ការស្រាវជ្រាវ​ថ្មី​បាន​អះអាងថា វិបត្តិ​ទំនិញ​ឡើងថ្លៃ​របស់​ចក្រភព​អង់គ្លេស​កាន់​តែមាន​សភាព​អាក្រក់​ឡើងៗ ដោយ Brexit (​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​-​អឺរ៉ុប​) ដែល​កំពុងតែ​អូសបន្លាយ​សក្តានុពល ចំពោះ​កំណើន​របស់​ប្រទេស និង​ធ្វើឱ្យ​កម្មករ​ខាតបង់​ប្រាក់ចំណូល​រាប់រយ​ផោន​ក្នុង ១ ​ឆ្នាំ​។


មូលនិធិ The Resolution Foundation thinktank និង​អ្នកសិក្សា​មកពី​សាលា​ផ្នែក​សេដ្ឋកិច្ច London School of Economics ឱ្យដឹងថា កម្មករ​ជា​មធ្យម​នៅ​អង់គ្លេស ឥឡូវនេះ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ ៤៧០ ​ផោន​ ($៥៧៦,៤៣) ក្នុង ១​ ឆ្នាំៗ នៅ​ឆ្នាំ​ ២០៣០ បន្ទាប់ពី​តម្លៃ​រស់នៅ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៦​។

ក្នុង​របាយការណ៍​រយៈពេល ៦ ​ឆ្នាំ ក្រោយ​ការបោះឆ្នោត​ប្រជាមតិ អ្នកស្រាវជ្រាវ បង្ហាញថា Brexit កំពុង​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​នៃ​ការនាំចេញ​របស់​ចក្រភព​អង់គ្លេស​លើ​ឆាក​ពិភពលោក ខណៈ​ក្រុមហ៊ុន​នានា​ត្រូវ​បង្ខំ​ដោះស្រាយ​វិបត្តិ​ធ្លាក់ចុះ ដោយសារ​ជំងឺ​រាតត្បាត និង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ដែល​ជំរុញ​ឱ្យ​អតិផរណា​កើនឡើង​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​។


ប្រភព​ដដែល​បាន​ប្រាប់ថា​៖ «​ចក្រភព​អង់គ្លេស ដែល​បើក​ចំហ​តិចតួច​ត្រូវបាន​គេ​រំពឹងថា នឹង​កាន់តែ​ក្រីក្រ ខណៈ​ផលិតភាព​នឹង​កាន់តែ​តិចជាង​មុន​»​។


តួលេខ​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញ​ពី​ការកើនឡើង​ថ្មី​នៃ​អត្រា​អតិផរណា ពី​ ៩% ក្នុង​ខែមេសា ដល់​ ៩,១% កាលពី​ខែ​មុន ដោយសារ​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃទំនិញ​ប្រចាំ​សប្តាហ៍ បន្ថែម​សម្ពាធ​លើ​គ្រួសារ​ឱ្យ​ជួប​ការលំបាក​ថែមទៀត​។ ធនាគារ​កណ្តាល​របស់​អង់គ្លេស​ព្រមាន​ថា អត្រា​អតិផរណា​អាច​ឈាន​ដល់ ១១% នៅ​ខែតុលា​ទៀតផង​។


អតីត​អធិការបតី​អភិរក្ស​និយម​លោក Ken Clarke បាន​និយាយថា​៖ «​ចក្រភព​អង់គ្លេស​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏អាក្រក់​បំផុត​តាំងពី​ឆ្នាំ​ ១៩៧៩ ដោយ​លោក​ប្រាប់​សារព័ត៌មាន BBC ថា​៖ «​វិបត្តិ​សេដ្ឋកិច្ច គឺជា​រឿង​ស្ទើរ​ចៀស​មិន​រួច​។ ខ្ញុំ​គិតថា យើង​ពិតជា​កំពុង​មាន​ការវិវឌ្ឍ​ទៅរក​វិបត្តិ​សេដ្ឋកិច្ច ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ខាងមុខ​នេះហើយ​។ ធនាគារ​នៃ​ប្រទេស​អង់គ្លេស​ត្រូវតែ​ចាប់ផ្តើម​ដោះស្រាយ​អតិផរណា ដែល​កំពុងតែ​កើនឡើង​ជា​លំដាប់​នេះ​»​។

