ក្នុង​ឧបសគ្គ​បន្តកន្ទុយ​គ្នា លោក យូន ស៊ុកយោល ដែល​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ឡើង​កាន់​អំណាច​នៅ​ខែ​ឧសភា ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ស្រុក​ជាច្រើន​។ មុន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី អតីត​រដ្ឋអាជ្ញា​រូបនេះ​បាន​សន្យាថា នឹង​បង្រួបបង្រួម​ប្រទេស​ដែល​មាន​ការបែងចែង​គ្នា ប៉ុន្តែ ៤ ខែ​ក្រោយ​ឡើងកាន់​អំណាច ការសន្យា​ទាំងនេះ​ហាក់​មិនសូវ​ជា​ឃើញ​ផ្លែផ្កា​សោះ​។

លើស​ពីនេះ អត្រា​នៃ​ការគាំទ្រ​របស់​លោក យូន ក៏​ធ្លាក់ចុះ ស្រប​ពេល​ដែល​គណបក្ស​អំណាច​ប្រជាជន​របស់​លោក ក៏​មិន​អាច​គ្រប់គ្រង​សភា​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណៈរដ្ឋមន្ត្រី​ ៥ រូប​ ដែល​លោក​តែងតាំង​ក៏ត្រូវ​បង្ខំ​ខ្លួន​ចុះ​ចេញពី​តំណែង ដោយសារ​តែ​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រកាន់​បក្ខពួក ការបៀតបៀន​ផ្លូវភេទ និង​ការរំលោភ​ក្រមសីលធម៌​ផ្សេងៗ​។

ទោះបីជា​យ៉ាង​ក្ដី លោក យូន ក៏​នៅតែ​សង្ឃឹម​លើ​ការបង្កើន​ប្រជាប្រិយភាព​របស់​លោក​ក្នុង​ស្រុក ក៏ដូចជា​មុខមាត់​របស់​លោក​លើ​ឆាក​អន្តរជាតិ ដោយ​បន្ត​របៀបវារៈ​នៃ​គោលនយោបាយ​ការបរទេស​ថ្មី​។ គោលនយោបាយ​នោះ​នឹង​ធ្វើឱ្យ​សម្ព័ន្ធភាព​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​សហរដ្ឋអាមេរិក មាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ​រាប់​តាំងពី​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​មីស៊ីល​ការពារ​អាកាស​រហូត​ដល់​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។


យ៉ាងណា​មិញ លោក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ជំហរ​ដែល​មិន​ប្រឆាំងនឹង​ចិន ឬ​បង្ក​ឱ្យ​កូរ៉េ​ខាងជើង​ឆេះដុំ ស្រប​ពេល​ដែល​ប្រឹងប្រែង​ធ្វើឱ្យ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន មាន​លក្ខណៈ​លេចធ្លោ​ខុសពី​ប្រធានាធិបតី​មុនៗ​។

ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ពាក់​កណ្តាល​ខែកញ្ញា លោក យូន បាន​ប្រាប់​កាសែត​ញូវយ៉ក​ថែមស៍ថា ការពង្រីក​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​រវាង​ក្រុង​សេអ៊ូល​ជាមួយ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូក្យូ គឺជា​រឿង​ចាំបាច់ ដែល​ត្រូវ​ធ្វើ ហើយ​មិនអាច​ចៀស​រួច​។ តែ​ការអនុវត្ត​គោលនយោបាយ​បែបនេះ គឺជា​រឿង​ដ៏ពិបាក​មួយ​ សម្រាប់​លោក យូន ព្រោះ​វា​ទាមទារ​ឱ្យ​មាន​តុល្យភាព​ជាមួយ​ដៃគូ​ក្នុង​តំបន់​។


