ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមេរិក Google បាន​ប្រកាស​កាល​ពី​ដើម​ខែ​កញ្ញា​ថា​ នឹង​ចេញ​ទូរស័ព្ទ​ជំនា​ន់ថ្មី​រប​ស់​ខ្លួន​នៅថ្ងៃ​ទី ៦ ខែតុលា​ ខាង​មុខ​នេះ​ ពោល​គឺ ​១ ​ខែ ក្រោយពេល​ដែល​ក្រុម​ហ៊ុន Apple ទើប​តែ​ចេញ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន គឺ​ម៉ូដែល iPhone 14 កាលពីដើម​ខែក​ញ្ញាក​ន្លងទៅ​។

ក្រុម​ហ៊ុន Google គ្រោងនឹងបញ្ចេញទូរស័ព្ទ​ជំនាន់​ថ្មី​គឺ Pixel 7 និង Pixel 7 Pro សម្រាប់​ឆ្នាំ​ ២០២២​។ នេះ​ក៏ជាលើ​ក​ទី​១ ​ដែរ សម្រាប់​ក្រុម​ហ៊ុនប​ច្ចេក​វិទ្យាអា​មេរិក Google ដែល​គ្រោង​នឹង​បញ្ចេញ​​ផលិត​ផល​ថ្មី​ក្រៅពី​ទូរស័ព្ទ នោះ​គឺ​នាឡិកាដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​​ Pixel Watch ខុសគ្នាពីគូប្រជែងរបស់​ខ្លួន​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមេរិក Google នឹង​ដាក់​លក់​ផលិត​ផល​ដែល​ខ្លួន​ប្រកាសចេញនោះ នៅ​ក្នុង​ថ្ងៃតែ​ ១ ពោលគឺ​អតិថិជ​នអា​ចទិញ​បាន​ភ្លាមៗ​ នៅ​ពេល​ក្រុម​ហ៊ុន​ប្រកាស​ចេញ​។ ព្រឹត្តិការណ៍​ចេញ​លក់​ផលិត​ផល​ថ្មី​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្រុង New York សហរដ្ឋអាមេរិក នាវេលា​ម៉ោង ១០ ព្រឹក ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ​ ២០២២។

ជា​ការ​កត់​សម្គាល់ ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ ជា​ពិសេស​ក្រុម​ហ៊ុន Apple ក្រុមហ៊ុន Samsung និង​ក្រុម​ហ៊ុន Google ជាដើម រមែងបញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្ញែង​ដាក់​គ្នា ក្នុង​​អំឡុង​ខែ​សីហា រហូត​ដល់​ខែ​តុលា​។ ក្រុម​ហ៊ុន Apple កាល​ដើម​ខែ​កញ្ញាកន្លង​ទៅ​នេះ​ បានបង្ហាញ ​និង​ដាក់​លក់​​ផលិតផល​ទូរស័ព្ទ​ជំនាន់​ថ្មី​ គឺ ​iPhone 14 និងនាឡិកា​ឆ្លាតវៃ​ជំនាន់ថ្មី​ជា​ដើម​។​


សូមជម្រាបថា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ក្រុម​ហ៊ុន​បច្ចេក​វិទ្យា Google បាន​បង្ហាញ​ជា​វីដេអូ​ខ្លីអំពី Pixel 7​ ក្នុង​សន្និសីទ​បច្ចេក​វិទ្យា​របស់របស់ខ្លួន​។ យ៉ាង​ណា​ក៏​ដោយ​ចុះ គ្មាន​អ្នកណា​ម្នាក់​ដឹង​នៅ​ឡើយ​ទេ​ថា ទូរស័ព្ទ​ជំនាន់​ចុង​ក្រោយរ​បស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាអាមេរិក ​១​ នេះ នឹង​យក​បច្ចេកវិទ្យា​ថ្មី​បែប​ណាមក​បំ​ពាក់​លើទូ​រស័ព្ទ​នេះ​​ទេ។​បើតាម​ការ​ចុះ​ផ្សាយ​របស់ ​CNBC គឺ​ទាល់​តែ​ដល់​ថ្ងៃ​ទី​ ៦ ខែ​តុលា​នោះ​តែ​ម្ដង ទើប​គេ​អាច​ដឹង​ពី​បច្ចេកវិទ្យា រួមទាំងតម្លៃ និង​លក្ខណៈ​ពិសេស​រប​ស់ Pixel 7 និង Pixel 7 Pro របស់​ក្រុមហ៊ុន Google។​

អ្នក​អភិវឌ្ឍន៍​កម្មវិធី​សម្រាប់​ទូរស័ព្ទ Android បាន​បង្ហើប​ថា​​ចំពោះទូរស័ព្ទ​ម៉ូដែល​ថ្មីរ​បស់​ក្រុម​ហ៊ុន Google នឹងមា​នស​មត្ថភាព​ឈីប​ខ្ពស់​ជាង​ជំនាន់​មុន ១០% ដែល​បំពាក់​ដោយ​បន្ទះ​ឈីប Tensor ជំនាន់ទី២របស់ Google។ សម្រាប់​មុខ​ងារ​ផ្សេង​ទៀត ដូច​ជា​ការ​បង្ហាញ​រូប​ភាពជា​ដើម​នឹង​បង្កើន​សមត្ថភាព​ដល់​ទៅ​ ២០%​។


កំណែប្រែ​ថ្មី​នៅ​លើទូ​រស័ព្ទ Pixel 7 នឹង​មាន​សមត្ថភាព​កាន់​តែ​ប្រសើរជា​ង​មុន​ចំពោះ​ការ​លេង​ហ្គេម និង​ការគណនា​រូប​ភាពពេល​ថត​រូប។ ប៉ុន្តែ​សម្រាប់​ការ​ប្រើទូ​រស័ព្ទ​ជាធម្មតាប្រ​ចាំថ្ងៃ អ្នក​ប្រើប្រាស់​នឹង​មិន​មាន​អារម្មណ៍​ថា ​ទូរ​ស័ព្ទ​ដើរ​លឿន​ទេ។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី បាន​លើកឡើង​ថា ការ​យក​ពិន្ទុ​មក​វាស់​វែង​នៅ​ពេល​នេះ មិន​មាន​លក្ខណៈ​​ជាផ្លូ​វ​ការ​អាចទទួល​យក​បាន ឬ​ជឿជាក់​បាន​ទាំង​ស្រុង​ទេ ព្រោះគេ​មិន​ទាន់​បាន​ឃើញ និង​ស្គាល់​ផលិតផល​ថ្មី​ទាំង​នោះ​ផង រហូត​ដល់​ថ្ងៃ​ទី​ ៦ ខែ​តុលា ទើប​គេ​អាច​វាយ​តម្លៃ​បាន​​៕