
អណ្ដាតភ្លើង និងផ្សែង ចេញពីទីតាំងនៃការវាយប្រហារតាមអាកាសរបស់អ៊ីរាអែល ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែសីហា។ AFP
ភាពតានតឹងនៃជម្លោះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងជាថ្មីម្ដងទៀត ដោយបានសម្លាប់មនុស្សជិត ៣០ នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ដោយផ្តួចផ្ដើមពីការវាយប្រហារគ្នាទៅវិញទៅមកដ៏ធំបំផុត ចាប់តាំងពីជម្លោះ ១១ ថ្ងៃ ក្នុងខែឧសភា ឆ្នាំមុន។
ត្រឹមរយៈពេលជិត ៣ ថ្ងៃនៃជម្លោះ ជនជាតិប៉ាឡេស្ទីនចំនួន ៣១ នាក់ ដែលក្នុងនោះមានក្មេងៗ ៦ នាក់ ត្រូវបានសម្លាប់ ខណៈជាង ២៦០ នាក់បានរងរបួស។ នេះបើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីននៅថ្ងៃអាទិត្យ។
អ៊ីស្រាអែលបានចាប់ផ្ដើមបើកការវាយប្រហារ កាលពីថ្ងៃសុក្រ ដែលប្រទេសនេះ បានហៅថា «ប្រតិបត្តិការទុកជាមុន» ដោយដាក់លើគោលដៅក្រុមជីហាដអ៊ិស្លាមប៉ាឡេស្ទីន (PIJ) ដែលលោកនាយករដ្ឋមន្ត្រី Yair Lapid ហៅថាជា «កម្លាំងប្រូកស៊ីអ៊ីរ៉ង់ ដែលចង់បំផ្លាញរដ្ឋអ៊ីស្រាអែល»។
ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹង ដែលបង្កឡើងដោយការចាប់ខ្លួនលោក Bassem al-Saadi ដែលជាសមាជិកជាន់ខ្ពស់ ១ រូប នៃក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាអែលចាត់ទុកថា ជាក្រុមភេរវករ ១ នៅដើមសប្ដាហ៍។
ប្រតិបត្តិការផ្សេងៗរបស់អ៊ីស្រាអែល រួមទាំងការបំផ្ទុះលំនៅឋាន និងការវាយប្រហារតាមអាកាស បន្តរហូតមកដល់ព្រឹកថ្ងៃអាទិត្យ ដោយសម្លាប់មន្ត្រីជាន់ខ្ពស់របស់ក្រុមជីហាដដែលគាំទ្រដោយអ៊ីរ៉ង់ ២ រូប រួមមានមេបញ្ជាការភូមិភាគខាងត្បូងហ្គាហ្សា លោក Khaled Mansour និងមេបញ្ជាការភូមិភាគខាងជើងហ្គាហ្សា លោក Taysir al-Jabari។
ក្រុមជីហាដ ហៅការវាយប្រហារដំបូងរបស់អ៊ីស្រាអែលថា ស្មើនឹង «ប្រកាសសង្គ្រាម»។ លោក Ziad al-Nakhalah មេដឹកនាំក្រុមសកម្មប្រយុទ្ធនេះ បានសន្យាថា នឹងសងសឹកអ៊ីស្រាអែលវិញ ចំពោះការវាយប្រហារនៅហ្គាហ្សានេះ។
លោកបាននិយាយថា៖ «ពួកអ៊ីស្រាអែល ដែលជាសត្រូវបានចាប់ផ្តើមការឈ្លានពាននេះហើយ វាត្រូវតែរំពឹងថា ពួកយើងនឹងប្រយុទ្ធមិនឈប់ឈរ។ គ្មានបន្ទាត់ក្រហម ក្នុងសមរភូមិនោះទេ ដោយទីក្រុងតែលអាវីវ និងក្រុងអ៊ីស្រាអែលដទៃទៀត នឹងក្លាយជាគោលដៅ ១ ក្នុងចំណោមគោលដៅនៃរ៉ុក្កែតរបស់យើង»។