បើ​និយាយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មុនៗ សុទ្ធតែ​ព្យាយាម ប៉ុន្តែ​មិន​បាន​សម្រេច​។ មិន​ថា​អ្នក​មុនៗ ប៉ុន្មាន​នាក់​ចុងក្រោយ ឬក៏​លោក យូន នោះទេ គ្មាន​នរណា​មិន​ប្រឈមមុខ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងៗ ដែល​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក និង​ចិន ដែល​សុទ្ធសឹង​តែ​ជា​ដៃគូ​សំខាន់ៗ​នោះឡើយ​។ ការប្រឈមមុខ​បែប​នេះ​អាច​ជា​ឧបសគ្គ​ប៉ុន​ភ្នំ​របស់​ក្រុង​សេអ៊ូល ព្រោះ​អាមេរិក ជា​សម្ព័ន្ធមិត្ត​លើ​វិស័យ​សន្តិសុខ​ដ៏ធំ​របស់​កូរ៉េ​ខាងត្បូង ខណៈ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​បំផុត​ដូចគ្នា ប៉ុន្តែ​ប្រទេស​នេះ​ជា​មិត្ត​នឹង​កូរ៉េ​ខាងជើង​។

ក្នុង​បទសម្ភាស៍​ដដែល​ជាមួយ​កាសែត​ញូវយ៉ក​ថែមស៍ លោក យូន បាន​ប្រយ័ត្នប្រយែង ដើម្បី​បង្ហាញ​ថា រាល់​សម្ព័ន្ធភាព​លើ​វិស័យ​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​ដៃគូ មិនមែន​បង្កើតឡើង​ ដើម្បី​ប្រកួត​នឹង​ចិន​នោះទេ​។ លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រព័ន្ធ​ការពារ​របស់​យើង​រៀបចំ​ឡើង ដើម្បី​ដោះស្រាយ​ការគំរាម​កំហែង​របស់​កូរ៉េខាងជើង មិនមែន​ចិន ឬ​ប្រទេស​ផ្សេងទៀត​នោះទេ​»​។

មុន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​មីនា លោក យូន ធ្លាប់​បម្រើការ​ជា​រដ្ឋអាជ្ញា​រយៈពេល ២៦ ឆ្នាំ ហើយ​មិន​ដែល​កាន់តំណែង​ណាមួយ ដែល​ឆ្លង​កាត់​ការបោះឆ្នោត​នោះទេ​។ អ្នក​រិះគន់​លើកឡើង​ថា កង្វះ​បទពិសោធ​របស់​លោក​បែប​នេះ ជា​បន្ទុក​សម្រាប់​កូរ៉េ​ខាង​ត្បូង​។ បើទោះបី​ជា​បែបនេះ​ក្ដី ប្រធានាធិបតី​រូបនេះ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​លើ​គោលនយោបាយ​ការបរទេស​ដែល​អ្នក​កាន់តំណែង​មុន (​លោក មូន ចែអ៊ីន​) របស់​លោក​បាន​អនុវត្ត​។

ក្នុង​គោលនយោបាយ​បែប​រណប ឬ​ស្លូតៗ​ដាក់​កូរ៉េ​ខាងជើង លោក មូន បាន​ត្រួស​ត្រាយផ្លូវ​ សម្រាប់​កិច្ចប្រជុំ​កំពូល និង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន និង​អតីត​ប្រធានាធិបតី​អាមេរិក លោក ត្រាំ​។ យ៉ាងណាមិញ លោក គីម និង​លោក​ ត្រាំ បាន​បរាជ័យ​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​ទំនាក់​ទំនង​ការទូត​ក៏ជាប់គាំង​។ ក្នុង​ស្ថានភាព​បែបនេះ កូរ៉េ​ខាង​ជើង​ក៏​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ទាំង​មិន​ខ្វល់​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ដែល​កម្ទេច​សេដ្ឋកិច្ច​របស់​ខ្លួន​នោះឡើយ​។

មកទល់​ពេលនេះ លោក យូន នៅតែ​ហៅ​ជំនួប​ទាំង​ប៉ុន្មាន​លើក​របស់​លោក គីម និង​លោក ត្រាំ ថា​ជា «​ល្ខោន​នយោបាយ​»​។ ទន្ទឹម​នឹងនេះ លោក យូន ថែមទាំង​រិះគន់​ជំហរ​របស់​លោក មូន លើ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក ថា​គ្មាន​ភាពច្បាស់លាស់ ហើយ​ប្ដេជ្ញា​ថា លោក​នឹង​ធ្វើឱ្យ​វា​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​មុន​។

