១​ ថ្ងៃ​បន្ទាប់ពី​ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) រដ្ឋ​មន្ត្រីការ​បរទេស​នៃ​ប្រទេស​ចិនកាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​អំពាវ​នាវ​ឱ្យ​ភាគី​ទាំងអស់​បន្ត​គាំទ្រ​ជំហរ និង​វិធាន​ការ​ស្របច្បាប់​របស់​ចិន ហើយ​រួមគ្នា​រក្សា​សន្តិភាពក្នុង​តំបន់ និង​ច្រក​សមុទ្រ​តៃវ៉ាន់​។

លោក វ៉ាង យី (Wang Yi) ទី​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន បាន​ថ្លែង​បែបនេះ ខណៈ​ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋ​មន្ត្រីការ​បរទេស​ចិន​-​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ជា​កន្លែង​ដែល​លោក​បាន​រំឭក​ឡើងវិញ​នូវ​ជំហរ​របស់​ប្រទេស​ចិន​លើ​ការបង្ក​ហេតុ​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​អធិប​តេយ្យ​ភាព​របស់​ចិន​។ នេះ​បើ​យោង​តាម CGTN ដែល​ជា​បណ្តាញ​ព័ត៌មាន​គាំទ្រ​ដោយ​រដ្ឋ​ចិន​។

យោង​តាម​ការ​ផ្សាយ​នោះ លោក វ៉ាង បាន​ចោទ​អាមេរិក​ថា តាម​រយៈ​ការ​ជាន់​ឈ្លី​ច្បាប់​អន្តរ​ជាតិ ការរំលោភ​លើ​ការ​ប្តេជ្ញាចិត្ត​ទ្វេ​ភាគី និង​ធ្វើ​ឱ្យ​ខូច​សន្តិភាពនៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ក៏​ដូចជា​ការ​គាំទ្រ​កង​កម្លាំង​បំបែក​ខ្លួននិង​ការ​តស៊ូ​មតិ ការ​ប្រឈម​មុខ​ដាក់​គ្នា សហរដ្ឋ​អាមេរិក​នឹង​នាំមក​នូវ​ «​ល្បែង​នយោបាយ​ជាមួយ​នឹង​ផល​ប៉ះពាល់​អ​វិជ្ជមាន​»​។


ដោយ​ហៅ​អាមេរិក​ថាជា ​«​អ្នក​បំផ្លាញ​សន្តិភាព​ដ៏​ធំ​បំផុត នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជា​អ្នក​បង្ក​បញ្ហា​ធំ​បំផុត​នៃ​ស្ថិរភាព​ក្នុង​តំបន់​» លោក​រដ្ឋមន្ត្រី​ការបរទេស​ចិនបាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឱ្យទទួល​ស្គាល់​មូលហេតុ និង​ខ្លឹមសារ​នៃ​វិបត្តិ​បច្ចុប្បន្ន ហើយ​រួមគ្នា​ប្រឆាំងនឹង​ហានិភ័យ និង​ការបង្ក​ហេតុ​របស់​ភាគី​អាមេរិក​។

ប្រធានសភា​អាមេរិក លោកស្រី ប៉េឡូស៊ី ដែលជា​មនុស្ស​សំខាន់​ទី ​៣ នៅ​សហរដ្ឋ​អាមេរិក បាន​បំពេញ​ទស្សនកិច្ចនៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិកតាម​ប្រទេស​មួយ​ចំនួន ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ស្អិត​ល្មួត មានដូចជា សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន ដោយ​បាន​រួមបញ្ចូល​ដំណើរ​ទស្សន​កិច្ច​ទៅ​តៃវ៉ាន់​ដ៏​ចម្រូងចម្រាស ​ដោយសារ​មាន​ការប្រឆាំង​យ៉ាងខ្លាំង​ពី​ចិន ព្រោះ​តែង​ទាមទារ​ការ​គ្រប់គ្រង​លើ​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​អស់​ពេល​ជាង​ ៧០ ​មក​នេះ​។


លោកស្រី ប៉េឡូស៊ី បាន​ជួប​មេដឹកនាំ​តៃវ៉ាន់ និង​បាន​កោត​សរសើរ​ពី​ដំណើរ​ការ​លូត​លាស់​ប្រជាធិប​តេយ្យនៅ​ទីនោះ ព្រម​ទាំង​កោតសរសើរ​ប្រធានា​ធិបតី​តៃវ៉ាន់ថា ជា​ស្ត្រី ដែល​គ្រប់គ្រង​បានល្អ ទើប​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅលើ​កោះ​នោះ​។

លោក វ៉ាងបាន​កត់​សម្គាល់​ថា ភាព​តានតឹង ដែល​ចេះ​តែ​កើន​ឡើង​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ត្រូវបាន​បង្កឡើង​ដោយ​ភាគី​អាមេរិក ដោយ​លោក​អះអាងថា ប្រទេស​ចិន​បាន​ខិតខំ​ប្រឹងប្រែង​ការទូត​ជា​អតិបរមាដើម្បី​បញ្ចៀស​វិបត្តិដែល​បានដាក់​លើ​ប្រទេស​នេះ ហើយ​នឹងមិន​អនុញ្ញាត​ឱ្យ​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​ផលប្រយោជន៍​ស្នូល​របស់ខ្លួន និង​ដំណើរការ​នៃ​ការស្តារ​ជាតិ​ឡើងវិញ​ឡើយ​។

លោក​បាន​និយាយថា វិធានការ​ដ៏​ទូលំ​ទូលាយដែល​ចិន​បាន​អនុវត្ត ហើយនឹង​ចាត់វិធាន​ការ គឺ​ជា «​វិធានការ​ការពារ​ចាំបាច់ និង​ទាន់ពេល​វេលា​» ដែល​ត្រូវ​បាន​ពិចារណា និង​វាយ​តម្លៃ​យ៉ាង​យក​ចិត្ត​ទុកដាក់​។​ លោក​បាន​បន្ថែមថា វិធានការ​នេះ​មាន​គោលបំណង​ការពារ​អធិប​តេយ្យ​ភាព និង​សន្តិសុខ​ជាតិ និង​ស្របតាម​ច្បាប់​អន្តរ​ជាតិ និង​ក្នុងស្រុក​៕​