នៅថ្ងៃទី ២៦​ ខែកញ្ញា ​ត្រូវនឹង​ថ្ងៃទី ២៧ ​ខែកញ្ញា ​ឆ្នាំ ២០២២ ​នៅកម្ពុជា​ យានអវកាស ​DART ​របស់ទី​ភ្នាក់ងារ​អវកាស NASA ​បានហោះទៅ​បុកអាចម៍ផ្កាយ​ឌីម័រហ្វូស Dimorphos​ ក្នុងប្រតិបត្តិការ​ធ្វើតេស្តជា​ប្រវត្តិសាស្ត្រ​លើ​សមត្ថភាព​របស់​មនុស្សជាតិ ​ដើម្បី​ការពារ​វត្ថុពីអវកាស ​ដែលហោះមក​បំផ្លិចបំផ្លាញ​ជីវិត​នៅលើផែន​ដី។

អាចម៍ផ្កាយ​ឌីម័រហ្វូស ​(Dimorphos) ​មាន​មុខកាត់​ប្រមាណ ​១៦០ ម៉ែត្រ​ ដែលត្រូវ​ជា​ព្រះចន្ទ​របស់​អាចម៍ផ្កាយ​ ឌីឌីម៉ូស​ (Didymos) ត្រូវបានហោះ​បុកដោយយាន​អាវកាស​របស់ទីភ្នាក់ងារ​ណាសា ​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី ២៧ ​ខែកញ្ញា ​ឆ្នាំ ២០២២ ​នៅកម្ពុជា។ ​ជា​ប្រតិបត្តិការ​ធ្វើតេស្តជា​ប្រវត្តិសាស្ត្រ​លើកទី ១​ ដែលមានឈ្មោះថា ​DART (Double Asteroid Redirection Test) ដើម្បី​សាកល្បង​មើលអំពី​ប្រសិទ្ធភាព​នៃ​ការ​បង្វែរ​គន្លង​អាចម៍ផ្កាយ​ឱ្យចៀស​ពី​ការហោះ​មក​បុកភព​ផែនដី​ក្នុង​ករណីវា​ត្រូវហោះ​តម្រង់មករក​។

ប្រតិបត្តិការ​សាកល្បង​កម្ទេច​អាចម៍ផ្កាយ​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជីវិតនៅ​លើភពផែន​ដីនេះ ​ធ្វើឡើង​ក្រោយការ​បាញ់បង្ហោះ​សាកល្បង​សមត្ថភាព ​១ ដងរួចមក​ហើយ​ កាលពី១០​ខែមុន។​ លោក Lori Glaze ​នាយក​ផ្នែក​វិទ្យាសាស្ត្រ​ពិភព​របស់​ទីភ្នាក់ងារ​ NASA ​បាន​គូស​បញ្ជាក់ថា​ ដល់ពេល​ដែលត្រូវ​ចាប់ផ្តើម​យុគសម័យ​ថ្មីមួយ ដែលមនុស្ស​ជាតិមាន​សមត្ថភាព​ការពារខ្លួន​ពី​គ្រោះថ្នាក់​បង្ក​ដោយ​អាចម៍ផ្កាយ​ហើយ​។


ទីភ្នាក់ងារ​ណាសា​ បាន​អះអាងថា ​ប្រតិបត្តិការ​ DART​ នេះ​គ្មានគ្រោះ​ថ្នាក់ដល់​មនុស្សជាតិ​ឡើយ ព្រោះថាវា​ជាការ​ធ្វើតេស្ត​សាកល្បង​នៅ​លម្ហអាកាស​ដែលឆ្ងាយពី​ភពផែន​ដីក្នុងចម្ងាយ​ប្រមាណ​ ១០ ​លាន​គីឡូម៉ែត្រឯណោះ។ ​តែ​យ៉ាងណាក្ដី​ នៅ​ក្រោយប្រតិ​បត្តិការនេះ ​គេនៅ​ត្រូវត្រួត​ពិនិត្យបន្ត​ពីការផ្លាស់ប្តូ​ររបស់​ទីតាំង​អាចម៍​ ​ផ្កាយនោះថា ​អាចនឹងងាក​រេចេញពី​គន្លងឬ​ក៏​យ៉ាង​ណា?

គួរបញ្ជាក់ថា​គេត្រូវ​ចំណាយលុយជាង ​៣០០ លានដុល្លារអាមេរិក ​ក្នុងប្រតិបត្តិការ​ធ្វើតេស្តជា​ប្រវត្តិសាស្ត្រ​ DART នេះ​ដែលរំពឹងថា​ នឹងក្លាយជា​ខែល​ការពារ​ជីវិតលើ​ផែន​ដី ផុតពីកា​រវាយ​ប្រហារ​ដោយអាចម៍​ផ្កាយធំៗ ​នៅថ្ងៃ​អនាគត​។


មានការ​លើកឡើងថា ​កាល​ពីជាង ៦៦ ​លានឆ្នាំមុន​ មានអាចម៍ផ្កាយ​ដ៏ធំមួយ​បានហោះមក​បុកផែនដី​ បានធ្វើឱ្យ​ពពួក​សត្វ​ដាយណូស័រត្រូ​វស្លាប់ផុតពូជ​ បាត់ស្រមោល​ទាំងស្រុង​ពីលើភព​ផែនដី។ ការគំរាមកំហែង​របស់​អាចម៍​ ផ្កាយមក​លើភពផែនដី​ បាននិង​កំពុងក្លាយជា​ក្តីបារម្ភរបស់​មនុស្សជាតិថា​អាចនឹង​ជួប​ជោគវាសនា ​ដូចគ្នា​នឹងសត្វ​ដាយណូ​ស័រដែរ បើសិន​ជាមា​នអាចម៍​ផ្កាយធ្លាក់​សំដៅមក​បុកផែន​ដីសាជាថ្មី៕ ​