ក្រុមហ៊ុន Apple បាន​ប្រកាស​ថា ខ្លួន​ចាប់​ផ្តើម​ផលិត​ទូរស័ព្ទ iPhone 14 ដែល​ជា​ផលិត​ផល​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់ខ្លួន នៅ​ក្នុង​ប្រទេស​ឥណ្ឌា ខណៈ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ កំពុង​រុះរើ​ផលិត​កម្ម​របស់ខ្លួន​មួយ​ចំនួន​ចេញ​ពី​ប្រទេស​ចិន។

ការ​ផលិត​ទូរស័ព្ទ​ភាគ​ច្រើន​របស់​ក្រុមហ៊ុន Apple ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន ក៏​ប៉ុន្តែ​ក្រុមហ៊ុន បាន​កាត់​បន្ថយ​ការ​ពឹងផ្អែក​ច្រើនពេក​លើ​ចិន ដោយ​ងាក​ទៅរក​គោលដៅ​ថ្មី ចំ​ពេល​ដែល​ភាព​តានតឹង​កើន​ឡើង​ខ្លាំង រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង។ គោល​នយោបាយ​ហ្សេរ៉ូកូវីដ​ដ៏​តឹងតែង​របស់​រដ្ឋ​អំណាច​ចិន ដែល​បាន​រុញច្រាន​ឱ្យ​មាន​ការបិទ​ខ្ទប់​ជាច្រើន​នោះ ក៏បង្ក​ការ​រំខាន​យ៉ាងខ្លាំង​ដល់​អាជីវ​កម្ម​ផងដែរ។

ក្រុមហ៊ុន Apple បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​សមត្ថ​ភាព​សុវត្ថិភាព​សំខាន់ៗ​របស់​ទូរស័ព្ទ iPhone14 ដែល​ជា​ផលិតផល​ថ្មី​ចុងក្រោយ​បំផុត​របស់ខ្លួន កាលពី​ដើម​ខែ​នេះ។ Apple ថា ​ក្រុមហ៊ុន​ខ្លួន​ពិត​ជា​រំភើប​មែនទែន ក្នុងការ​ផលិត​ទូរស័ព្ទ iPhone14 នៅ​ក្នុង​ប្រទេស​ឥណ្ឌា។


ក្រុម​អ្នក​វិភាគ​នៅ​ធនាគារ​វិនិយោគ​ពហុ​ជាតិ​អាមេរិក J.P.Morgan ប៉ាន់​ស្មាន​ថា ក្រុមហ៊ុន Apple នឹង​ផ្លាស់​ទី​ប្រមាណ ៥% នៃ​ផលិតកម្ម​ទូរស័ព្ទ iPhone 14 ចាប់ពី​ចុង​ឆ្នាំ​ ២០២២ ទៅ​កាន់​ទឹកដី​ឥណ្ឌា ដែលជា​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ​ធំ​ទី​២ របស់​ពិភពលោក បន្ទាប់​ពី​ចិន។

ក្រុម​អ្នក​វិភាគ​ដដែល បាន​លើកឡើង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple អាច​នឹង​ផលិត​ទូរស័ព្ទ ​iPhone ចំនួន ២៥% ក្នុងប្រទេស​ឥណ្ឌា នៅ​ឆ្នាំ​ ២០២៥៕