ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គែន (RecepTayyip Erdogan) បានសម្ដែងការខកចិត្ត ចំពោះគោលជំហរអាមេរិក ក្នុងបញ្ហាជម្លោះជាមួយក្រិក ខណៈប្រទេស ក្នុងអង្គការសម្ព័ន្ធមិត្តណាតូទាំងនេះ កំពុងត្រូវការគ្នា ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន។
ប្រមុខដឹកនាំប្រទេសតួកគី ដែលចូលជាសមាជិករបស់អង្គការណាតូ តាំងពីឆ្នាំ ១៩៥២ និងមានជំហរទន់ភ្លន់ទៅរករុស្ស៊ី កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ បានរិះគន់សហរដ្ឋអាមេរិក ដែលជាមេរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ចំពោះជំហរលម្អៀង ក្នុងជម្លោះដណ្តើមកាន់កាប់កោះ រវាងតួកគី និងក្រិក។
លោក អេរដូហ្គែន អះអាងពីការប្រព្រឹត្តមិនស្មើភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្តណាតូ ខណៈកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ជំរុញឱ្យភាគីជម្លោះទាំង ២ ដោះស្រាយ ដោយសន្តិវិធី និងគោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក ប៉ុន្តែតួកគីចោទអាមេរិក ពីការលក់អាវុធទៅឱ្យក្រិក ដើម្បីបញ្ជូនទៅកាន់តំបន់ ដែលប្រទាញប្រទង់គ្នានោះ។
លោក អេរដូហ្គែន និយាយក្នុងបទសម្ភាសតាមទូរទស្សន៍ថា សហរដ្ឋអាមេរិក «មិនអាចស្វែងរកសម្ព័ន្ធមិត្តផ្សេងទៀត ដូចជាតួកគីបានទេ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានតួកគី Anadolu។
ប្រធានាធិបតីតួកគីរូបនេះ ដែលជារឿយៗ មិនខ្លាចញញើតសហរដ្ឋអាមេរិក ព្រមទាំងហ៊ានប្រឆាំងជាចំហ ចំពោះគោលបំណងរបស់អាមេរិក ដូចជាការមិនដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ពេលរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន និងប្រឆាំងបេក្ខភាពហ្វាំងឡង់ និងស៊ុយអែត ដែលសុំចូលជាសមាជិករបស់ណាតូជាដើម ដែលអាមេរិកផ្ចុងផ្តើមនោះ អះអាងពី «ភាពមិនច្បាស់លាស់ ក្នុងលក្ខខណ្ឌនៃខ្លឹមសារ និងពេលវេលា» សម្រាប់ការដាក់ទណ្ឌកម្មអាវុធ ចំពោះរដ្ឋបាលតំបន់កោះ ដែលគ្រប់គ្រងដោយក្រិក។
លោកបញ្ជាក់ថា យោងទៅតាមរូបភាពយន្តហោះគ្មានមនុស្សបើក (Drone) មានរថពាសដែក ឈរជើងលើកោះក្រិក ដែលត្រូវបានគេសន្មតថា គ្មានយោធា ដោយពិពណ៌នាថា «មិនអាចទទួលយកបាន»។
លោក Price បាននិយាយថា អាមេរិកផ្តល់ជំនួយផ្នែកសន្តិសុខដល់ដៃគូរបស់ខ្លួន ដើម្បីប្រឈមនឹង «បញ្ហាប្រឈម និងការគំរាមកំហែងរួមគ្នា» ហើយបន្តថា «មានដំណើរការវាយតម្លៃខ្ជាប់ខ្ជួន នៅពេលនិយាយពីការពិនិត្យប្រព័ន្ធសន្តិសុខ ដែលយើងផ្តល់ដល់ប្រទេសណាមួយ ជុំវិញពិភពលោក»។
មន្ត្រីតួកគី បានព្រួយបារម្ភ ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រវាងក្រិក និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជានិន្នាការ ១ ផ្នែកនៃទំនាក់ទំនងតានតឹងរបស់តួកគីជាមួយក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក Erdogan សម្រេចទិញប្រព័ន្ធការពារដែនអាកាស S-400 ពីក្រុងម៉ូស្គូទៀតផង។ នេះបើតាម Financial Times (FT)។
FT រាយការណ៍ថា ក្រិកបានផ្តល់សិទ្ធិឱ្យអាមេរិកចូលទៅមូលដ្ឋានយោធាជាច្រើន និងធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការការពារគ្នាទៅវិញទៅមក នៅឆ្នាំ ២០២១។
តួកគី និងក្រិក ដែលជាសមាជិកអង្គការណាតូដូចគ្នា បានប្រឈមមុខគ្នា ជាច្រើនទសវត្សរ៍ ជុំវិញការទាមទារទឹកដី និងដែនអាកាស នៅក្នុង និងលើសមុទ្រ Aegean។ គូប្រជែងជាប្រវត្តិសាស្ត្រទាំង ២ ជារឿយៗ បង្កើនសង្គ្រាមពាក្យសម្ដីរបស់ពួកគេ ហើយពេលខ្លះក៏ហៀបនឹងផ្ទុះអាវុធដាក់គ្នាទៀតផង៕