ស្រីលង្កា​ដែលជា​ប្រទេស​ដួលរលំ​សេដ្ឋកិច្ច​ដំបូង​បំផុត ក្រោយ​ជួប​វិបត្តិ​កូ​វីដ ​១៩ កំពុង​ប្រឈម​វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ​រយៈពេល​វែង ស្រប​ពេលដែល​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​អន្តរជាតិ​បង្ហាញ​ភាពមិនច្បាស់លាស់ ក្នុងការ​ទម្លាក់​កញ្ចប់​ហិរញ្ញ​ប្ប​​ទាន​ថ្មី ដោយ​ទាមទារ​ឱ្យ​ប្រទេស​នេះ ធ្វើកំណែទម្រង់​កាន់តែ​ស៊ីជម្រៅ ដើម្បី​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។​

​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែន​កោះ ដែលមាន​ប្រជាជន ២២​ លាន​នាក់​នេះ​ បណ្តាលឱ្យ​ប្រជាជន​រស់នៅ​ជាមួយ​ភាពខ្វះខាត​នូវ​គ្រឿង​​អាស្រ័យ​ជាច្រើន សម្រាប់​បំពេញតម្រូវការ​រស់នៅ​ប្រចាំថ្ងៃ ដូចជា​ការខ្វះ​ឥន្ធនៈ អាហារ ថ្នាំពេទ្យជាដើម​។ ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ផ្ទុះឡើង ដោយបាន​ប៉ះ​​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ដែល​ប្រទេស​នេះ​ពឹងផ្អែក ដើម្បី​បង្កើត​រូបិយប័ណ្ណ​​អន្តរជាតិ ជា​ថ្នូរ​នឹង​ការបញ្ជាទិញ​ឧស្ម័ន និង​ម្ហូបអាហារ ជី​​កសិកម្ម ពី​ទីផ្សារ​អន្តរជាតិ​។​

​វិបត្តិ​ម្ហូបអាហារ​នៅ​ស្រីលង្កា ក៏​កើតចេញ​ផងដែរ ពី​គោល​​នយោបាយ​មិន​ត្រឹមត្រូវ ក្នុង​វិស័យ​កសិកម្ម ដែល​ប្រទេស​នេះ​មានបំណង​ប្រែ​ក្លាយខ្លួនជា​កន្លែង​ផលិត​ផលិតកម្ម​សរីរាង្គ ១០០% ដំបូង​គេ​បំផុត នៅលើ​ពិភពលោក ដោយបាន​ហាម​​ឃាត់​ការ​នាំចូល​ជីគីមី​ទាំងអស់ សម្រាប់​បម្រើការ​បង្កបង្កើន​ផលក្នុងស្រុក​។ ផ្ទុយទៅវិញ កសិករ​ជាច្រើនបាន​បាក់​ទឹកចិត្ត ហើយ​បោះបង់​ស្រែចម្ការ ដោយសារ​កសិកម្ម​រប​ស់​ខ្លួន​រង​ការបំផ្លិច​​បំផ្លាញ​ពី​សត្វល្អិត និង​ការ​​ទទួលបាន​ទិន្នផល​ទាប​។​


​ដោយ​ស៊ូទ្រាំ​ការលំបាក​ដែល​គ្មាន​ពន្លឺ ក្នុងការ​ដោះស្រាយ ដោយសារ​ប្រទេស​កំពុង​ខ្វះខាត​រូបិយប័ណ្ណ​បរទេស​យ៉ាងខ្លាំង សម្រាប់​នាំចូល​ផលិតផល​ចាំបាច់ ដើម្បី​បំពេញ​សេចក្តី​​ត្រូវការ​រស់នៅ​នោះ ប្រជាជន​​ស្រីលង្កា​រាប់ម៉ឺន​នាក់​ចេញ​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់ ជា​​ពិសេស​ការប្រមូលផ្តុំ​នៅតាម​ស្ថានីយ​ចាក់​សាំង និង​បញ្ចូល​ហ្គាស​សម្រាប់​ចម្អិន​។​

​ការតវ៉ា​ធំ​ចុងក្រោយ កើតមានឡើង ចាប់តាំងពី​ដើមខែ​កក្កដា ដោយ​បាតុករ​រាប់ម៉ឺន​នាក់​ដើរ​តាម​ដងផ្លូវ​រហូត​ចូលទៅ​កាន់​ការិយាល័យ​ប្រធានាធិបតី និង​គេហដ្ឋាន​នាយករដ្ឋមន្ត្រី ដោយ​ទាមទារ​ឱ្យ​ពួកគេ​ចុះ​ចេញពី​តំណែង​។ ជា​លទ្ធផល ប្រ​ធានា​​ធិបតី ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ា​ក្សា (Gotabaya Rajapaksa) យល់ព្រម​ចុះចេញ​ពី​តំណែង តាមរយៈ​សារ​អេឡិចត្រូនិក ពេលដែល​ខ្លួន​កំពុង​និរទេស នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា ដោយ​កើតឡើង​ក្រោយពី​នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជា​បង​ប្រុស​ប្រកាស​ចុះ​ចេញពី​តំណែង កាលពីដើម​ខែឧសភា​។​


