ក្រុងម៉ូស្គូព្រមានបញ្ចប់ទំនាក់ទំនងរុស្ស៊ី-អាមេរិក បើទ្រព្យសម្បត្តិរបស់ខ្លួនត្រូវបានរឹបអូស

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីប្រធាននាយកដ្ឋានអាមេរិកខាងជើងនៅក្រសួងការបរទេសរុស្ស៊ី លោក Alexander Darchiev ដែលនិយាយ កាលពីថ្ងៃសៅរ៍ថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីណា ១ ដែលអាចកើតឡើងពីសហរដ្ឋអាមេរិក នឹងបំផ្លាញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២។
ការព្រមាននេះ ធ្វើឡើង ខណៈមន្ត្រីកំពូលលោកខាងលិចរួមទាំងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell ស្នើឱ្យរឹបអូសយកប្រាក់បម្រុងបរទេសរុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិកសាងអ៊ុយក្រែនវិញ នាពេលអនាគត។
លោក Darchiev និយាយថា៖ «យើងព្រមានអាមេរិក អំពីផលវិបាកដ៏អាក្រក់នៃសកម្មភាពបែបនេះ ដែលនឹងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគីជាអចិន្ត្រៃយ៍ ពោលគឺមិនចំណេញសម្រាប់ផលប្រយោជន៍របស់គេ ឬក៏របស់យើង»។
គេមិនទាន់ច្បាស់ទេថា តើទ្រព្យសម្បត្តិបែបណា ដែលមន្ត្រីរុស្ស៊ីរូបនេះសំដៅលើ។ ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច ជាពិសេសអាមេរិក កាន់តែយ៉ាប់យ៉ឺន តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ ទង្វើរបស់រុស្ស៊ី រងការឆ្លើយតបយ៉ាងចាស់ដៃពីលោកខាងលិច តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការទូត ដែលមិនធ្លាប់មាន រួមទាំងការបង្កកប្រហែលពាក់-កណ្តាលនៃមាស និងទុនបម្រុងទុករុស្សី នៅបរទេស ដែលមានជិត $៦៤០ប៊ីលាន មុនការឈ្លានពាន។
តាមរដ្ឋបាលលោក បៃដិន អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ក៏បង្កកទ្រព្យសម្បត្តិ $៣០ ប៊ីលាន របស់មហាសេដ្ឋី ដែលជាប់ទាក់ទងនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រួមទាំងទូកដំណើរកម្សាន្ត ឧទ្ធម្ភាគចក្រ និងអចលនទ្រព្យ។
ក្រសួងយុត្តិធម៌អាមេរិក ក៏កំពុងស្វែងរកសិទ្ធិអំណាចពីសភា ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដើម្បីដាក់សម្ពាធក្រុងម៉ូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការនិយាយរបស់រដ្ឋអាជ្ញាម្នាក់ កាលពីខែកក្កដា៕
ហួន ឌីណា
វីដេអូ៖