រាប់តាំងពីថ្ងៃសុក្រមក រ៉ុក្កែត និងគ្រាប់ផ្លោងជាង ៥៨០ គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅអ៊ីស្រាអែល ដោយចន្លោះពី ៤៥០-៤៧០ គ្រាប់ បាញ់ចេញពីហ្គាហ្សា គិតត្រឹមព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលនិយាយថា គ្រាប់ខ្លះធ្លាក់ក្នុងតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល ខណៈជាង ២០០ គ្រាប់ ត្រូវបានកម្ទេចដោយប្រព័ន្ធការពារអាកាស Iron Dome របស់ខ្លួន។
ជម្លោះលើកនេះ មានទ្រង់ទ្រាយដ៏ធំបំផុត ចាប់ពីជម្លោះ ១១ ថ្ងៃ ដែលកើតឡើង ក្នុងការប្រយុទ្ធគ្នា រវាងពួកហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល កាលពីខែឧសភា ឆ្នាំមុន ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ២៦០ នាក់ និងមនុស្ស ១៣ នាក់ នៅអ៊ីស្រាអែល។
ខណៈផលវិបាកនៃជម្លោះ កាលពីពេលនោះ មិនទាន់ស្រាកស្រាន្ត សម្រាប់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា មានការភ័យខ្លាច ដែលថា ភាពតានតឹងដូចនោះ នឹងកើតឡើងជាថ្មី។ ប្រជាជនប៉ាឡេស្ទីនប្រហែល ២,៣ លាននាក់ ត្រូវរស់នៅផ្តុំគ្នាក្នុងតំបន់ ហើយត្រូវបានរឹតបន្តឹង ចំពោះការចេញចូលទៅអ៊ីស្រាអែល និងអេហ្ស៊ីប ដោយលើកឡើងពីកង្វល់សន្តិសុខ។
ទន្ទឹមនឹងនោះ មុនការវាយប្រហារចាប់ផ្ដើមនៅថ្ងៃសុក្រ អ៊ីស្រាអែលបានបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈ ដែលបានគ្រោងទុកទៅកាន់តំបន់ហ្គាហ្សាភ្លាមៗ ដែលធ្វើឱ្យមានការព្រមានពីក្រសួងសុខាភិបាលតំបន់ថា នឹងមានការលំបាកយ៉ាងខ្លាំង ដោយសារតែកង្វះអគ្គិសនី។
ខណៈជម្លោះឡើងខ្លាំងទៅៗ អេហ្ស៊ីបនិយាយថា ខ្លួនបានចូលរួមនៅក្នុងកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ កាលពីថ្ងៃសៅរ៍។ ប៉ុន្តែខណៈការវាយប្រហារគ្នាកាន់តែខ្លាំង ក្រុមជីហាដ ចោទអ៊ីស្រាអែលថា មិនគោរពតាមអ្នកសម្របសម្រួលអេហ្ស៊ីប ខណៈអ៊ីស្រាអែលថា ខ្លួនបន្តប្រតិបត្តិការ យ៉ាងហោចណាស់ ១ សប្ដាហ៍ទើបបញ្ចប់។
ភាពតានតឹងខ្លាំង នាពេលនេះ នឹងអាស្រ័យថា តើក្រុមហាម៉ាស់ នឹងជ្រើសរើសចូលរួម ក្នុងការប្រយុទ្ធជាមួយក្រុមជីហាដអ៊ិស្លាម ដែលតូចជាងខ្លួន ឬយ៉ាងណា។ ក្រសួងការបរទេសអាមេរិក និយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន ហើយវាបានជំរុញឱ្យភាគីទាំងអស់ចៀសវាងការបង្កើនភាពតានតឹង។
អ្នកការទូតមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ (UN) និងសហភាពអឺរ៉ុប បានសម្តែងការបារម្ភពីអំពើហិង្សា ហើយអាជ្ញាធរប៉ាឡេស្ទីន ដែលគាំទ្រដោយលោកខាងលិច បានថ្កោលទោសការអ៊ីស្រាអែល។
ខណៈអ៊ីរ៉ង់ តួកគី និងស៊ីរី ថ្កោលទោសអ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបិទទ្វារជាបន្ទាន់ ១ ដើម្បីពិភាក្សាពីភាពតានតឹងចុងក្រោយ រវាងភាគីជម្លោះទាំង ២៕
ហួន ឌីណា