ការវិលត្រឡប់​ចូលទៅ​កាន់អំណាច​កណ្តាល​របស់​អ្នក​​ជំនាន់​ក្រោយ​នៃ​ក្រុមគ្រួសារ ហ្វឺ​ឌី​ណង់​ដ៍ ម៉ា​រ៍​កូ​ស (Ferdinand Marcos) ដែល​ធ្លាប់​កាន់អំណាច​រយៈពេល​ជាង ២០​ ឆ្នាំ ក្រោម​ការដឹកនាំ​របស់​បុរស​ម្នាក់ ដែល​អំណាច​ត្រូវបាន​បញ្ចប់ ដោយ​ការ​ត្រូវបាន​ផ្តួលរំលំ និង​បង្ខំ​ឱ្យ​និរទេស​ខ្លួន នៅក្នុង​បដិវត្តន៍​អំណាច​របស់​ប្រជាជន​។​


៣៦ ​ឆ្នាំ​ បន្ទាប់ពី​ការបាត់បង់​អំណាច កូនប្រុស​របស់​អតីត​ប្រ​ធានា​ធិ​តី​ដ៏​យូរ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​​ហ្វីលីពីន គឺ​លោក ហ្វឺ​ឌី​ណង់​ដ៍ ម៉ា៍​កូ​ស ជេ​អ​រ៍ (Ferdinand Marcos Jr) បាន​ស្តារ​មុខមាត់​គ្រួសារ​ខ្លួន​ឡើងវិញ​លើ​ឆាក​នយោបាយ ដោយ​លាយឡំ​ទៅដោយ​ប្រតិកម្ម​ខកចិត្ត​ចម្រុះ​ពី​អ្នក​ធ្លាប់​ទទួលរង​ទណ្ឌកម្ម ក្រោម​អំណាចច្បាប់​អាជ្ញាសឹក​ពី​ឪពុក​របស់លោក​។​

​ពិធី​ចូលកាន់​តំណែង​របស់លោក​ ម៉ា​រ៍​កូ​ស ជេ​អ​រ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺជា​ការ​ត្រឡប់មកវិញ​ផ្នែក​នយោបាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ សម្រាប់​សន្តតិ​​វង្ស (​អ្នក​ត​ពូជពង្សវង្សត្រកូល​) នយោបាយ​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អាស៊ី ពោល​គឺមាន​រយៈពេល ៣៦ ​ឆ្នាំ បន្ទាប់ពី​អតីត​​ប្រធានាធិបតី​លោក​ ម៉ា​រ៍​កូ​ស ត្រូវបាន​ទម្លាក់​ពី​តំណែង និង​បង្ខំ​ឱ្យ​និរទេស​ខ្លួន ក្នុងការ​បះបោរ ដ៏​ល្បី​សុសសាយ​ ១​។ នេះ​បើតាម​ការ​ឱ្យដឹងពី Al Jazeera​។


​តែ​អ្នក​ធ្លាប់​រង​ទណ្ឌកម្ម ក្នុង​យុគសម័យ​របស់លោក​ ម៉ា​រ៍​កូ​ស បាន​មើលឃើញថា វា​ជា​សុបិន​ដ៏​អាក្រក់​របស់​ពួកគេ​។ ដោយ​ដកស្រង់​សម្តី ដោយ​ទូរទស្សន៍ Al Jazeera សកម្មជន​អាយុ ៧០​​ ឆ្នាំ ​លោក Bonifacio Ilagan ដែល​ត្រូវបាន​ឃុំខ្លួន និង​រង​ការធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយ​កងកម្លាំង​ប្រឆាំង​ការ​​បះបោរ ក្នុងអំឡុងពេល​នៃ​ការគ្រប់គ្រង​របស់លោក​ ម៉ា​រ៍​កូ​ស បាន​និយាយថា​៖ «​សម្រាប់​ជន​​រងគ្រោះ​នៃ​ច្បាប់អាជ្ញាសឹក​ដូច​រូបខ្ញុំ នេះ​ជា​សុបិន​អាក្រក់ ​១»​។​


