បាតុករប្រមូលផ្តុំគ្នានៅក្រុងនានារបស់អាមេរិក ក្រោយតុលារការកំពូលលុបចោលច្បាប់រម្លូតកូន

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នា ក្នុងទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលលុបចោលសិទ្ធិក្នុងការរម្លូតកូនតាមរដ្ឋធម្មនុញ្ញ ដែលមានតាំងពី ៥០ឆ្នាំមុនមកនោះ។
សេចក្ដីសម្រេចនេះ នឹងទុកឱ្យរដ្ឋសហព័ន្ធនីមួយៗធ្វើការសម្រេចថា តើត្រូវអនុញ្ញាតអាចរម្លូតកូនបាន ឬយ៉ាងណា? បន្ទាប់ពីលុបចោលសាលក្រម ឆ្នាំ ១៩៧៣ របស់តុលាការកំពូល ដែលទទួលស្គាល់ថា ការរម្លូតកូន គឺជាសិទ្ធិឯកជនរបស់ស្ត្រីម្នាក់។
ក្រុមមនុស្ស ដែលនាំគ្នាប្រឆាំងនឹងសេចក្ដីសម្រេចនេះ បានមកជួបជុំគ្នានៅកន្លែងផ្សេងៗ ក្នុងនោះរួមទាំងក្រុងញូវយ៉ក អាត្លង់តា ដេត្រយ សលថ៍ឡេក និងឡូសអាន់ជឺលេស ក្នុងចំណោមទីក្រុងផ្សេងៗទៀត ដោយនិយាយថា ការលុបចោលសិទ្ធិរម្លូតកូន នឹងធ្វើឱ្យស្ត្រីធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសស្ត្រីចម្រុះជាតិសាសន៍ និងមានចំណូលទាប។
ទន្ទឹមនឹងនោះ អ្នកប្រឆាំងសិទ្ធិរម្លូតកូន ក៏នាំប្រមូលផ្តុំគ្នានៅខាងក្រៅអគារតុលាការកំពូល នៅក្រុងវ៉ាស៊ីនតោនផងដែរ បន្ទាប់ពីសេចក្ដីប្រកាសចេញ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ។
ប្រតិកម្មនឹងសាលក្រមដូចគ្នា លោកប្រធានាធិបតីចូ បៃដិន បានថ្លែងសន្ទរកថា ក្រោយសេចក្ដីប្រកាសនោះថា អាមេរិកបានដើរថយក្រោយវិលទៅរកសង្គមចាស់គំរិល ដែលរឹតត្បិត និងធ្វើបាបនារីភេទ។ លោកនិយាយកាលពីថ្ងៃសុក្រថា៖ «សុខភាព និងជីវិតរបស់ស្ត្រី ក្នុងប្រទេសរបស់យើង ឥឡូវកំពុងប្រឈមនឹងហានិភ័យ។ ការសម្រេចនេះគឺជាចំណុចកំពូលនៃកិច្ចខិតខំប្រឹងប្រែងដោយចេតនា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីធ្វើឱ្យខូចតុល្យភាពនៃច្បាប់របស់យើង»។ លោក បៃដិន សង្កត់ធ្ងន់ថា៖ «វាជា «ថ្ងៃសោកសៅ សម្រាប់តុលាការ និង សម្រាប់ប្រទេស»។
អ្នកស្រី Natasha Mitchell វ័យ ៤១ ឆ្នាំ មកពីទីក្រុង Denver រដ្ឋកូឡូរ៉ាដូ និយាយថា៖ «វាជាការក្បត់ ប្រឆាំងនឹងស្ត្រី។ វាជាជំហានថយក្រោយដ៏ធំមួយ។ វាបើកទ្វារឱ្យមានការគំរាមកំហែងលើសិទ្ធិ និងសេរីភាពផ្សេងទៀត»។
ប៉ុន្តែសម្រាប់អ្នកអភិរក្សនិយមដែលប្រឆាំងនឹងសិទ្ធិរម្លូតកូន ហើយគាំទ្រនូវអ្វីដែលខ្លួនហៅថា «គាំទ្រជីវិត» ដូចជាលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ វាជារឿងដែលគួរឱ្យសាទរមួយ។
បញ្ហាក្នុងស្រុកនៅអាមេរិក បង្កឱ្យមានការបែកបាក់គ្នា រួមទាំងសិទ្ធិនៃការរម្លូតកូននេះផង។ អស់រយៈពេល ៥០ ឆ្នាំមកហើយ ពួកអភិរក្សនិយម ដែលនិយាយថា ខ្លួនតស៊ូមតិឱ្យក្មេង ដែលមិនទាន់កើត បានធ្វើយុទ្ធនាការប្រឆាំងនឹងសាលក្រម Roe v. Wade ប៉ុន្តែមិនអាចធ្វើបានដោយសារខ្វះសន្លឹកឆ្នោត នៅតុលាការកំពូល ដើម្បីជំទាស់។ ប៉ុន្តែរូបភាពនេះបានផ្លាស់ប្ដូរ នៅពេលលោកត្រាំ តែងតាំងចៅក្រមថ្មីប្រឆាំងនឹងសិទ្ធិរម្លូតកូន ៣ រូប ក្នុងតុលាការ រហូតឈានដល់មានការសម្រេច កាលពីថ្ងៃសុក្រ៕
ហួន ឌីណា