ្មី ១ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BLOOMBERG បានលើកឡើងថា អ្នកនាង Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោកថាក់ស៊ីន គឺជាជម្រើសកំពូលនៃអ្នកបោះឆ្នោត ដើម្បីកាច់ចង្កូតព្រះរាជាណាចក្រថៃ បន្ទាប់ពីថៃរៀបចំការបោះឆ្នោតទូទៅក្នុងរយៈពេលមិនដល់ ១ ឆ្នាំ។
អ្នកនាង Paetongtarn ដែលត្រូវបានគេប្រាប់យ៉ាងទូលំទូលាយថា ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សប្រឆាំងធំបំផុតរបស់ប្រទេស គឺបក្សភឿថៃ ដោយទទួលបានសំឡេងគាំទ្រ ២៥ % ពីអ្នកឆ្លើយសំណួរ នៅក្នុងការស្ទង់មតិ កាលពីថ្ងៃទី ២០-២៣ ខែមិថុនា ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ Nida។
Nida បាននិយាយថា ខណៈពេលដែល អ្នកនាង Paetongtarn ឡើងដល់កំពូលតារាងប្រជាប្រិយភាព ពីចំណាត់ថ្នាក់លេខ ៣ របស់នាង ក្នុងការស្ទង់មតិ កាលពីខែមីនា នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) បានឃើញការគាំទ្ររបស់គាត់ សម្រាប់ត្រីមាសទី ៤ ជាប់គ្នាធ្លាក់មកនៅតែ ១២% ប៉ុណ្ណោះ។
ចំនួនអ្នកចូលរួម ដែលនិយាយថា ពួកគេមិនអាចស្វែងរកបេក្ខជនសមរម្យ បានធ្លាក់ចុះមកនៅ ១៩% ពី ២៨% ក្នុងខែមីនា។
លោក Pita Limcharoenrat ដែលជាមេដឹកនាំគណបក្សប្រឆាំង Move Forward ត្រូវបានមើលឃើញថា មានការផ្លាស់ប្ដូរតិចតួច សម្រាប់ការគាំទ្រ ចំពោះរូបលោក គឺនៅចំនួន ១៣%។
អ្នកនាង Paetongtarn ដែលជាកូនស្រីពៅក្នុងចំណោមកូនទាំង ៣ របស់លោកថាក់ស៊ីន ដែលត្រូវបានតែងតាំងជាប្រធានគ្រួសារនៃបក្សភឿថៃ កាលពីដើមឆ្នាំនេះ បានបង្កើនយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយ ក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីដឹកនាំគណបក្សឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត ដែលអាចត្រូវគេដាក់ កាលពីខែមីនា។
Nida បានឱ្យដឹងថា អ្នកគាំទ្ររបស់អ្នកនាង Paetongtarn បានលើកឡើងពីតម្រូវការ ក្នុងការផ្តល់ឱកាសឱ្យក្មេងៗជំនាន់ក្រោយ ដើម្បីបានគ្រប់គ្រងប្រទេស ដោយគោលនយោបាយរបស់គណបក្សរបស់នាង និងការងារអតីតកាលរបស់គ្រួសារលោកថាក់ស៊ីន ជាហេតុផល ចំពោះការគាំទ្រនាង៕
វីដេអូ៖