ក្រុមហ៊ុនផលិត​រថយន្តដើរ​ដោយ​ថាមពលអគ្គិសនី ​Tesla ​បានចេញផ្សាយ​របាយការណ៍​របស់ខ្លួន​ នៅថ្ងៃ​អាទិត្យ​ ទី ២ ខែតុលា ​ឆ្នាំ ២០២២ ​ដែល​បង្ហាញថា ​ក្រុមហ៊ុននេះ ​លក់រថយន្ត​បាន​ចំនួន ​៣៤៣ ៨៣០ ​គ្រឿង ​ក្នុង​ត្រីមាស​ទី៣ នៃឆ្នាំ ២០២២។ ​ចំនួននេះ ​កើន​ឡើងប្រមាណ ៤២​ ភាគរយ​ បើធៀប​នឹងរយៈ​ពេលដូចគ្នា​កាលពីឆ្នាំ ២០២១​ កន្លង​ទៅ ដែលក្រុមហ៊ុន ​Tesla​ លក់រថយន្ត​បាន​ចំនួន​ ២៤១ ​៣៩១ ​គ្រឿង។

ក្រៅពីកំណើន​នៃ​ការលក់រថយន្ត​ ការផលិតរថយន្ត​របស់​ក្រុមហ៊ុន​ Tesla ​ក៏មានការ​កើនឡើង​ផងដែរ​នៅឆ្នាំ​ ២០២២ នេះ​។ សម្រាប់ឆ្នាំ​ ២០២២ នេះ ​Tesla​ ផលិតរ​ថយន្តបាន​ចំនួន​ ៣៦៥​ ៩២៣ គ្រឿង ​ខណៈការផលិតនៅឆ្នាំ​២០២១ ​មាន​ចំនួន ២៣៧​ ៨២៣ គ្រឿង​។

ក្នុងពេលដែល​ផលិតកម្ម​កើនឡើង ក្រុមហ៊ុន​ផលិតរ​ថយន្តដើរ​ដោយថាមពល​អគ្គិសនី​របស់បុរសខ្លាំង ​Elon ​Musk បានទទួល​ស្គាល់ពី​បញ្ហា​ប្រឈមរបស់​ខ្លួនក្នុង​ការបញ្ជូន​រថយន្តទៅកាន់​អតិថិជន​នៅទូទាំងពិភព​លោក​ដោយសារ​តែការ ឡើងថ្លៃនៃ​តម្លៃដឹកជញ្ជូន ​បណ្ដាលមក​ពី​វិបត្តិថាមពល​សកល។


នៅលើទីផ្សារ​រថយន្តអគ្គិសនី​ Tesla​ គឺជាក្រុមហ៊ុន​មួយដែល​លក់រថយន្តអគ្គិសនី​បានច្រើន​ជាង​ក្រុមហ៊ុនផលិត​រថយន្ត ផ្សេងទៀត​ទាំងអស់​លើលោក ​លើកលែង​តែ​ក្រុមហ៊ុន​របស់ចិន។ ​នាពេលបច្ចុប្បន្ននេះ ​ការលក់រថយន្ត​ដើរ​ ដោយថាម ពលអគ្គិសនី​របស់ចិន​វ៉ាដាច់ក្រុមហ៊ុន​មកពី​បណ្ដាប្រទេស​ដទៃទៀត ​ដោយសារ​តែ​រថយន្តរបស់​ចិនដាក់​លក់​ក្នុង​តម្លៃ សមរម្យជាង។ មិនត្រឹមតែ​ប៉ុណ្ណោះ ទីផ្សារ​នៅក្នុង​ប្រទេសចិន​មាន​ទំហំធំធេង​សម្បើម​ណាស់។​ គ្រាន់តែ​បរិមាណ លក់​រថយន្ត​អគ្គិសនី​នៅក្នុង​ប្រទេសចិន តែ​ ១ មានចំនួន​ច្រើន​ជាង​ការលក់រថយន្ត​អគ្គិសនីនៅ​លើពិភពលោក​រួមបញ្ចូល​គ្នា ទៅ​ទៀត។

គួរកត់​សម្គាល់ថា​​ ការ​ប្រកួតប្រជែង​នៅក្នុងទីផ្សារ​រថយន្ត​អគ្គិសនីនេះ ​ធ្វើឡើងក្នុងពេល​ដែលប្រទេសទាំងអស់​លើ​លោក​កំពុងតែពួត​ដៃគ្នាដាក់​ចេញវិធាន​ការនានា ​ដើម្បីកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ។​ កាលពីចុងខែ​មិថុនា ​ឆ្នាំ ២០២២ គណៈកម្មការអឺរ៉ុបកំណត់​វិធានការហាមឃាត់​រថយន្តដែល​បំពាក់ដោយ​ម៉ាស៊ីន​ប្រើប្រេងសាំង​ប្រេងម៉ាស៊ូត​ និង​រថយន្ត ហាយប្រ៊ីដ (Hybride) ​ចាប់ពីឆ្នាំ ២០៣៥ ​តទៅ ​ហើយគ្រប់រថយន្តផលិត​ថ្មីលក់នៅ​លើ​ទីផ្សារ​អឺរ៉ុបទាំងអស់ ​គឺត្រូវតែ​ជា​រថយន្តអគ្គិសនី​ទាំងស្រុង ១០០%​៕