លោក Boris Johnson បាន​ព្រមាន​កម្មករ ចំពោះ​ការស្នើសុំ​ដំឡើង​ប្រាក់បៀវត្សរ៍​ខ្ពស់ ដើម្បី​ការពារ​ការឡើង​ស្រឺតៗ​នូវ​តម្លៃ​ប្រាក់​ឈ្នួល​តាម​ស្តា​យល៍​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ដែល​ជំរុញ​ឱ្យ​អតិផរណា​ឡើង​ខ្ពស់ ដោយ​នេះ​ជា​ទង្វើ​ផ្ទុយស្រឡះ​ពី​ខែ​តុលា ឆ្នាំ​មុន ដែល​លោកនាយក​រដ្ឋមន្ត្រី​សន្យាថា Brexit នឹង​ជួយ​បង្កើន​អត្រា​ប្រាក់​ឈ្នួល​ខ្ពស់ និង​ផលិតភាព​សេដ្ឋកិច្ច​ខ្ពស់​នាពេល​អនាគត​។

ទោះបីជា​យ៉ាងណា​ក៏ដោយ របាយការណ៍​ដដែល​បានឱ្យដឹងថា Brexit នឹង​កាន់តែ​ដាក់បន្ទុក​យ៉ាងខ្លាំង​លើ​ការកើនឡើង​ផលិតភាព​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ រហូតដល់​ឆ្នាំ​ ២០៣០ ហើយ​ក្នុងពេល​ជាមួយ​គ្នានេះ របាយការណ៍​នេះ បាន​ព្រមាន​ថា ការចំណាយ​លើ​ការ​នាំចូល​ខ្ពស់​កំពុង​បន្ថែម​បន្ទុក​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​គ្រួសារ​បន្ថែមទៀត​។

ការស្រាវជ្រាវ បាន​ធ្វើការ​ប៉ាន់ប្រមាណ​ពី​ផលិតភាព​ការងារ​ដែលជា​រង្វាស់​សំខាន់​ សម្រាប់​វាស់​ពី​ទិន្នផល​សេដ្ឋកិច្ច​ថា នឹងត្រូវ​កាត់បន្ថយ​ចំនួន ១,៣% នៅ​ឆ្នាំ​ ២០៣០ ដោយសារ​តែ​ការធ្លាក់ចុះ​នៃ​ការ​កំហិត​ភាព​បើកចំហ​សេដ្ឋកិច្ច​អង់គ្លេស ក្រោយ Brexit ដែល​ស្មើ​ទៅនឹង​ការបាត់បង់​ប្រសិទ្ធភាព​ ១/៤ នៃ​កំណើន​ផលិតភាព​ការងារ​សម្រេច​បាន​កាលពី​អតីត​។

រដ្ឋមន្ត្រី​ប្រទេស​ដដែល​បាន​អះអាងថា ការដំឡើង​ប្រាក់​បៀវត្សរ៍​កាន់តែ​ខ្ពស់ សម្រាប់​កម្មករ​ចក្រភព​អង់គ្លេស​នឹងមាន​និរន្តរភាព បើ​ផលិតភាព​កើនឡើង​។ យ៉ាងណាក្ដី ជាមួយ​នឹង​ការថយចុះ​នៃ​ការរំពឹងទុក​ចំពោះ​សេដ្ឋកិច្ច​របស់​អង់គ្លេស បន្ទាប់ពី Brexit អ្នកសិក្សា​បាន​ប្រាប់ថា ប្រាក់បៀវត្សរ៍​ដែល​កែតម្រូវ​ដោយ​អតិផរណា​ឥឡូវនេះ​ត្រូវបាន​កំណត់ថា នឹង​ធ្លាក់ចុះ ១,៨% នៅ​ឆ្នាំ​ ២០៣០ ឬ​ស្មើនឹង​ការបាត់បង់​ប្រាក់ចំណូល​របស់​កម្មករ​ម្នាក់ ៤៧២ ​ផោន ($៥៧៦,៤៣) ក្នុង ១ ​ឆ្នាំ​។

