អំឡុង​សប្តាហ៍​នេះ ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) គ្រោង​ញ្ជូ​ន​កូន​យានអវកាស ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្ម​អារ​តេ​មី​ស (Artemis I) ទៅកាន់​គន្លង​វិថី​របស់​ព្រះ​ចន្ទ​។

​កូន​យានអវកាស​នឹង​ត្រឡប់មក​ភពផែនដី​វិញ នៅ​រយៈពេល​មួយខែ​កន្លះ​។ ប្រសិនបើ​អ្វីៗ ដំណើរការ​ដូច​បានគ្រោង​ទុក នោះ​អាមេរិក​អាច​នឹង​បញ្ជូន​អវកាសយានិក​ទៅកាន់​ព្រះ​ចន្ទ​ជាថ្មី នៅ​ឆ្នាំ​ ២០២៥ ខាងមុខនេះ​។

​មាន​កត្តា​ជាច្រើន​កំពុង​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក​ចង់​បញ្ជូន​មនុស្ស​ត្រឡប់​ទៅ​ព្រះ​ចន្ទ​ជាថ្មី ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។ កត្តា​មួយ​ក្នុងចំណោម​កត្តា​ផ្សេងទៀត​នោះ គឺ​មហិច្ឆតា​របស់​អាមេរិក​ចង់​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ ហើយ​ដើម្បី​ធ្វើបែបនេះ​បាន​បេសកកម្ម ឬ​គម្រោង Artemis ត្រូវ​សាកល្បង​បច្ចេកវិទ្យា​មួយចំនួន​នៅលើ​ព្រះ​ចន្ទ​ជាមុនសិន​។​


​ជា​ការពិត​បេសកកម្ម​ទៅកាន់​ព្រះ​ចន្ទ​ពោរពេញ​ទៅដោយ​តម្លៃ​វិទ្យាសាស្ត្រ​។ ដុំថ្ម​ដែល​ប្រមូលបាន​ពី​ព្រះ​ចន្ទ ដោយ​បេសកកម្ម​កាលពីពេល​កន្ល​ង​ទៅ បានបង្ហាញ​ពី​ប្រភព​នៃ​ការកកើត​ព្រះ​ចន្ទ ដែល​ទំនងជា​កើតឡើង​ពី​បំណែក​នៃ​វត្ថុ ដែលមាន​ទំហំ​ប៉ុន​ភព​ព្រះ​អង្គា​រហោះ​មក​បុក​ភពផែនដី កាលពី​ជាង ៤​ ប៊ី​លាន​ឆ្នាំមុន​។

​តាមរយៈ​បេសកកម្ម​ដែលមាន​ឈ្មោះថា Artemis អង្គការ NASA នឹង​ផ្តោត​ការសិក្សា​បន្ថែមទៀត​ពី​ទឹកកក​នៅលើ​ព្រះ​ចន្ទ​។ ទឹកកក និង​វត្ថុ​ធាតុ ដែលមាន​នៅក្នុង​នោះ​អាច​ផ្តល់នូវ​ព័ត៌មាន​បន្ថែម ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​របស់​ព្រះអាទិត្យ​យើង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទឹកកក​អាច​នឹងត្រូវ​ប្រើ​សម្រាប់​ការបោះ​ទីតាំង​របស់​មនុស្ស​នៅលើ​ព្រះ​ចន្ទ ប្រសិនបើ​ទឹកកក​នោះ​អាច​កែ​ប្រែជា​ទឹក​សម្រាប់​ទទួលទាន​បាន រួម​នឹង​ការ​បំប្លែង​ទៅជា​ឥន្ធនៈ​របស់​យានអវកាស​។


​បេសកកម្ម​ទៅ​ព្រះ​ចន្ទ ត្រូវបាន​ពន្យារពេល​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ បន្ទាប់ពី​ភ្នាក់ងារ​អវកាស​អាមេរិក​បានរ​ក​ឃើញ​នូវ​កំហុស​បច្ចេកទេស​មួយចំនួន​មុនពេល​បាញ់​បង្ហោះ​។ ការបាញ់​បង្ហោះ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​សប្តាហ៍​នេះ អាច​នឹងត្រូវ​ពន្យារពេល​ជា​លើក​ទី​២ ប្រសិនបើ​អាកាសធាតុ​មិន​អំណោយផល​។​

​អង្គការ NASA គ្រោង​នឹងដាក់​ចេញ​បេសកកម្ម​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​បេសកកម្ម Artemis ទី​១ ទទួលបាន​ជោគជ័យ ពោលគឺ បេសកកម្ម Artemis II នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ​ ២០២៤ ខណៈ​បេសកកម្ម Artemis III គ្រោង​ធ្វើឡើង​នៅ​ឆ្នាំ​ ២០២៥​។ Artemis III នឹង​បញ្ជូន​ស្ត្រី​ម្នាក់ និង​ជនជាតិ​អាហ្វ្រិក​-​អាមេរិកាំង​ម្នាក់​ជា​លើក​ទី​១​ ទៅកាន់​ព្រះ​ចន្ទ​។

​អង្គការ NASA ដាក់​ក្តី​រំពឹងថា បើ​បេសកកម្ម​នេះ​បាន​ជោគជ័យ នោះ​អាមេរិក​នឹង​សាងសង់​ស្ថានីយ​អចិន្ត្រៃយ៍​នៅលើ​ព្រះ​ច័ន្ទ និង​ក្នុង​គន្លង​របស់​វា សម្រាប់​ការរុករក​ព្រះ​ច័ន្ទ​នាពេល​អនាគត និង​ភព​ផ្សេងទៀត​៕