ខណៈ​ភាព​តានតឹង​ជុំវិញ​ករណី​កោះ​តៃវ៉ាន់​កាន់តែ​ខ្លាំង អាជ្ញាធរ​សហរដ្ឋ​អាមេរិក បាន​បញ្ជា​ក្រុមហ៊ុន​ពហុជាតិ​របស់​អាមេរិក Nvidia Corp ដែលជា​អ្នក​រចនា​បន្ទះ​ឈីប​បញ្ញា​សិប្បនិម្មិត (IA) បញ្ឈប់​ការ​នាំចេញ​បន្ទះ​ឈីប​កុំព្យូទ័រ​លំដាប់​កំពូល ២ ប្រភេទ​ទៅ​កាន់​ប្រទេស​ចិន។​

​នេះ​ជា​វិធានការ​មួយ ដែល​អា​ចប​ន្ទុ​ច​បង្អាក់​សមត្ថភាព​រប​ស់​ក្រុមហ៊ុន​ចិន ក្នុងការ​អនុវត្ត​ការងារ​កម្រិត​ខ្ពស់ ដូចជា​ការ​ទទួល​ស្គាល់​រូបភាព និង​រារាំង​អាជីវកម្ម ខណៈពេល​ដែល​ភាគី​ចិន កក់​រួចរាល់​ហើយ សម្រាប់​បន្ទះ​ឈីប Nvidia ក្នុងតម្លៃ ៤០០ លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​នេះ។​

​យោងតាម​ការចេញផ្សាយ​របស់​រ៉​យ​ទ័​រ ក្រោយ​ការប្រកាស​នោះ ភាគហ៊ុន​របស់ Nvidia បាន​ធ្លាក់​ចុះ ៤ ភាគរយ ក្នុង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​។ ក្រុមហ៊ុន Nvidia បាន​និយាយថា ការហាម​ប្រាម​នេះ​ប៉ះពាល់​ដល់​បន្ទះ​ឈីប ២ ប្រភេទ គឺ A100 និង H100 របស់​ខ្លួន​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​បង្កើន​ល្បឿន​ការងារ​រៀនសូត្រ​របស់​ម៉ាស៊ីន អាច​រំខាន​ដល់​ការបញ្ចប់​ការអភិវឌ្ឍ H100 ដែល​ជា​បន្ទះ​ឈីប​ស្មាតហ្វូន Nvidia ដែល​បាន​ប្រកាស នៅ​ឆ្នាំនេះ​។​


​ក្រុមហ៊ុន Nvidia បាន​និយាយថា មន្ត្រី​សហរដ្ឋ​អាមេរិក ប្រាប់​ខ្លួន​ថា ច្បាប់​ថ្មី នឹង​ដោះស្រាយ​ហានិភ័យ ដែល​ផលិតផល គ្រប​ដណ្តប់​អាច​ត្រូវបាន​ប្រើប្រាស់ ឬ​បង្វែរ​ទៅជា «​ការ​ប្រើប្រាស់​ចុងក្រោយ​ផ្នែក​យោធា» ឬ «​អ្នកប្រើប្រាស់​ចុងក្រោយ​ក្នុង​ផ្នែក​យោធា» ក្នុង​ប្រទេស​ចិន។​

​សេចក្តីប្រកាស​នេះ បានបង្ហាញ​ពី​ការកើនឡើង​នៃ​ការ​បង្ក្រាប​របស់​សហរដ្ឋ​អាមេរិក​លើ​សមត្ថភាព​បច្ចេកវិទ្យា​របស់​ចិន ខណៈ​ភាព​តានតឹង​បាន​កក្រើក​ឡើង​ខ្លាំង លើ​ជោគ​វាសនា​របស់​កោះ​តៃវ៉ាន់ ជាទី​កន្លែង ដែល​បន្ទះ​ឈីប​សម្រាប់​ក្រុមហ៊ុន Nvidia និង​ស្ទើរតែ​គ្រប់​ក្រុមហ៊ុន​បន្ទះ​ឈីប​ធំៗ​ផ្សេងទៀត ត្រូវបាន​ផលិត។​


​ប្រសិនបើ​គ្មាន​បន្ទះ​ឈី​ប​របស់​អាមេរិក​ពី​ក្រុមហ៊ុន​ដូចជា Nvidia និង​គូប្រជែង​របស់​ខ្លួន​គឺ Advanced Micro Devices នោះ អង្គភាព​នានា​របស់​ចិន នឹង​មិន​អាច​ចំណាយ​ប្រាក់ ប្រកបដោយ​ប្រសិទ្ធភាព អនុវត្ត​នូវ​ប្រភេទ​កុំព្យូទ័រ​កម្រិត​ខ្ពស់ ដែល​ប្រើ​សម្រាប់​ការ​ទទួល​ស្គាល់​រូបភាព និង​ការ​និយាយ ក្នុង​ចំណោម​កិច្ចការ​ជាច្រើន​ទៀត​។​

​ជាមួយគ្នានេះ ការទទួល​ស្គាល់​រូបភាព និង​ដំណើរការ​ភាសា​ធម្មជាតិ គឺជា​រឿង​ធម្មតា នៅ​ក្នុង​កម្មវិធី​របស់​បន្ទះ​ឈីប​អ្នកប្រើប្រាស់ ដូចជា​ស្មាតហ្វូន ដែល​អាច​ឆ្លើយ​សំណួរ និង​ដាក់​ស្លាក​រូបថត​។ បន្ទះ​ឈីប​នោះ​ក៏មាន​ការ​ប្រើប្រាស់​ផ្នែក​យោធា​ផងដែរ ដូចជា​ការមើល​រូបភាព​តាមរយៈ​ផ្កាយរណប សម្រាប់​អាវុធ ឬ​មូលដ្ឋាន និង​ការ​ចម្រោះ​ទំនាក់ទំនង​ឌីជីថល សម្រាប់​គោលបំណង​ប្រមូល​ព័ត៌មាន​នានា។​

​ក្រុមហ៊ុន Nvidia បាន​និយាយថា ខ្លួន​បាន​កក់ ៤០០ លាន​ដុល្លារ​អាមេរិក ក្នុងការ​លក់​បន្ទះ​ឈីប ដែល​រង​ផល​ប៉ះពាល់​នៅ​ត្រីមាស​នេះ​ទៅ​ប្រទេស​ចិន ដែល​អាច​នឹង​បាត់បង់ ប្រសិនបើ​ក្រុមហ៊ុន​ចិន បាន​សម្រេច​ចិត្ត​មិន​ទិញ​ផលិតផល Nvidia ជំនួស​។ ក្រុមហ៊ុន បាន​បញ្ជាក់​ទៀតថា ខ្លួន​គ្រោង​នឹង​ស្នើសុំ​នូវ​ការ​លើកលែង​ចំពោះ​ច្បាប់​នេះ ប៉ុន្តែ​មិនមាន «​ការធានា» ថា​មន្ត្រី​របស់​សហរដ្ឋអាមេរិក នឹង​ផ្តល់​សិទ្ធិ​ឱ្យ​ពួកគេ ជាពិសេស ឬ​យ៉ាងណា​នោះទេ៕​

វីដេអូ៖