
ចិន-ថៃ ធ្វើសមយុទ្ធ កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២។ រូបថត China Military
ក្រសួងការពារជាតិចិន ចេញសេចក្តីថ្លែងការណ៍ ១ នៅលើគេហទំព័ររបស់ខ្លួន ដោយឱ្យដឹងថា កងទ័ពអាកាសចិន នឹងបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅប្រទេសថៃ នៅថ្ងៃទី ១៤ ខែសីហា ដើម្បីចូលរួមសមយុទ្ធជាមួយកងទ័ពអាកាសថៃ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា សមយុទ្ធឈ្មោះ «Falcon Strike» (ការប្រយុទ្ធបែបបក្សី) នឹងធ្វើឡើង នៅឯមូលដ្ឋានទ័ពអាកាស ក្នុងខេត្តឧត្តនថានី (Udon Thani) ដោយយន្តហោះប្រដេញរបស់ថៃ និងយន្តហោះផ្ដល់សញ្ញាព្រមានមុនរបស់ទ័ពអាកាសនៃប្រទេសទាំង ២ ក៏នឹងចូលរួមដែរ។ ទម្រង់នៃការហ្វឹកសមនេះ នឹងរួមទាំងការផ្ដល់ជំនួយផ្លូវអាកាស ការវាយប្រហារគោលដៅលើដី និងការបញ្ជូនកងកម្លាំងយោធា ក្នុងទ្រង់ទ្រាយតូច និងធំ។
សមយុទ្ធនេះ ត្រូវធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធា មានឈ្មោះ «Super Garuda Shield» (ការការពារបក្សីអាទិទេពដ៏អស្ចារ្យ) នៅឥណ្ឌូនេស៊ី ក្នុងទ្រង់ទ្រាយធំជាមួយកងទ័ពរបស់ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរី ដែលចាប់ផ្តើមដំបូង ឆ្នាំ ២០០៩។
នៅមុននេះ ចិនក៏បានដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងមីស៊ីល ក្នុងសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ ដែលជាការធ្វើឡើង ដើម្បីឆ្លើយតបនឹងទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅដើមខែផងដែរ។
ការពង្រីកសកម្មភាពយោធារបស់ប្រទេសចិន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្កការភ័យស្លន់ស្លោដល់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដោយវាជាផ្នែក ១ នៃការប្រកួតប្រជែងខាងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនខ្លាំង ខណៈដែលវាក៏កំពុងបង្កើតភាពតានតឹងខ្លាំងបន្ថែមទៀត រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២ របស់ពិភពលោកនេះ៕
វីដេអូ៖