ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអាទិត្យនេះ បានបញ្ជាឱ្យបញ្ឈប់ការប្រកួតបាត់ទាត់ក្រមខ័ណ្ឌ Liga 1 ដែលជាផ្នែកបាល់ទាត់អាជីពកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នា បណ្តាលឱ្យមនុស្សបាត់បង់ជីវិត និងរងរបួសរហូតដល់ជាង ៣០០នាក់ កាលថ្ងៃសៅរ៍ ដោយលោកបានហៅព្រឹត្តិការណ៍នេះជា«សោកនាដកម្មបាល់ទាត់ចុងក្រោយនៅក្នុងប្រទេស»។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីដែលនឹងអាណត្តិនៅដើមឆ្នាំ២០២៤ លោក ចូកូ វីដូដូ បានបញ្ជាឱ្យអាជ្ញាធរវាយតម្លៃឡើងវិញយ៉ាងហ្មត់ចត់នូវសុវត្ថិភាពនៅក្នុងការប្រកួតបាល់ទាត់ ខណៈពេលដែលមន្ត្រីសន្តិសុខឥណ្ឌូនេស៊ី បានអះអាងថា ចំនួនមនុស្សចូលទស្សនា បានលើសសមត្ថភាពផ្ទុករបស់ទីលានកីឡដ្ឋាននោះ។
លោក Mahfud MD ប្រធានរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកទស្សនាលើសពីសមត្ថភាពរបស់កីឡដ្ឋាន។ នៅក្នុងការបង្ហោះ Instagram លោកបាននិយាយថា សំបុត្រចូលរួមទស្សនាត្រូវបានលក់អស់ចំនួន ៤២ ០០០សម្រាប់កីឡដ្ឋានដែលមានសមត្ថភាពផ្ទុកមនុស្សបាន ៣៨ ០០០នាក់ប៉ុណ្ណោះ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នគរបាលឥណ្ឌូនេស៊ីបានអះអាងនៅថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ១២៩ នាក់ បានស្លាប់ និងប្រហែល ១៨០ នាក់ បានរងរបួសនៅក្នុងការរត់ជាន់គ្នាក្នុងព្រឹតិ្តការណ៍នៃការប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីហ្វូងមនុស្សរត់ជាន់គ្នាក្នុងអំឡុងពេលកុបកម្មមួយ នៅក្នុងអ្វីដែលហាក់ដូចជាគ្រោះមហន្តរាយកីឡដ្ឋានដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
សេចក្តីរាយការណ៍ បានឱ្យដឹងថា បន្ទាប់ពីការប្រកួតក្នុងខេត្ត East Java រវាងក្រុមបាល់ទាត់ Arema FC និង Persebaya Surabaya បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ អ្នកគាំទ្រពីខាងក្រុមចាញ់បានលុកលុយក្នុងទីលាន ដើម្បីបង្ហាញពីការខកចិត្តរបស់ពួកគេ។
លោក Nico Afinta ស្នងការនគរបាលនៃខេត្ត East Java បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ុនប៉ងគ្រប់គ្រងស្ថានការណ៍ ដោយបង្កឱ្យមានការរត់ជាន់គ្នា និងករណីនៃការថប់ដង្ហើម។
លោក Nico បាននិយាយថា៖«វាមានភាពអនាធិបតេយ្យ។ ពួកគេបានចាប់ផ្តើមវាយប្រហារមន្ត្រី ពួកគេបានធ្វើឱ្យខូចខាតរថយន្ត» ដោយបន្ថែមថា ការប៉ះទង្គិចបានកើតឡើងនៅពេលដែលអ្នកគាំទ្របាល់ទាត់ទាំងនោះ បានរត់ទៅច្រកចេញ។
ខ្សែវីដេអូពីបណ្តាញព័ត៌មានក្នុងស្រុក បានបង្ហាញឱ្យឃើញមនុស្សប្រញាប់ប្រញាល់ទៅកាន់ទីលានក្នុងកីឡដ្ឋានក្នុងទីក្រុង Malaang និងរូបភាពនៃការរុំសាកសពជាច្រើន។
ប្រធានមន្ទីរពេទ្យបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះមានអាយុ៥ឆ្នាំ។
មានការផ្ទុះឡើងនៃបញ្ហាពីមុននៅក្នុងការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងការប្រជែងគ្នាយ៉ាងខ្លាំងរវាងក្លឹបដែលជួនកាលនាំឱ្យមានអំពើហិង្សាក្នុងចំណោមអ្នកគាំទ្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មុនមួយក្នុងថ្ងៃអាទិត្យនេះ លោក Nico បាននិយាយថា មន្ត្រីនគរបាលពីរនាក់ក្នុងចំណោមអ្នកស្លាប់។ ស្នងការរូបនេះ បាននិយាយថា មនុស្ស ៣៤នាក់បានស្លាប់នៅខាងក្នុងកីឡដ្ឋាន ហើយអ្នកផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ៕