គួរ​បញ្ជាក់ដែរថា ការិយាល័យ​សម្រាប់​ការទទួល​ខុសត្រូវ​ផ្នែក​ថវិកា​បាន​ប៉ាន់ប្រមាណ​ថា Brexit នឹង​កាត់បន្ថយ GDP អង់គ្លេស​ ៤% បើ​ប្រៀបធៀប ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន​។ យោងតាម​កាសែត Financial Times ការធ្លាក់ចុះ​នេះ ស្មើនឹង​ប្រហែល ៤០ ​ពាន់​លាន​ផោន ($៤៩ ​ពាន់​លាន​) ក្នុង​ ១ ​ឆ្នាំ​ក្នុង​ប្រាក់ចំណូល​ដែល​បាត់បង់​សម្រាប់​រតនាគារ​។

សេដ្ឋវិទូ​ខ្លះ​បាន​បន្ទោស​ភាព​ខុសគ្នា​រវាង​ចក្រភព​អង់គ្លេស និង​ប្រទេស​ដទៃទៀត​។ លោក Adam Posen អតីត​អ្នកកំណត់​អត្រា​ការប្រាក់​របស់​ធនាគារ​អង់គ្លេស និង​ជា​ប្រធាន​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ វាយតម្លៃថា Brexit ធ្វើឱ្យ​អតិផរណា​នៅ​ចក្រភព​អង់គ្លេស​ខុសគ្នា​ពី​ប្រទេស​ដទៃ​ដល់​ទៅ​ ៨០%​។

លោកស្រី Vicky Pryce អតីត​ប្រធាន​សេវាកម្ម​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល និង​ជា​ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ធុរកិច្ច​ប្រាប់ថា​៖ «​វា​ជា​ការពិបាក​ក្នុង​ការដោះស្រាយ​ថា តើ​វិធានការ​ដែល​ធនាគារ​បាន​ធ្វើឡើង ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ បន្ទាប់ពី​ការបោះឆ្នោត Brexit ពិតជា​បន្ថែម​បន្ទុក​ដល់​អត្រា​អតិផរណា​នាពេល​បច្ចុប្បន្ននេះ​ឬ​យ៉ាងណា​?»​។

តែ​លោកស្រី Pryce មើលឃើញ​ថា វា​ជាការ​បន្ថែម​ទៅលើ​និន្នាការ​អតិផរណា ដែល​បន្ទាប់មក​ធ្វើឱ្យ​បាត់បង់​កម្មករ និង​ការនាំចេញ​ធ្លាក់ចុះ​។ នៅ​សហភាព​អឺរ៉ុប អាជីវកម្ម អាច​ជ្រើសរើស​ការ​នាំចូល និង​នាំចេញ​ក្នុង​តម្លៃ​ទាប​បំផុត​។

នៅក្នុង​ប្រព័ន្ធ​អន្តោប្រវេសន៍​ដែលមាន​ការរើសអើង​ជាង​មុន និង​វិធីសាស្ត្រ​ជា​សកល​បន្ថែមទៀត ចំពោះ​ពាណិជ្ជកម្ម​អាច​ជា​គោលដៅ​នយោបាយ ប៉ុន្តែ​រួម​បញ្ចូល​គ្នា​ជាមួយ​ការធ្លាក់ចុះ​ប្រាក់​ផោន​កាន់តែ​បន្ថែម​ទៅលើ​ថ្លៃដើម​នៃ​ការធ្វើ​អាជីវកម្ម និង​ថ្លៃ​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​ការនាំចេញ​រួម​នឹង​ភាព​ច្របូក​ច្របល់​ជុំវិញ​ពន្ធ​លើ​តម្លៃបន្ថែម និង​ច្បាប់​មាន​ស្រាប់​៕

វីដេអូ៖