អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃសៅរ៍ទី ០៣ ខែកញ្ញា នេះ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជិត ២ ខែ ដោយសារការបះបោរទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុករបស់ស្រីលង្កា។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថា លោក រ៉ាចាប៉ាកសា ទៅស្នាក់នៅផ្ទះឯកជនរបស់លោក ឬក៏បន្ទាយទាហាន ដែលមានការការពារសុវត្ថិភាពរឹងមាំ បន្ទាប់ពីចុះពីលើយន្តហោះដាក់ជើងជាន់មាតុប្រទេសវិញភ្លាមកាលពីម្សិលមិញ។ ប៉ុន្តែមានសេចក្ដីរាយការណ៍មុនលោកទៅដល់ទីក្រុងកូឡុំបូថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីថ្មី រ៉ានីល វីគ្រីមេស៊ីងហ្កេ (Ranil Wickremesinghe) បានចាត់ចែងកន្លែងមួយនៅកណ្ដាលក្រុងសម្រាប់លោក។
ការវិលចូលស្រុករបស់លោក រ៉ាចាប៉ាកសា ត្រូវបានគេដឹងថា អាចធ្វើទៅបានតាមរយៈការស្នើសុំទៅរដ្ឋាភិបាល របស់សមាជិកសភានៃគណបក្ស Sri Lanka Podujana Peramuna របស់លោក។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ហោះចេញពីក្រុងបាងកកនៅយប់ថ្ងៃសុក្រ ជាកន្លែងដែលលោកស្នាក់អាស្រ័យចុងក្រោយបង្អស់ បន្ទាប់ពីនិរទេសខ្លួន។
លោក រ៉ាចាក់ប៉ាកសា បានរត់ចេញពីស្រីលង្កា ទៅកោះម៉ាល់ឌីវនៅដើមខែកក្កដា រួចបន្តដំណើរទៅសិង្ហបុរី ជាកន្លែងដែលលោកប្រកាសលាលែងចេញពីតំណែង ហើយបន្តទៅស្នាក់នៅប្រទេសថៃ ដោយកាន់ទិដ្ឋាការការទូត។
ការនិរទេសរបស់លោក ធ្វើឡើងក្រោយពេលដែលប្រទេសស្រីលង្កាធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ដុនដាប ដែលបង្កឱ្យមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកអស់រយៈពេលជាច្រើនខែ និងទាមទារឱ្យលោកចុះចេញពីតំណែង។
ឆ្លើយតបនឹងការវិលចូលស្រុកវិញរបស់លោក រ៉ាចាក់ប៉ាកសា មេដឹកនាំក្រុមបាតុករល្បីឈ្មោះលោក Jeewantha Peiris ចំអកថា វាគឺជារឿងដ៏អាម៉ាស់មួយសម្រាប់អតីតប្រធានាធិបតីរូបនេះ។ លោកបន្តថា៖ «ប្រជាជនស្រីលង្កាមិនជំទាស់នឹងការវិលចូលស្រុករបស់លោកទេ ហើយក៏គ្មានការតវ៉ាប្រឆាំងនឹងលោកដែរ។ ប៉ុន្តែការវិលត្រឡប់នេះ ច្បាស់ជាបង្កើតភាពតានតឹងបន្ថែមទៀត ព្រោះលោកតែម្នាក់គត់ ដែលធ្វើឱ្យស្រីលង្កាធ្លាក់ក្នុងភាពចលាចល»។
ជាមួយគ្នានេះ សកម្មជនផ្សេងទៀតនិយាយថា ពួកគេនឹងប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់ លោក រ៉ាចាក់ប៉ាកសា ដើម្បីចូលរួមធ្វើនយោបាយ ឬរដ្ឋាភិបាលឡើងវិញ៕