ដើម្បី​សម្រេច​បាន​ឱ្យ​ដូច​ការអះអាង​នេះ លោក យូន បាន​ស្ដារ​ឡើង​វិញ​នូវ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​អាមេរិក ដែល​សមយុទ្ធ​នេះ​បាន​ចុះខ្សោយ​ក្នុង​អាណត្តិ​លោក ត្រាំ និង​លោក មូន​។ ក្រោម​ការដឹកនាំ​របស់​លោក យូន កូរ៉េខាងត្បូង​បាន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​គេ​មើលឃើញ​ថា​ជា​កិច្ច​ផ្ដួចផ្ដើម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ទប់ទល់​នឹង​ចិន ក្នុង​ការប្រណាំង​ប្រជែង​គ្នា​លើ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​។

លោក យូន ក៏​ចូលរួម​ផងដែរ​ក្នុង​កិច្ចពិភាក្សា​បឋម​សម្រាប់​សម្ព័ន្ធភាព​បច្ចេកវិទ្យា «Chip 4 » ជាមួយ​សហរដ្ឋអាមេរិក ជប៉ុន និង​តៃវ៉ាន់​។ ហើយ​បើទោះបី​ជា​មានការ​ភ័យខ្លាច​ថា ការចូលរួម​នេះ បង្ក​ការខឹង​សម្បា​ពី​ចិន​ក៏ដោយ លោក យូន បាន​អះអាង​ថា វា​ជា​ភាពចាំបាច់​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទាំង ៤ ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​ជិតស្និទ្ធ​។

ទន្ទឹម​នឹងនេះ ចេតនា​របស់​លោក យូន ក្នុង​ការចូលរួម​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បស្ចិម​លោក​បង្ហាញ​ឱ្យ​កាន់តែ​ច្បាស់ បន្ទាប់ពី​លោក​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដំបូង​គេ ដែល​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​ណាតូ នៅ​ខែមិថុនា​។ បន្ថែម​ពីនេះ លោក​ក៏​ប្រឹងប្រែង​ជួសជុល​ទំនាក់​ទំនង​ជាមួយ​ជប៉ុន ជុំវិញ​បញ្ហា​ប្រវត្តិសាស្ត្រ​ដ៏អាក្រក់ ដែល​បន្សល់​ទុក​មកពី​សម័យ​អាណានិគម​ជប៉ុន​ផងដែរ​។

ទោះយ៉ាងណា​ក៏ដោយ លោក Cheong Seong-chang អ្នកវិភាគ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Sejong របស់​កូរ៉េ​ខាងត្បូង បាន​មើលឃើញ​ថា ការពង្រឹង​ការទូត​ជាមួយ​អាមេរិក​ត្រូវ​ប៉ះទង្គិច​នឹង​ការពិត​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង-​ចិន​។ អ្នកវិភាគ​ដដែល​បន្តថា​៖ «​លោក​ប្រធានាធិបតី យូន ខ្វះ​ទិសដៅ​ច្បាស់លាស់ និង​លម្អិត ពីព្រោះ​កូរ៉េ​ខាង​ខាងត្បូង មិនអាច​ព្រងើយកន្តើយ​ដាក់​ចិន​បានទេ​»​។

រហូត​មកដល់​ពេលនេះ លោក យូន បាន​ប្រឈមមុខ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​វិស័យ​មួយចំនួន​។ លោក​បាន​ប្រកាស​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​គោលនយោបាយ «៣ ​កុំ​» របស់​លោក មូន នោះទេ​។ គោលនយោបាយ​នេះ បង្កើតឡើង​កុំឱ្យ​ចិន​ខឹងសម្បា ដោយ​រួមមាន កុំ​ដាក់ពង្រាយ​បន្ថែម​នូវ​ប្រព័ន្ធ​ការពារ​មីស៊ីល​ទំនើប Thaad របស់​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង កុំ​ចូលរួម​ក្នុង​បណ្ដាញ​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក និង​កុំ​ចូលរួម​សម្ព័ន្ធភាព​យោធា​ត្រីភាគី​ជាមួយ​ក្រុង​វ៉ាស៊ីនតោន និង​តូក្យូ​។

