អាជ្ញាធរ​ព្រែកជីក​ស៊ុយ​អេរបស់​អេហ្ស៊ីប ប្រកាស​កាលពី​ចុង​សប្ដាហ៍​ថា អាជ្ញាធរ​នឹង​ដំឡើង​ថ្លៃ​ធ្វើដំណើរ​ឆ្លងកាត់​ព្រែក ចំពោះ​កប៉ាល់​ដឹកទំនិញ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​ ​១ ខែ​មករា ឆ្នាំ​ ២០២៣ ត​ទៅ។

បើ​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​ដដែល តម្លៃ​ឆ្លង​កាត់ សម្រាប់​កប៉ាល់​ដឹក​ប្រេង ឬ​ផលិត​ផល​ប្រេង នឹងត្រូវ​ដំឡើង​ ១៥% ហើយ​តម្លៃ សម្រាប់​កប៉ាល់​ដឹកជញ្ជូន​ទំនិញ​ទូទៅ និង​កប៉ាល់ សម្រាប់​ដំណើរ​កម្សាន្ត​ នឹងត្រូវ​ដំឡើង ១០%។

ជុំវិញ​ការ​តម្លើង​នេះ ប្រធាន​អាជ្ញាធរ​ព្រែកជីក​ស៊ុយអេ លោក Osama Rabie បាន​អះអាង​ថា វា​គឺ​ជា​ការ ដែល​មិន​អាច​ចៀស​រួច និង​មាន​ភាព​ចាំបាច់ ដោយសារតែ​កំណើន​នៃ​អត្រា​អតិផរណា​របស់​ពិភពលោក ដែល​តម្រូវឱ្យ​ការចំណាយ​លើ​ការធ្វើ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​អាជ្ញាធរ ការ​ជួសជុល​ថែទាំ និង​សេវាកម្ម​របស់​ព្រែក មាន​ការ​កើនឡើង។


ព្រែកជីក​ស៊ុយ​អេ​ គឺ​ជា​ផ្លូវទឹក​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក ហើយ​ប្រហែល ១០%​ នៃ​ពាណិជ្ជកម្ម​ពិភពលោក រួមទាំង ៧%​ នៃ​ប្រេង​របស់​ពិភពលោក ត្រូវបាន​ដឹកជញ្ជូន​តាម​ព្រែក​នេះ។ វា​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​អេហ្ស៊ីប។ អេហ្ស៊ីប ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដ៏​ច្រើន ហើយ​ខ្វះ​ធនធាន ​ដើម្បី​នាំចូល​ទំនិញ​សំខាន់ៗ ដូចជា​គ្រាប់​ធញ្ញជាតិ និង​ប្រេងឥន្ធនៈ។

យោងតាម​អាជ្ញាធរ​ព្រែក​ដដែល នាវា​ចំនួន ២០ ៦៤៩​ ជើង បាន​ឆ្លងកាត់​ព្រែក ក្នុង​ឆ្នាំ ២០២១ ដែល​កើនឡើង​ប្រមាណ ១០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០។ កំណើន​នេះ ធ្វើឱ្យ​ប្រាក់ចំណូល ដែល​រកបាន​ពី​តម្លៃ​ឆ្លងកាត់​ព្រែក​ឡើង​រហូតដល់ $​៦,៣ ប៊ី​លាន នៅ​ឆ្នាំ​ ២០២១ ដែល​ជា​ចំនួន​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អេហ្ស៊ីប។


នាពេលនេះ អាជ្ញាធរ​កំពុង​ជីក​ពង្រីក​ព្រែកនៅ​ភាគខាងត្បូង​ឱ្យ​ជ្រៅ​បន្ថែម បន្ទាប់ពី​កប៉ាល់ Ever Given ជាប់​ស្ទះ នៅ​ព្រែក​នេះ​រយៈពេល ៦ ​ថ្ងៃ កាលពី​ខែមីនា​ឆ្នាំមុន ដែល​ធ្វើឱ្យ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ទូទាំង​ពិភពលោក៕