វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត សម្រាប់​សិល្បករ និង​អ្នកធ្វើការ ក្នុង​វិស័យ​បច្ចេកវិទ្យា នៅពេលដែល​ពិព័រណ៍​ស្នាដៃ​សិល្បៈ​មួយ ក្នុង​រដ្ឋ​កូឡូរ៉ាដូ (Colorado State Fair) សហរដ្ឋ​អាមេរិក បាន​សម្រេច​ផ្ដល់​ពាន​ង្វាន់​ដល់​ស្នាដៃ​គំនូរ ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​ប្រាជ្ញា​សិប្ប​និម្មិត (AI)។ ផ្ទាំងគំនូរ​កើតឡើង​ដោយ​ពាក្យ​ប៉ុន្មាន​ឃ្លា ដែល​គេ​ដាក់ចូល​ទៅ​ក្នុង​កម្មវិធី Midjourney។ ទន្ទឹមនឹង​ការភ្ញាក់ផ្អើល​ពានរង្វាន់​នេះ ក៏​ទទួលបាន​នូវ​ការរិះគន់​ពី​សិល្បករ​អាជីព ដោយ​ពួកគេ​ចាត់ទុក​ស្នាដៃ​នេះ​ថា ជាការ​បន្លំ។

នៅ​ឆ្នាំ​ ២០២២ នេះ ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ ក្នុង​រដ្ឋ​កូឡូរ៉ាដូ (Colorado State Fair) សហរដ្ឋ​អាមេរិក បាន​ប្រគល់​រង្វាន់​ទៅតាម​ប្រភេទ​ស្នាដៃ​សិល្បៈ​ផ្សេងៗ ដែលមាន​ដូចជា​ផ្ទាំងគំនូរ​សិប្បកម្ម​ប៉ាក់ និង​ចម្លាក់​ជាដើម។ ប៉ុន្តែ​បុរស​ម្នាក់​ឈ្មោះ Jason M. Allen មិនបាន​ប្រើ​ជក់​លើ​ផ្ទាំងគំនូរ​របស់លោក​នោះទេ។ លោក​បាន​ប្រើ​កម្មវិធី​របស់ Midjourney ដែល​បំពាក់​ដោយ​បញ្ញា​សិប្ប​និម្មិត (AI) ដើម្បី​បង្កើត​ផ្ទាំងគំនូរ សម្រាប់​ចូលរួម​ប្រកួត។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ពាក្យ​គន្លឹះ​ជា​ល្បះ ឬ​ជា​ប្រយោគ ហើយ​បំប្លែង​ខ្លឹមសារ​នៃ​ពាក្យ​ទាំងនោះ ដើម្បី​បង្កើតជា​រូបភាព ឬ​ផ្ទាំងគំនូរ​។

ស្នាដៃ​សិល្ប​គំនូរ​របស់​លោក​មាន​ចំណង​ជើង​ថា «Théâtre D’opéraSpatial» បាន​ទទួល​ពានរង្វាន់ សម្រាប់​គំនិត​ច្នៃប្រឌិត​សិល្បករ​ឌីជីថល ដែល​នេះ​មានន័យថា ស្នាដៃ​របស់លោក​គឺជា​ផ្ទាំងគំនូរ​បង្កើត​ដោយ A.I ដំបូង​បំផុត​ទទួលបាន​ពាន​រង្វាន់។


លោក Allen បាន​ប្រាប់​អ្នកសារព័ត៌មាន កាល​ពី​ថ្ងៃ​ពុធ ទី​ ៣១ ខែ​សីហា​ថា ស្នាដៃ​សិល្បៈ​របស់​លោក គឺ​ពិតជា​បាន​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា A.I មែន ហើយ​លោក​មិន​បាន​ក្លែងបន្លំ​ភ្នែក​អ្នកណាម្នាក់​ពាក់ព័ន្ធ​នឹង​ប្រភពដើម​នៃ​ផ្ទាំង​សិល្បៈ​នេះ​ទេ។ លោក​បញ្ជាក់៖ «ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវ​សុំទោស ចំពោះ​រឿងនេះ​ឡើយ។ ខ្ញុំ​ជា​អ្នកឈ្នះ​ពាន ព្រោះ​ខ្ញុំ​មិនបាន​រំលោភ​លើ​លក្ខខណ្ឌ ក្នុងការ​ប្រកួត​នោះទេ»។

ក្រោយពី​សាកល្បង​ប្រើប្រាស់ Midjourney មួយរយៈ លោក Allen មាន​ភាព​ជក់ចិត្ត និង​នឹកស្មាន​មិន​ដល់​ពី​សមត្ថ​ភាព​បង្កើត​រូបភាព​របស់ A.I ដោយ​គ្រាន់តែ​ប្រើពាក្យ​ប៉ុន្មាន​ឃ្លា​ប៉ុណ្ណោះ។ នាពេលនោះ​លោក​ក៏មាន​គំនិត​យក​រូបភាព​របស់​លោក​ដាក់ចូល​រួម​ប្រកួត។ រង្វាន់​ដែល​លោក​ទទួលបាន​ក៏មាន​អម​មកជា​មួយ​នូវ​ទឹក​ប្រាក់ $​៣០០ ផង​ដែរ។


ជាការ​កត់សម្គាល់ កម្មវិធី​សម្រាប់​បង្កើត​ផ្ទាំងគំនូរ​សិល្បៈ​ឌីជីថល គឺមាន​ជា​យូរ​ឆ្នាំ​មកហើយ។ ប៉ុន្តែ​កម្មវិធី​មួយចំនួន​ដូចជា DALL-E 2 Midjourney និង Stable Diffusion គឺជា​កម្មវិធី​ថ្មី​ដែល​ទើបតែ​អនុញ្ញាត​ឱ្យ​មនុស្ស​ទូទៅ​អាច​ចូលទៅ​បង្កើត​ផ្ទាំង​សិល្បៈឌីជីថល ដោយ​គ្រាន់តែ​ប្រើពាក្យ​ប៉ុន្មាន​ឃ្លា​ប៉ុណ្ណោះ។

គំនូរ​ដែល​បង្កើតឡើង​ដោយ A.I កំពុងតែ​ធ្វើ​ឱ្យ​សិល្បករ​មួយចំនួន​មានការ​បារម្ភ​ពី​អនាគត​របស់​ពួកគេ។ ពួកគេ​បារម្ភ​ខ្លាច​មនុស្ស​លែង​ទិញ​ផ្ទាំងគំនូរ​របស់​មនុស្ស ដែលមាន​តម្លៃ​ថ្លៃ ខណៈ​គំនូរ​ទាំងនោះ​អាចបង្កើត​បាន​តាមរយៈ A.I ដោយ​គ្រាន់តែ​ប្រើពាក្យ​ប៉ុន្មាន​ឃ្លា​នោះ៕