​ប៉ុន្តែ​ប្រធានាធិបតី​ថ្មី នៅក្នុង​សុន្ទរកថា ដែល​បន្លឺឡើង​នូវ​ពាក្យស្លោក ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់បាន​សន្យាថា «​នឹង​នាំ​ប្រទេស​ឱ្យ​ចាកចេញ​កាន់តែ​ឆ្ងាយ តាម​ទស្សនវិស័យ​របស់គាត់​ជាមួយនឹង​គោលនយោបាយ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា ហើយ​បាន​ថ្លែង​អំណរ​​គុណ​ដល់​សាធារណជន ដែល​បាន​បញ្ចេញ​នូវ​អ្វីដែល​គាត់​ហៅថា «​អាណត្តិ​បោះឆ្នោត​ដ៏​ធំ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រជាធិបតេយ្យ​ហ្វីលីពីន​»​។​


​ដោយ​ត្រូវបាន​គេ​ឱ្យឈ្មោះ​ក្រៅ​ថា «Bongbong» លោក​ ម៉ា​រ៍​កូ​ស វ័យ ៦៤​ ឆ្នាំ បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ដ៏​កម្រ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី កាលពី​ខែ​មុន ដែល​ត្រូវបាន​ជួយ​ដោយ​អ្វីដែល​អ្នក​រិះគន់​និយាយថា ជា​យុទ្ធនាការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស្រោចស្រង់​មុខមាត់​គ្រួសារ​របស់គាត់​វិញ​។​

AP ដែលជា​បណ្តាញ​សារ​ព័ត៌មាន​អាមេរិកបាន​រាយ​ការណ៍​ថា សហរដ្ឋអាមេរិក មាន​ប្រវត្តិ​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ហ្វីលីពីន ដែល​ធ្លាប់​នៅក្រោម​អាណានិគម​របស់ខ្លួនភាគច្រើន នៅ​ដើម​សតវត្សរ៍​ទី​២០ មុន​ទទួលបាន​ឯករាជ្យ ក្នុង​ឆ្នាំ ​១៩៤៦​។​

​អាមេរិក​មាន​ទំនាក់ទំនង​ល្អូក​ល្អឹ​ន ជាមួយ​ហ្វីលីពីន ដោយសារ​ទីតាំង​របស់​ប្រទេស​នេះ នៅ​ចន្លោះ​សមុទ្រ​ចិន​ខាង​​ត្បូង និង​ប៉ាស៊ីហ្វិក​ខាងលិច ដោយ​វា​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ សម្រាប់​អាមេរិក ដែល​តែង​សហការ​ជាមួយ​រដ្ឋា​​ភិ​បាល​ហ្វីលីពីន​គ្រប់​អាណត្តិ​ប្រកបដោយ​ភាពរលូន​។

​ផ្អែក​តាម​ការចេញផ្សាយ​របស់ AP អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​អាមេរិក លោក Ned Price បាន​ប្រាប់​អ្នកយក​​ព័ត៌មាន នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​៖ «​យើង​ទន្ទឹងរង់ចាំ​ការបន្ត​ភាពជា​ដៃគូ​ពិសេស​របស់​យើង និង​ធ្វើការ​ជាមួយ​រដ្ឋបាល​បន្ទាប់​លើ​សិទ្ធិមនុស្ស និង​អាទិភាពក្នុង​តំបន់​»​។​

​លោក Gregory B. Poling នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍ នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ នា​ក្រុង​វ៉ាស៊ីនតោន បាន​ប្រាប់​បណ្ដាញសារព័ត៌មាន AP ថា ទោះបីជា​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ទំនងជា​ពេញចិត្ត ក្នុង​ការរួម​ការងារ​ជាមួយ​គូ​​ប្រជែង​ឈានមុខ​គេ​របស់លោក ​ម៉ា​រ៍​កូ​ស គឺ​លោកស្រី Leni Robredo ក៏ដោយ ប៉ុន្តែ​ថា «​សម្ព័ន្ធភាព រវាង​អាមេរិក និង​ហ្វីលីពីន មាន​សារៈសំខាន់ ចំពោះ​សន្តិសុខ និង​វិបុលភាព​របស់​ប្រទេស​ទាំង​ ២ ជាពិសេស​ក្នុង​យុគសម័យ​ថ្មី​នៃ​ការប្រកួត​​ប្រជែង​ជាមួយ​ប្រទេស​ចិន​»​។​