​សមាជិក​រដ្ឋសភា​ស្រីលង្កា​ភាគច្រើន ក្នុងចំណោម ២២៥ ​អាសនៈ បាន​បោះឆ្នោត​គាំទ្រ​លោក រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ (Ranil Wickremesinghe) ដែល​ធ្លាប់​កាន់តែ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ស្រីលង្កា ៦​ ដង ឱ្យ​ក្លាយជា​ប្រធានាធិបតី​ថ្មី ដើម្បី​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស ដែល​ធ្លាក់ចុះ​រូបិយប័ណ្ណ​បរទេស​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ បានមក​កាត់ផ្តាច់​ចង្វាក់​នៃ​ការធ្វើដំណើរ​ជាស​កល ដែល​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​ទ្រឹង​ទាំងស្រុង​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ធនាគារពិភពលោក (World Bank) បាន​បដិសេធ​សម្រាប់​ការផ្តល់​ហរិ​ញ្ញ​ប្ប​ទាន​ថ្មី រហូត​​ដល់​ប្រទេស​នេះ កសាងបាន​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​គ្រប់គ្រាន់ ដោយ​ទាមទារ​ឱ្យមាន​កំណែទម្រង់​រចនា​សម្ព័ន្ធ​ស៊ីជម្រៅ ដែល​ផ្តោតលើ​ស្ថិរភាព​សេដ្ឋកិច្ច​ផង​​ដែរ ព្រមទាំង​លើ​ការដោះស្រាយ​បុព្វហេតុ​រចនាសម្ព័ន្ធ​ឫសគល់​នៃ​វិបត្តិ​នេះ ដើម្បី​ធានាថា ការ​​ប្រសើរ​ឡើងវិញ និង​ការអភិវឌ្ឍ នាពេល​អនាគត​របស់​ប្រទេស មាន​ភាព​ធន់ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ធនាគារពិភពលោកឱ្យដឹងថា ដើម្បី​ជួយ​សម្រាល​ដល់​ការខ្វះខាត​យ៉ាងធ្ងន់ធ្ងរ​នៃ​សម្ភារ​ចាំបាច់​សំខាន់ៗ ដែលមាន​ដូចជា​ថ្នាំពេទ្យ ឧស្ម័ន ជី​​កសិកម្ម អាហារ សម្រាប់​កុមារ​សិស្សសាលា និង​ការផ្ទេរ​សាច់ប្រាក់ សម្រាប់​គ្រួសារ​​ក្រីក្រ និង​ងាយ​រងគ្រោះ ធនាគារ​​ពិភពលោក កំពុងតែ​រៀបចំ​ធនធាន​ឡើងវិញ​ក្រោម​កម្ចី​ដែល​កំពុងមាន​ស្រាប់ នៅក្នុង​ផលប​ត្រ​របស់ខ្លួន ដោយ​រហូត​មកទល់ពេលនេះ ថវិកា​ប្រមាណ​ជា $១៦០​លាន​នៃ​មូលនិធិ​ទាំងនេះ ត្រូវបាន​បញ្ចេញ ដើម្បី​បំពេញតម្រូវការ​បន្ទាន់​។ លើសពីនេះ គម្រោង​បន្តបន្ទាប់​ទៀត នឹង​បន្ត​ជួយ​ដល់​សេវា​មូលដ្ឋាន ការផ្តល់​ថ្នាំ និង​ការផ្គត់ផ្គង់​ថ្នាំពេទ្យ អាហារ​សាលា រួមទាំង​ការលើកលែង​ចំពោះ​ថ្លៃ​សិក្សា​ជាដើម​។​

​ទោះបីជា​យ៉ាងណា ធនាគារ​មិនបាន​លើកឡើង​ពី​ចំណុច ដែល​ប្រទេស​ដួលរលំ​សេដ្ឋកិច្ច​នេះ ត្រូវធ្វើ​នោះទេ ប៉ុន្តែ​កាលពី​ឆ្នាំ ​២០១៧ ស្ថាប័ន​ផ្តល់ប្រាក់​កម្ចី​មួយ​នេះ ធ្លាប់បាន​លើកឡើងថា ស្រីលង្កា​ត្រូវ​មើល​ឱ្យ​ហួស​ពី​ព្រំដែន​របស់ខ្លួន និង​បង្កើន​ការប្រកួតប្រជែង​ជាស​កល ដើម្បី​រក្សា​កំណើន​ខ្ពស់ និង​រយៈពេល​វែង​។​

​ស្រីលង្កា​ក៏​ធ្លាប់​បានដាក់​​ចេញ​ចក្ខុវិស័យ​ឆ្នាំ ​២០២៥ ដោយ​ធនាគារពិភពលោក បានកំណត់​វគ្គ​នៃ​ការកែទម្រង់ ដើម្បី​ធ្វើឱ្យ​ប្រទេស​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​លើក​កម្រិតជីវភាព​រស់​នៅ​របស់​ប្រជាជន​ទាំងអស់​។ កំណែ​ទម្រង់​ទាំងនេះ មាន​ចាប់ពី​តម្រូវការ​បន្ទាន់ ដូចជា​ច្បាប់​​ការងារ រហូតដល់​ការរៀបចំ​រចនាសម្ព័ន្ធ​កម្មវិធី​បណ្តាញ​សុវត្ថិភាព​សង្គម និង​ការជំរុញ​ការទទួលបាន​បច្ចេកវិទ្យា និង​ការធ្វើឱ្យ​ឌីជីថល​។​