ចាប់តាំងពី​ឆ្នាំ ២០១៧ ចិន​តែងតែ​ប្រឆាំង​នឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល Thaad នៅលើ​ទឹកដី​កូរ៉េ​ខាងត្បូង ប៉ុន្តែ​លោក យូន ប្រកែក​ថា វា​ជា​ខែល​ការពារ​សំខាន់ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​កូរ៉េ​ខាងជើង​។ ទោះ​បែបនេះ​ក៏ដោយ លោក យូន ទទួលស្គាល់​ពី​ដែន​កំណត់​ដែល​កូរ៉េ​ខាងត្បូង​អាចធ្វើ​ទៅបាន​ក្នុង​ការ​ប្រឈមមុខ​នឹង​ចិន និង​ការកសាង​ទំនាក់​ទំនង​ជាមួយ​ជប៉ុន​។

យ៉ាងណាមិញ បញ្ហា​នៅ​កូរ៉េ​ខាងជើង​នៅតែ​ជា​ឧបសគ្គ​ធំ​។ បន្ទាប់ពី​លោក យូន ជាប់ឆ្នោត​ជា​ប្រធានាធិបតី (​មិនទាន់​ឡើង​កាន់​តំណែង​ទេ​) កូរ៉េ​ខាងជើង​បាន​បន្ត​ការបាញ់​សាកល្បង​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​ខ្លួន​ភ្លាមៗ ដូចជា​ចង់​ញុះញង់​នឹង​អនាគត​មេដឹកនាំ ដែល​តឹងរ៉ឹង​ជាមួយ​ក្រុង​ព្យុងយ៉ាង​រូបនេះ​។ លើសពីនេះ កូរ៉េ​ខាងជើង​ក៏បាន​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​ជាមុន (Pre-emptive attack) ដែល​ធ្វើឱ្យ​លោក យូន បញ្ចេញ​សកម្មភាព​បន្ទាន់ ដើម្បី​ពង្រឹង​ទំនុកចិត្ត​របស់​ប្រជាជន​កូរ៉េខាងត្បូង​ថា ពួកគេ​មាន​សុវត្ថិភាព​។

លោក យូន បាន​អះអាង​ប្រាប់​កាសែត​ញូវយ៉ក​ថែមស៍​ថា​៖ «​ខ្ញុំ​ស្វែងរក​ចម្លើយ ក្នុង​ការពង្រឹង​ការ​ទប់ទល់​[​នឹង​កូរ៉េ​ខាងជើង​]​ បន្ថែម ដោយ​ផ្អែក​ភាពរឹងមាំ​នៃ​សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​-​សហរដ្ឋអាមេរិក​។ ការបន្ថែម​ការទប់ទល់ មិន​ត្រឹមតែ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក ដែល​ស្ថិត​នៅ​លើ​ទឹកដី​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​ក៏​រាប់បញ្ចូល​ទាំង​កញ្ចប់​នៃ​មធ្យោបាយ និង​វិធីសាស្ត្រ​ដែល​មាន ដើម្បី​ទប់ស្កាត់​ការបង្ក​ហេតុ​ដោយ​ប្រើ​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាងជើង​ផងដែរ​»​។

ទោះបីជា​យ៉ាង​នេះ​ក៏ដោយចុះ លោក យូន នៅតែ​ធ្វើ​ដូច​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មុន ដោយ​ទុក​ទ្វារ​សម្រាប់​ការសន្ទនា​គ្នា​ជាមួយ​កូរ៉េខាងជើង​។ លោក​អះអាង​ថា ប្រសិនបើ​កូរ៉េខាងជើង​ឆ្ពោះ​ទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​ផ្តល់ជំនួយ​សេដ្ឋកិច្ច​។ ប៉ុន្តែ​កន្លងមក កិច្ចខិតខំ​ប្រឹងប្រែង​ដូចនេះ​តែងតែ​ត្រូវ​បាន​កូរ៉េ​ខាងជើង​ច្រានចោល​៕