​លោក Poling បាន​និយាយ​នៅក្នុង​កំណត់ត្រា​ស្រាវជ្រាវ​មួយ​ថា «​មិន​ដូច​លោកស្រី Leni ទេ ជាមួយនឹង​វេទិកា​រួម​របស់​លោកស្រី សម្រាប់​អភិ​​បាល​កិច្ច​ល្អ និង​ការអភិវឌ្ឍ​នៅផ្ទះ ហើយ​ឈរ​នៅ​ខាង​ចិន នៅ​បរទេស លោក​ ម៉ា​រ៍​កូ​ស គឺជា​អ្នកបង្កើត​គោលនយោបាយ​។ លោក​បាន​ចៀសវាង​នូវ​ការ​​ជជែក​ដេញដោល ដោយ​លោក​ប្រធានាធិបតី គេច​ចេញពី​ការសម្ភាស និង​បាន​នៅ​ស្ងៀម​លើ​បញ្ហា​ភាគច្រើន​»​។​

​លោក​ ម៉ា​រ៍​កូ​ស បាន​ស្នង​តំណែង​ពី​លោក ​រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) ដែល​ទទួលបាន​ភាពល្បីល្បាញ​ជា​អន្តរជាតិ សម្រាប់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​សាហាវ​របស់គាត់ ហើយ​បាន​គំរាម​សម្លាប់​ឈ្មួញ​ដែល​សង្ស័យ បន្ទាប់ពី​គាត់​ចេញពី​តំណែង​។​

​លោក​និយាយ​នៅក្នុង​ពិធី​ចូលកាន់​តំណែង ដែល​ហ៊ុមព័ទ្ធ​ដោយ​ក្រុមគ្រួសារ ដែល​នៅ​ជុំគ្នា និង​ជាមួយ​ប្អូនស្រី​របស់គាត់​ឈ្មោះ Imee សមាជិក​ព្រឹទ្ធ​សភា និង​ម្តាយ​អាយុ ៩២​ ឆ្នាំ អង្គុយ​ក្បែរ​ឈ្មោះ Imelda ដែលជា​អតីត​សមាជិកសភា ៤ ​អាណត្តិ​ថា​៖ «​អ្នកនឹង​មិន​ខក​​ចិត្ត​ទេ ដូច្នេះ​កុំ​ភ័យខ្លាច​»​។

​លោក​ ម៉ា​រ៍​កូ​ស ជេ​អ​រ៍ ក៏បាន​សរសើរ​ការគ្រប់គ្រង​របស់​ឪពុក​របស់លោក​ផងដែរ ប៉ុន្តែ​បាន​និយាយថា តំណែង​ប្រ​ធានា​​ធិបតី​របស់គាត់​មិនមែន​ពាក់​ព័ន្ធ​នឹង​រឿង​អតីតកាល​ទេ ប៉ុន្តែ​ជា​អនាគត​ដ៏​ល្អប្រសើរ​។​

​លោកនិយាយ​ពី​ឪពុក​លោក​ថា​៖ «​ខ្ញុំ​ធ្លាប់​ស្គាល់​បុរស​ម្នាក់ ដែល​ឃើញ​អ្វី​តិចតួច​សម្រេច​​បាន តាំងពី​ឯករាជ្យ ប៉ុន្តែ​គាត់​ធ្វើ​វា​បាន ពេលខ្លះដោយមាន​ការគាំទ្រ​ដែល​ត្រូវការ ហើយ​ពេលខ្លះ​មិនមាន​។ ដូចនេះ រឿង​នោះ​នឹង​នៅ​ជាមួយ​កូនប្រុស​របស់គាត់​។ អ្នក​នឹងមិន​ទទួល​​បាន​លេស​ពី​ខ្ញុំ​ទេ​»​។​