​ធនាគារពិភពលោក លើកឡើង​ពេលនោះ​ថា​៖ «​នេះ​ជា​របៀប​ដែល​ប្រទេស​ស្រីលង្កា ចង់​ផ្លាស់ប្តូរ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដោយមាន​ការប្រកួត​​ប្រជែង និង​បរិ​យា​ប័ន្ន រួមជាមួយ​នឹង​របៀប ដែល​ធនាគារ​ពិភព​​លោក ក្នុងនាម​ជា​ដៃគូ​ជិត ៦​ ទសវត្សរ៍ នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​»​។​

​ការបដិសេធ​របស់​ធ​នាគារ​​ពិភពលោក ក៏​មិនទាន់​បិទផ្លូវ​សម្រាប់​ប្រធានាធិបតី លោក វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ វ័យ ៧៣ ​ឆ្នាំ​ដែរ ដោយ​រដ្ឋាភិបាល​របស់​លោក​រំពឹង​សម្រេចបាន​កិច្ច​ព្រមព្រៀង​ជាមួយ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី IMF នៅ​ចុងខែ​សីហា​នេះ ដោយ​ស្រីលង្កា​នឹងត្រូវ​ទទួលបាន​ប្រាក់​លើសពី $៣​ ពាន់​លាន​ពី​ប្រភព​ផ្សេងទៀត ឆ្នាំក្រោយ ដើម្បី​ជាការ​គាំទ្រ​ដល់​ការ​នាំចូល​សំខាន់ៗ រួមមាន​ប្រេងឥន្ធនៈ អាហារ និង​ជី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP របស់​បារាំង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​របស់​អង់គ្លេស ប្រទេស​កោះ​មួយ​នេះ អស់​ការដោះដូរ​រូបិយប័ណ្ណ​បរទេស ដើម្បី​ផ្តល់​ហិរញ្ញប្បទាន សូម្បី​ការនាំ​ចូល​សំខាន់បំផុត ហើយ​ការខ្វះខាត​រ៉ាំរ៉ៃ បានធ្វើឱ្យ​កំហឹង​សាធារណ​​ជន​ឆាបឆេះ​ឡើង ខណៈ​រហូត​​ដល់​ចុងក្រោយ មន្ត្រី​រដ្ឋាភិបាល​ត្រូវបាន​ប្រាប់​ឱ្យធ្វើ​ការ​ពី​ផ្ទះ ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ និង​សន្សំសំចៃ​ប្រេង​។​

​យោងតាម​រ៉​យ​ទ័​រ អតិផរណា​បាន​កើនឡើង​ដល់ ៦០,៨% ក្នុង​ខែកក្កដា សម្រាប់​កំណត់ត្រា​ប្រចាំខែ​ជាប់ៗ​គ្នា ១០ ​ខែ​។ នេះ​បើតាម​ទិន្នន័យ​ពីស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​កូឡុំបូ (CCPI) ដែល​បានចេញ​ផ្សាយ​ កាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រាក់​រូពី​ដែលជា​រូបិយប័ណ្ណ​ស្រីលង្កា បាន​បាត់បង់​តម្លៃ​ជាង​ពាក់​​កណ្តាល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកនៅ​ឆ្នាំនេះ​។ កាលពី​ខែមេសា ប្រទេស​ស្រីលង្កា​ បាន​ផ្អាក​ការសង​បំណុល​បរទេស​ប្រហែល $១២​ ពាន់​លាន ហើយ​ត្រូវ​បង់ប្រាក់​ជិត $២១ ​ពាន់​លាន នៅ​ចុងឆ្នាំ ​២០២៥​។​

​កាសែត Wall Street Journal បាន​រាយការណ៍​ថា ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា លោក វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី ៣១ ខែកក្កដា ឥឡូវនេះ វា​មិន​មែន​ជា​ពេលវេលា​សមរម្យ សម្រាប់​អតីត​ប្រធានាធិបតី លោក Gotabaya ក្នុង​ការវិល​​ត្រឡប់មក​ប្រទេស​វិញ​នោះទេ ពីព្រោះ​ការវិលត្រឡប់នៅក្នុងខណៈពេល​នេះ អាចធ្វើ​ឱ្យមាន​ភាព​តានតឹង​ផ្នែក​នយោបាយ ដោយ​លោក​ប្រធានាធិបតី​ថ្មី បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​មិន​ជឿថា វា​មិនមែនជា​ពេលវេលា សម្រាប់​គាត់ ដើម្បី​ត្រឡប់មកវិញ​ទេ​។ ខ្ញុំ​មិនមាន​សញ្ញា​ថា គាត់​នឹង​ត្រឡប់មកវិញ​ឆាប់ៗ​នេះ​ទេ​»៕