ការស្រាវជ្រាវ​ថ្មី១ បង្ហាញថា​ភាព​អត់ឃ្លាន​ខ្លាំង កើនឡើង​លើស​ទ្វេដង ក្នុង​ប្រទេស​ចំនួន ១០ ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​អាកាសធាតុ។ ដើម្បី​ឆ្លើយតប​បញ្ហា​នេះ អង្គការ​អុក​ស្វា​ម (Oxfam) បាន​ទទូច​ឱ្យ​ក្រុម​ប្រទេស​អ្នកមាន​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​បាន​ច្រើន និង​ផ្តល់​សំណង​ដល់​ប្រទេស ដែល​មាន​ចំណូល​ទាប និង​ដែល​ជា​ប្រទេស បញ្ចេញ​ឧស្ម័ន​កាបូ​និក​តិច។

គ្រោះ​រាំងស្ងួត ទឹកជំនន់ ព្យុះកំណាច និង​វិបត្តិ​អាកាសធាតុ​ធ្ងន់ធ្ងរ​ផ្សេងទៀត បាន​ទាញ​ឱ្យ​ប្រទេស ១០ ក្នុង​ពិភពលោក ជួបប្រទះ​គ្រោះ​អត់ឃ្លាន​ខ្លាំង ដោយ​កើន​រហូតដល់ ១២៣% ក្នុងរយៈពេល​ត្រឹមតែ ៦ ឆ្នាំ​ចុងក្រោយ។ នេះ​បើ​តាម​របាយ-ការណ៍​របស់​អង្គការ​អុក​ស្វា​ម កាលពី​ថ្ងៃទី ១៥ ខែកញ្ញា។

ក្នុង​បណ្តា​ប្រទេស ដែល​ត្រូវ​បាន​សិក្សា មនុស្ស ៤៨ លាន​នាក់ កំពុង​រងគ្រោះ​ពី​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ ដោយ​កើន​ពី​ចំនួន ២១ លាន​នាក់ ក្នុង​ឆ្នាំ ២០១៦ ។ នាយក​ប្រតិបត្តិ​អន្តរជាតិ​របស់​អុក​ស្វា​ម លោកស្រី កាប្រ៊ី​អេ​ឡា ប៊ូ​ឆឺ (Gabriela Bucher) ប្រាប់​ថា ការប្រែប្រួល​អាកាសធាតុ គឺជា​គ្រោះថ្នាក់ ដែល​កំពុង​កើតមាន​នៅចំពោះមុខ នា​ពេលនេះ។ វិបត្តិ​អាកាសធាតុ​កំពុង​ធ្វើ​ឱ្យ​មាន​គ្រោះ​រាំងស្ងួត ព្យុះ​ស៊ីក្លូន និង​ទឹកជំនន់ កើនឡើង ៥ ដង ក្នុងរយៈពេល ៥០ ឆ្នាំ​ចុងក្រោយ ហើយ​វា​កើត​កាន់តែ​ញឹកញាប់ និង​កាច​សាហាវ​ជាង​មុន។


ប្រទេស ១០ ដែល​អង្គការ​អុក​ស្វា​ម រក​ឃើញថា រង​ប៉ះពាល់​ខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ​នោះ រួមមាន​ដូចជា​សូម៉ាលី ហៃទី ជី​ប៊ូ​ទី កេនយ៉ា នីហ្សេរីយ៉ា អាហ្វហ្គានីស្ថាន ហ្គា​តេ​ម៉ា​ឡ ម៉ា​ដា​ហ្គា​ស្ការ ប៊ូគីណាហ្វាសូ និង​ហ្ស៊ីមបាវ៉េ។ ភាគច្រើន​នៃ​ប្រទេស​ទាំងនេះ ស្ថិតនៅ​ទ្វីប​អា្រ​ហ្វិ​ក។

សូម៉ាលី​ជួប​គ្រោះ​រាំងស្ងួត​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ ហើយ​មនុស្ស ១ លាន​នាក់​បាន​រត់​ភៀសខ្លួន ខណៈ​នៅ​កេនយ៉ា​វិញ សត្វពាហនៈ ២,៥ លាន​ក្បាល ស្លាប់ ហើយ​មនុស្ស ២,៤ លាន​នាក់ កំពុង​អត់ឃ្លាន។


លោក​ស្រី​ប៊ូ​ឆឺ និយាយ​ថា មេដឹកនាំ​នៃ​បណ្តា​ប្រទេស ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ច្រើន ត្រូវតែ​ធ្វើតាម​ការសន្យា​របស់​ខ្លួន ក្នុង​ការ​បន្ថយ​កា​របំ​ភាយ​ឧស្ម័ន ដោយ​ត្រូវតែ​ផ្តល់​ថវិកា​សម្រាប់​ជួយ​ដល់​វិធានការ​សម្រប​ខ្លួន និង​ការបាត់បង់ ព្រមទាំង​ការខូចខាត នៅក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប ក៏ដូចជា​ការ​ចាក់​បញ្ចូល​មូលនិធិ​សង្គ្រោះ​ជីវិ​តភ្លាមៗ ដើម្បី​ជួយ​ដល់​ប្រទេស ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ»៕