​លោក ​ម៉ា​រ៍​កូ​ស បាន​គ្រប់គ្រង​ប្រទេស​ហ្វីលីពីន​អស់​រយៈពេល ២​ ទសវត្សរ៍ពី​ឆ្នាំ ​១៩៦៥ ដោយ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ការ​​ដឹកនាំ​របស់គាត់ ស្ថិតនៅក្រោម​ច្បាប់អាជ្ញាសឹក ដែល​ជួយ​ឱ្យ​លោក​បន្ត​ការ​ក្តាប់​អំណាច​រហូតដល់​ការផ្តួលរំលំ ដោយ​កម្លាំង​មហាជន និង​ការដកថយ​របស់​គ្រួសារ​គាត់​ទៅ​និរទេស ក្នុងអំឡុង​បដិវត្តន៍​អំណាច​ប្រជាជន ក្នុង​ឆ្នាំ ​១៩៨៦​។​

​គូប្រជែង​របស់លោក​ ម៉ា​រ៍​កូ​ស រាប់ពាន់នាក់ ត្រូវបាន​ចាប់​ដាក់គុក សម្លាប់ ឬ​បាត់​ខ្លួន ក្នុងការ​គ្រប់គ្រង​ប្រកបដោយ​ភាព​ផ្តាច់ការ ហើយ​ឈ្មោះ​គ្រួសារ បាន​ប្រែជា​មានន័យ​ដូចនឹង​ការនិយម​ជ្រុល ភាព​​ហួសហេតុ និង​ការបាត់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ពី​ទ្រព្យ​សម្បត្តិ​រដ្ឋ​។ គ្រួសារ​របស់លោក​ម៉ា​រ៍​កូ​ស បាន​ច្រានចោល​រាល់​ការ​ចោទ​ពីបទ​កេង​បន្លំ​នានា​។​

AL Jazeera បាន​ផ្សាយ​ថា សកម្មជន និង​អ្នក​រស់រានមានជីវិត​ពី​សម័យកាល​នៃ​ការប្រើ​ច្បាប់អាជ្ញាសឹក នៅក្រោម​ឪពុក​របស់គាត់ បាន​តវ៉ា​ប្រឆាំងនឹង​ពិធី​ឡើងកាន់​អំណាច​របស់លោក ​ម៉ា​រ៍​កូ​ស ជេ​អ​រ៍ ដែល​បាន​ធ្វើឡើង នៅក្នុង​ពិធី នាពេល​ថ្ងៃត្រង់ នា​ជណ្តើរ​នៃ​សារមន្ទីរ​​ជាតិ ក្នុង​ទីក្រុង​ម៉ានីល​។ ប៉ូលិស ទាហាន និង​ឆ្មាំ​តាម​តំបន់ឆ្នេរ​ជាង ១៥ ០០០ ​នាក់ ត្រូវបាន​ដាក់ពង្រាយ នៅ​ទូទាំង​រាជធានី ដើម្បី​ធានា​សន្តិសុខ​។

​ក្នុង​សុន្ទរកថា​បើកសម្ពោធ​តំណែង​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ​ម៉ា​រ៍​កូ​ស ដែល​បានតែងតាំង​ខ្លួនឯង ជា​រដ្ឋ​មន្ត្រី​កសិកម្ម​បាន​និយាយថា លោក​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​គ្រប់គ្រាន់​នៃ​អាហារ ហេដ្ឋារចនាសម្ព័ន្ធ ការ​គ្រប់​​គ្រង​កាកសំណល់ និង​ការ​ផ្គត់ផ្គង់​ថាមពល និង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ក​ម្មករ​ហ្វីលីពីន​រាប់លាន​នាក់ នៅឯ​បរទេស​។​

​លោកបាន​និយាយថា​៖ «​ខ្ញុំ​យល់ច្បាស់​ពី​ទំនាញ​នៃ​ការទទួល​​ខុសត្រូវ ដែល​អ្នក​ដាក់​លើ​ស្មា​របស់ខ្ញុំ​។ ខ្ញុំ​មិន​គិត​សើៗ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​កិច្ចការ​នេះ​។ ខ្ញុំ​នឹងធ្វើ​វា​ឱ្យ​រួចរាល់​»៕

វីដេអូ៖