រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់​ថូ​នី ប្ល៊ី​ន​កែន ប្រាប់ថា សហរដ្ឋអាមេរិកនឹង​ការពារ​ហ្វីលីពីន បើ​ត្រូវបាន​វាយប្រហារនៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ពាក្យសន្យា​នេះ ត្រូវបាន​ធ្វើឡើងក្នុង​ដំណើរ​ទស្សនកិច្ច ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ក្រោម​ការដឹកនាំ​នៃ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ថ្មី លោក ហ្វើ​រ​ឌី​ណាន់ ម៉ា​រ៍​កូ​ស ជេ​.​អ​។​

​លោក ប្ល៊ី​ន​កែន គឺជា​រដ្ឋមន្ត្រី​ដំបូង​គេ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន ក្រោម​ការ​​ដឹកនាំ​របស់លោក ម៉ា​រ៍​កូ​ស ជេ​.​អ ដោយ​កិច្ចពិភាក្សា​របស់​អ្នក​ទាំង ​២ ផ្តោតជាសំខាន់​លើ​ភាព​តានតឹង រវាង​អាមេរិក និង​ចិន ដែល​ដើមហេតុ​មកពី​ការធ្វើដំណើរ​របស់​ប្រធាន​​សភា​សំណាង​រាស្ត្រ​អាមេរិក លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី (Nancy Pelosi) ទៅកាន់​កោះ​តៃវ៉ាន់ ខណៈដែល​លោក ប្ល៊ី​ន​កែន បាន​សង្កត់ធ្ងន់ថា សន្ធិ​សញ្ញា​ការពារជាតិ​រួមគ្នា (Mutual Defense Treaty) រវាង​អាមេរិក និង​ហ្វីលីពីន ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ ​១៩៥១ នៅតែ​រឹងមាំ​ដូចដើម​។​

​លោក ប្ល៊ី​ន​កែន និយាយ​នៅក្នុង​សន្និសីទ​រួម​ខ្លី ​១ ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo ថា​៖ «​សហ​​រដ្ឋ​អាមេរិក​តែងតែ​ឈរ​ខាង​សម្ព័ន្ធមិត្ត​របស់​យើង​ជានិច្ច​»​។ ដោយ​សង្កត់ធ្ងន់ថា អាមេរិក​នឹងធ្វើ​អនុវត្តតាម​សន្ធិសញ្ញា បើ​មានការ​វាយប្រហារ​ប្រឆាំងនឹង​កងទ័ពជើងទឹក នាវា និង​យន្ត​​ហោះ​របស់​ហ្វីលីពីន ហើយ​ជាមួយគ្នានេះ លោក​ក៏​ពោល​សរសើរ​ផងដែរ ចំពោះ​ហ្វីលីពីន​ថា ជា​មិត្ត ដៃគូ និង​សម្ព័ន្ធមិត្ត​ដ៏​មានតម្លៃ​របស់​ប្រទេស​លោក​។​


​ចំណែក​ខាង​លោក Manalo និយាយថា សហរដ្ឋអាមេរិក​ក៏​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ផងដែរ ហើយ​ក៏បាន​បន្ថែមទៀត​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ផ្ញើ​លិខិតអញ្ជើញ​ ១​ ទៅកាន់​លោក ម៉ា​រ៍​កូ​ស ដើម្បី​ឱ្យទៅ​បំពេញ​ទស្សនកិច្ចនៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ ២ កំពុងស្ថិត​ក្នុង​ដំណើរ​កាល​នៃ​ការកំណត់​កាលបរិច្ឆេទ​ដ៏​ជាក់លាក់​ ១​។​

​ភាគី​ទាំង ​២ ក៏បាន​ពិភាក្សា​ពី​សមយុទ្ធ​យោធា​រួមគ្នា និង​ជំនួយ ដើម្បី​ធ្វើ​ទំនើបកម្ម​កង​កម្លាំងប្រដាប់អាវុធ​ហ្វីលីពីន​ផង​ដែរ ដូចដែល​ប្រជាជាតិ​ទាំង​ ២ សន្យាថា នឹងធ្វើ​ការរួម​គ្នា​លើ​សន្តិសុខ​ស្បៀង ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត ថាមពល​ស្អាត និង​វិបត្តិ​សកល​។​


​ហ្វីលីពីន ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​​នយោបាយ រវាង​អាមេរិក និង​ចិន ក្នុងខណៈដែល​ប្រទេស​​មហាអំណាច​ទាំង​ ២ កំពុង​ប្រជែង​គ្នា​ដណ្តើម​ឥទ្ធិពល នៅ​អាស៊ីអាគ្នេយ៍ ដែល​នាំ​លោក ម៉ា​រ៍​កូ​ស ប្រឈម​នឹង​បញ្ហា​នៃ​តុល្យភាព និង​ការរក្សា​ទំនាក់​​ទំនង​របស់គាត់​ជាមួយ​មហា​​អំណាច​ទាំង ​២​។​

​ទំនាក់ទំនង​ការទូត​រវាង​​ហ្វីលីពីន និង​ចិន កំពុង​ប្រឈម​​នឹង​ភាព​តានតឹង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជុំវិញ​ជម្លោះ​សិទ្ធិ​គ្រប់គ្រង​តំបន់​កោះ នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​លោក​ប្រធានាធិបតី ម៉ា​រ៍​កូ​ស បានប្រកាស​អះអាងថា គាត់​នឹងមិន​ប្រគល់​ទឹកដី​ហ្វីលីពីន​សូម្បីតែ ១ ​អ៊ី​ញ ទៅ​មហាអំណាច​បរទេស​ជាដាច់ខាត​។​

​តែ​ទោះបី​មានការ​លើកឡើង​យ៉ាង​ដូច្នោះ ក្នុងខណៈដែល​លោក ម៉ា​រ៍​កូ​ស បានប្រកាស​ជ័យជម្នះ​របស់លោក​ជា​មេ​ដឹក​​នាំ​ថ្មី រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានមក​ជួប​លោក ម៉ា​រ៍​កូ​ស និង​និយាយថា ចិន​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​​ហ្វីលីពីន​ថ្មី ហើយ​ភាគី​ទាំង ​២ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ថា ពួកគេ​នឹង​រក្សា​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជាតិ​ទាំង​ ២​។​

​យ៉ាងណាចំណងទាក់ទង​ជាមួយ​អាមេរិក ក៏​ត្រូវបាន​រង្គោះរង្គើ ក្នុង​អាណត្តិ​អតីត​​ប្រធានាធិបតី លោក រ៉ូឌ្រី​ហ្គោ ឌូ​តឺ​តេ ដែល​បង្ហាញ​គោ​លន​​យោ​បាយ​ឈរ​ខាង​ចិន ដោយនិយាយ​វាយប្រហារ និង​ព្រមាន​កាត់បន្ថយ​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក តែ​ទស្សនកិច្ច​របស់លោក ប្ល៊ី​ន​កែន បង្ហាញថា អាមេរិក​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន ព្រោះ​មាន​ទីតាំង​ភូមិសាស្ត្រ​ជិត​កោះ​តៃវ៉ាន់ ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​អាមេរិកនាពេល​អនាគត​៕

វីដេអូ៖