លោក ហ្សេលេនស្គី ប្តេជ្ញាថា នឹងដណ្ដើមក្រុងលីស៊ីឆាន់ស្ក៍ ពីការកាន់កាប់របស់រុស្ស៊ីមកវិញ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែន បានដកខ្លួនចេញពីក្រុងលីស៊ីឆាន់ស្ក៍ (Lysychansk) ក្នុងតំបន់ដុនបាស ប៉ុន្តែប្តេជ្ញាថា នឹងដណ្ដើមការគ្រប់គ្រងឡើងវិញ ដោយមានជំនួយសព្វាវុធពីលោកខាងលិច។
រុស្ស៊ីនិយាយថា ខ្លួនបានដណ្ដើមយកបានក្រុងលីស៊ីឆាន់ស្ក៍ ដែលធ្វើឱ្យខ្លួនអាចគ្រប់គ្រងតំបន់លូហានស្ក៍ទាំងមូល។ ការអះអាងនេះ ធ្វើឡើងតែជាង ១សប្ដាហ៍ប៉ុណ្ណោះ ក្រោយរុស្ស៊ីដណ្ដើមបានក្រុងស៊ីវីរ៉ូដុនណិតស្ក៍ (Sievierdonetsk) ដែលនៅជាប់គ្នា។
លោក ហ្សេលេនស្គី និយាយថា៖ «ប្រសិនបើមេបញ្ជាការកងទ័ពរបស់យើងដកកម្លាំងចេញ ពីចំណុចជាក់លាក់ នៅជួរមុខ រួមទាំងនៅលីស៊ីឆាន់ស្ក៍នោះ យើងនឹងត្រឡប់ទៅវិញជាយុទ្ធសាស្ត្ររបស់យើង ដោយសារការកើនឡើងនៃការផ្គត់ផ្គង់អាវុធទំនើប»។
លោក ហ្សេលេនស្គី បន្តថា រុស្ស៊ីកំពុងផ្តោតការវាយលុកជួរមុខ នៅដុនបាស ប៉ុន្តែអ៊ុយក្រែន នឹងវាយបកវិញ ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ ដូចជាគ្រាប់រ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ លោកថា៖ «ការពិតដែលថា យើងការពារអាយុជីវិតរបស់ទាហានរបស់យើង ប្រជាជនរបស់យើង មានសារៈសំខាន់ដូចគ្នា។ យើងនឹងកសាងជញ្ជាំងឡើងវិញ យើងនឹងដណ្តើមយកដីមកវិញ ហើយប្រជាជនត្រូវតែត្រូវបានការពារលើសពីអ្វីទាំងអស់»។
ចាប់តាំងពីដកទ័ពចេញពីតំបន់ជុំវិញរដ្ឋធានីកៀវ រុស្ស៊ីបានផ្ដោតការលុកលុយរបស់ខ្លួន នៅតំបន់ដុនបាស ដែលរួមបញ្ចូលគ្នា រវាងតំបន់ដុនណិតស្ក៍ និងលូហានស្ក៍ ជាកន្លែងដែលពួកផ្ដាច់ខ្លួនធ្វើការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ុយក្រែន តាំងពីឆ្នាំ២០១៤។
តាំងពីរុស្ស៊ីបើកការវាយប្រហារ ជនស៊ីវិលរាប់ពាន់នាក់ ត្រូវបាត់បង់ជីវិត ខណៈទីក្រុងរបស់អ៊ុយក្រែនផ្សេងៗទៀត ត្រូវបានកម្ទេច។ រុស្ស៊ីហៅការឈ្លានពានរបស់ខ្លួនថា ជាប្រតិបត្តិការយោធាពិសេស ដែលមានគោលបំណងការពារអ្នកនិយាយភាសារុស្ស៊ីពីអ្នកជាតិនិយមអ៊ុយក្រែន។ តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចលើកឡើងថា នេះជាលេសគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីការពារការឈ្លានពានដណ្ដើមទឹកដីរបស់ខ្លួន៕
ហួន ឌីណា